អំណោយ ៩យ៉ាង នាំសំណាងអាក្រក់ពេលចូលឆ្នាំចិន
- 2015-02-18 17:45:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំណោយ ៩យ៉ាង នាំសំណាងអាក្រក់ពេលចូលឆ្នាំចិន
ចន្លោះមិនឃើញ
ជាទូទៅ ពេលចូលឆ្នាំចិន អ្នកជាប់សែស្រឡាយចិនច្រើនជូនអំណោយទៅញាតិមិត្ត ឬកូនចៅ ដើម្បីទទួលបានហុងស៊ុយ និងលាភសំណាង។ ភាគច្រើនបំផុត គឺការជូនអាំងប៉ាវក្រហមដាក់លុយ ដែលជាទម្លាប់មានច្រើនឆ្នាំមកហើយ ប៉ុន្តែពេលខ្លះក៏មានជូនជាកាដូ ឬរបស់ផ្សេងៗផងដែរ។ យ៉ាងណាមិញ នៅក្នុងជំនឿជនជាតិចិន មិនមែនគ្រប់អំណោយសុទ្ធតែល្អនោះទេ អំណោយខ្លះក៏អាចនាំសំណាងអាក្រក់ដែរ។ ខាងក្រោមនេះ ជាអំណោយ ៩ប្រភេទ គួរចៀសវាងក្នុងពេលចូលឆ្នាំចិន៖
១. របស់មុតស្រួច
ជូនរបស់មុតស្រួចជាអំណោយពេលចូលឆ្នាំចិន មានន័យថាអ្នកចង់កាត់ផ្ដាច់ទំនាក់ទំនងជាមួយអ្នកទទួល ព្រោះរបស់មុតស្រួចជាប្រផ្នូលមិនល្អពេលចូលឆ្នាំថ្មី។ ជនជាតិចិនចាត់ទុកចំណងប្រាស្រ័យទាក់ទងគ្នាជារឿងសំខាន់ ជាពិសេសពួកគេមានញាតិមិត្តរាប់អានច្រើន ដូចនេះហើយទើបពួកគេខ្លាចការប្រេះស្រាំគ្នាណាស់។
២. ចំនួន៤
នៅក្នុងភាសាចិន លេខបួន(四 sì /srr/) មានសំឡេងស្រដៀងគ្នាទៅនឹងពាក្យស្លាប់(死 sǐ) ដែលជាប្រផ្នូលមិនល្អ។ ហេតុដូច្នេះហើយ ទើបអ្វីៗដែលជាប់ពាក់ព័ន្ធនឹងលេខបួន ត្រូវគេចាត់ទុកថាអាចនាំសំណាងអាក្រក់។ នៅអគារ ឬសណ្ឋាគារខ្លះក្នុងប្រទេសចិន ពុំមានជាន់ទីបួនទេ ហើយជាទូទៅ លេខ៨ ត្រូវគេប្រើដាក់មុខលេខ៤ សម្រាប់សំគាល់បន្ទប់ជាន់ទី៤។ សរុបមកវិញ នៅក្នុងពេលចូលឆ្នាំចិន មិនគួរជូនរបស់អ្វីដែលស្មើនឹងបួនទេ ព្រោះអ្នកទទួលអាចគិតថានាំសំណាងអាក្រក់ដល់ពួកគេ។
៣. ស្បែកជើង
ស្បែកជើងក៏ជាអំណោយមិនល្អសម្រាប់ចូលឆ្នាំចិនដែរ ព្រោះនៅក្នុងភាសាចិន ពាក្យស្បែកជើង (鞋 xié /syeah/) មានសំឡេងស្រដៀងនឹងពាក្យសំណាងអាក្រក់ ឬបិសាច(邪 xié)។ ម្យ៉ាងវិញទៀត ស្បែកជើងគឺរបស់ដែលយើងជាន់ពីលើរាល់ថ្ងៃ ដូចនេះគួរចៀសវាងអំណោយប្រភេទនេះ បើទោះក្នុងតម្លៃណាក៏ដោយ។
៤. កន្សែង
នៅប្រទេសចិន ភាគច្រើនគេជូនកន្សែងដៃ នៅពេលចប់ពិធីបុណ្យសព ដែលជាសញ្ញានៃពាក្យថាលាគ្មានថ្ងៃត្រលប់ ហើយវាក៏បង្ហាញពីទុក្ខសោករងទឹកភ្នែកផងដែរ។ ជូនកន្សែងដៃដល់នរណាម្នាក់ មានន័យថា អ្នកចង់បែកពីគេរហូត និងកាត់ផ្ដាច់រាល់ទំនាក់ទំនងទាំងឡាយ។
៥. នាឡិកា
នៅក្នុងភាសាចិន និយាយថា "ជូននាឡិកា" (送钟 sòng zhōng /song jong/) មានសំឡេងស្រដៀងនឹងពាក្យ "ចូលរួមពិធីបុណ្យសព" (送终 sòng zhōng) ដូចនេះហើយ ទើបអំណោយប្រភេទនេះ ត្រូវគេចាត់ទុកថានាំសំណាងអាក្រក់។ ម្យ៉ាងវិញទៀត នាឡិកាតំណាងឲ្យពេលវេលាដែលចេះតែដើរទៅមុខប្រៀបដូចមិត្តភាព ពេលនាឡិកាឈប់ដើរ មិត្តភាពក៏បញ្ចប់ទៅតាមនោះដែរ។
៦. ផ្លែសារី(Pear)
ផ្លែឈើពិតជាជំនូនដ៏ល្អមួយ ប៉ុន្តែផ្លែសារី(Pear) ត្រូវគេលើកលែង មិនធ្វើជាអំណោយឡើយ។ មូលហេតុ ដោយសារនៅក្នុងភាសាចិន ផ្លែសារី (Pear = 梨 lí /lee/) មានសំឡេងស្រដៀងនឹងពាក្យចាកចេញ (离 lí)។
៧. ឆត្រ ឆត្រគឺជាអំណោយមិនល្អឡើយ សម្រាប់ជាកាដូឆ្នាំចិន ព្រោះនៅក្នុងភាសាចិន ពាក្យឆត្រ (伞 sǎn /san/) មានសំឡេងស្រដៀងនឹងពាក្យបែកគ្នា (散 sàn)។ ជូនឆត្រដល់នរណាម្នាក់ ពេលចូលឆ្នាំចិន មានន័យថាទំនាក់ទំនងរវាងអ្នកនិងគេ ចាប់ផ្ដើមឃ្លាតឆ្ងាយពីគ្នា។
៨. ពណ៌ស និងពណ៌ខ្មៅ
ពណ៌ស និងពណ៌ខ្មៅ ភាគច្រើនគេប្រើនៅក្នុងពិធីបុណ្យសព ដូច្នេះគួរចៀសវាងអំណោយ ឬការខ្ចប់អំណោយជាមួយក្រដាសពណ៌នេះ ព្រោះវាអាចនាំសំណាងអាក្រក់។ ចំណែកពណ៌ក្រហមវិញ ល្អបំផុត ដូចនេះគួរជូនអំណោយ ឬខ្ចប់អំណោយជាមួយពណ៌ក្រហម ដើម្បីនាំសំណាង និងហុងស៊ុយពេលចូលឆ្នាំ។
៩. កញ្ចក់
កញ្ចក់ជាអំណោយដែលមនុស្សជាច្រើនគិតថាអាក្រក់បំផុត មិនថានៅចិនទេ សូម្បីប្រទេសនានានៅអាស៊ីក៏មានគំនិតបែបនេះដែរ។ មនុស្សភាគច្រើនគិតថា កញ្ចក់ជាវត្ថុទាក់ទាញខ្មោចព្រាយបិសាច និងងាយបាក់បែកបំផុត។
ចុចអាន៖ អាំងប៉ាវជូនគ្នាចូលឆ្នាំចិន គួរដាក់លុយប៉ុន្មានមានហុងស៊ុយ?
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ chinahighlights