ភាពយន្ត​ខ្មែរ​ "អេតចាយ"​​ឈ្នះ​ពាន​​មហាជន​​​​នៅ​ Tropfest ​SEA

  • 2015-02-17 18:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ភាពយន្ត​ខ្នាត​ខ្លី​ "The Scavenger” ​ឬ​ "អេតចាយ"​ របស់​​​យុវជន​ឈិន​ សុធា​​​បាន​ក្លាយ​ជា​ជយលាភី​ពាន​​​​មហា​​ជន​​នៅ​​មហោស្រព​ភាពយន្ត​ Tropfest ​​អាស៊ីអាគ្នេយ៍។

 

បើ​តាម​ទំព័រ​ Facebook ​ផ្លូវ​ការ​​របស់​កម្មវិធី​ខាង​លើ​​បង្ហោះ​​​​​ថា ​រឿង​ "The Scavenger” ​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​ ១ ម៉ឺន​សំឡេង​លើ​ភាពយន្ត​ប្រកួតប្រជែង​ទាំង​ ១៥ ​ផ្សេង​ទៀត។ ​ការ​ឈ្នះ​ពាន​រង្វាន់​នេះ​ យុវជន​ សុធា​ទទួល​បាន​កាមេរ៉ា​ Canon EOS 70D ​​មួយ​គ្រឿង ​អម​ដោយ​ទឹក​ប្រាក់​ ៥០០ ​ដុល្លារ។

 
 

រឿង​ "អេតចាយ"​ រៀបរាប់​ពី​ជីវិត​ស្ត្រី​អ្នក​រើស​អេតចាយ​មេម៉ាយ​ម្នាក់​ ដែល​ព្យាយាម​លាក់​បាំង​កូន​ប្រុស​របស់​ខ្លួន​ថា ​ឪពុក​របស់​គេ​នឹង​ត្រឡប់​មក​នៅ​ថ្ងៃ​ណាមួយ ​និង​ទិញ​កង់​ថ្មី​ឲ្យ​គេ​ជិះ​ទៅ​សាលា។ ​​តែ​ថ្ងៃ​មួយ​គ្រប់​យ៉ាង​ត្រូវ​បែក​ការណ៍​ ពេល​កូន​ប្រុស​រក​ឃើញ​បំបែក​កង់​ផ្សេងៗ​គ្នា​ដែល​ម្ដាយ​រូប​នេះ​សន្សំ​ពី​កន្លែង​រើស​សំរាម។

 

​​​​​ភាពយន្ត​​ខ្នាត​ខ្លី​ចំនួន​ ១៦ ​រឿង​របស់​ផលិតករ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ត្រូវ​បាន​ដាក់​ប្រកួត​ប្រជែង ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​​មហាជន​​នេះ ​ដោយ​ក្នុង​នោះ​ភាពយន្ត​កម្ពុជា​មាន​ ៥ ​រឿង។ ​ភាពយន្ត​ខ្នាត​ខ្លី​ទាំង​ ៥ ​រឿង​របស់​កម្ពុជា​នោះ​រួមមាន​រឿង​ "A Fistful of Pebbles”, ​“Colourful Knots”, ​“The Scavenger”, ​“Buble” និង​ "The Ride”។ ​សម្រាប់​រឿង​នេះ​ ភាពយន្ត​ណា​ដែល​ទទួល​បាន​សំឡេង​បោះឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​ពី​​​មហាជន​​​នឹង​ក្លាយ​ជា​ជយលាភី។

 

​​ដោយ​ឡែក​ ​មុន​នេះ​ផលិតករ​ភាពយន្ត​ខ្នាត​​ខ្លី​កម្ពុជា​​ពីរ​រូប​​គឺ​ ​យុវជន​លី ប៉ូឡែន​​ ​និង​ ចាប សំចាន់រិទ្ធ ​បាន​ឈ្នះ​​​​ជយលាភី​លេខ​១ ​និង​លេខ​៣ ពី​មហោស្រព​ភាពយន្ត​ Tropfest South​ East Asia (SEA) ​​ពី​ការ​កាត់​ក្ដី​របស់​​គណៈកម្មការ​ជំនាញដែល​ជា​ពាន​ធំ​នៃ​កម្មវិធី៕

http://youtu.be/iN_sFeuCRgs

អាន៖ Huang Xiaoming ប្ដឹង​មន្ទីរពេទ្យ​ដែល​យក​រូបថត​ស្រាត​​ខ្លួន​ប្រើ​ខុស​ច្បាប់

 

អត្ថបទ៖ ​សីហា

អត្ថបទថ្មី