ចាប់​បាច់​ផ្កា​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​បាន៤៦​ដង នៅ​តែ​មិន​ទាន់​មាន​គូ

  • 2015-02-19 21:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន​នេះ ភាគ​ច្រើនមាន​ការ​បោះ​បាច់​ផ្កា​ពី​កូន​កំលោះ​ក្រមុំ ឲ្យ​អ្នក​ចូល​រួម​ចាប់​ដើម្បី​ឆាប់​មាន​គូព្រេង​ដូច​ពួក​គេ ប៉ុន្តែ​នារី​ម្នាក់​នៅ​ប្រទេស​សហរដ្ឋអាមេរិក ចាប់​បាន​បាច់​ផ្កា​​​ ៤៦​លើក​ទៅ​ហើយ នៅ​តែ​មិន​ទាន់​បាន​រៀបការ​ទៀត។

 

 

នាង Jamie Jackson បច្ចុប្បន្ន​​នេះ​មាន​វ័យ ៣៧​ឆ្នាំ​ហើយ និង​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​ជិត ១០០​ដង។ ពេល​ចូលរួម​ ភាគ​ច្រើន​នាង​ចាប់​បាន​បាច់​ផ្កា​ដែល​កូន​កំលោះ​ក្រមុំ​​បោះ​ចេញ​ពី​ដៃ ហើយ​ចាប់​បាន​លើក​ទី​មួយ​កាល​ពី​ឆ្នាំ១៩៩៦។ នាង Jackson បាន​និយាយ​ថា​ នាង​មាន​គម្រោង​ចាប់​បាច់​ផ្កា​គ្រប់​ពេល​ដែល​គេ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ហើយ​សង្ឃឹម​ថា​នឹង​បំបែក​កំណត់​ត្រា​ពិភពលោក ខណៈ​កំណត់​ត្រា​បច្ចុប្បន្ន​មាន​ចាប់​បាន​ត្រឹម ១១​បាច់​ប៉ុណ្ណោះ។

នាង Jackson បាន​និយាយ​ប្រាប់​សារព័ត៌មាន KSL ថា យុទ្ធសាស្ត្រ​ដើម្បី​ចាប់​បាន​បាច់​ផ្កា​របស់​នាង គឺ​ទៅ​ឈរ​ពី​មុខ​គេ ព្រោះ​ភាគ​ច្រើន​កូនកំលោះ​និង​កូន​ក្រមុំ​មិន​អាច​បោះ​បាន​ឆ្ងាយ​ទេ។ នារី​ឯកា​នេះ បាន​ចាត់​ទុក​ការ​ចាប់​បាច់​ផ្កា​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ជា​កីឡា​របស់​ខ្លួន​ទៅ​ហើយ។ នាង​បាន​បញ្ជាក់​ថា កាល​ពី​ឆ្នាំ២០០៤ នារី​ម្នាក់​ឈ្មោះStephanie នៅ​រដ្ឋ Pennsylvania បាន​បំបែក​កំណត់​ត្រា​ពិភពលោក ជា​អ្នក​ចាប់​បាន​បាច់​ផ្កា​ច្រើន​បំផុត​ចំនួន ១១​បាច់។ ពេល​នោះ​នាង​មាន​អារម្មណ៍​ថា​ភ្ញាក់​ខ្លួន​យ៉ាង​ខ្លាំង ព្រោះ​នាង​ចាប់​បាន​ដល់​ទៅ ៣៥​បាច់​ឯណោះ ដូច​នេះ​នាង​គួរ​តែ​ជា​អ្នក​កាន់​កាប់​កំណត់​ត្រា។ ​

 

ក្រោយ​មក​ នៅ​ខែ​សីហា ឆ្នាំ​២០១៤ នាង Jackson ដែល​រស់នៅ​ក្រុង Salt Lake សហរដ្ឋអាមេរិក បាន​ស្នើ​ឲ្យ​គេ​ចុះឈ្មោះ​ខ្លួន​ទៅ​ក្នុង​បញ្ជី​កំណត់ត្រា​ពិភពលោក​របស់​ស្ថាប័ន Guinness ដោយ​ចំនួន​បាច់​ផ្កា​ដែល​នាង​ចាប់​បាន​កើន​ឡើង​ដល់ ៤៦​បាច់។ នាង​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​គូស្នេហ៍​ដែល​នាង​ចាប់​បាច់​ផ្កា​បាន​ទាំង៤៦ គូ មាន ២​គូ​ប៉ុណ្ណោះ ដែល​លែង​លះ​គ្នា​វិញ។ នាង​សង្ឃឹម​ថា រហូត​ដល់​ពេល​បំបែក​កំណត់ត្រា នាង​នឹង​ចាប់​បាន​ផ្កា ៤​បាច់​ទៀត ដើម្បី​បង្គ្រប់ ៥០​បាច់៕

 

ចុចអាន៖ ១០​ឆ្នាំ បរិច្ចាគ​ឈាម ១៤៧​ដង ជួយ​​​ជីវិត​ភរិយា​ជា​ទី​ស្រលាញ់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Mirror​