តារា​ខ្មែរ​ ៦ នាក់ គ្រោង​ចេញ​ទៅ​ច្រៀង​​នៅ​អាមេរិក​

  • 2015-02-20 17:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​​ កំប្លែង​ចំនួន ៦ រូប​ រួម​មាន នាយ ប្លាក​ទិន នាយ​ក្រិន អ្នក​នាង ​ប្រិមប្រិយ អ្នក​នាង យ៉ុង ចន្ទ័សុធារី អ្នក​នាង អៀង ម៉ាឡា និង លោក ប្រាក់ អរុណ គ្រោង​នឹង​ចេញ​ទៅ​ច្រៀង លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក នៅ​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក ជាង លីម ប្រធាន​ក្រុមហ៊ុន Khmer Entertainment of America,Inc ដែល​ជា​អ្នក​ធានា តារា​ចម្រៀង​ទាំង ៦ ខាង​លើ​ចេញ​ទៅ។

 

 

 

លោក ជាង លីម បាន​ប្រាប់​ Sabay តាម​រយៈ​ទូរសព្ទ​កាល​ពី​ម្សិល​មិញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​របស់​លោក សម្រេច​យក​តារា​ចម្រៀង​ និង​ កំប្លែង​ទាំង ៦ នាក់​ ខាង​លើ ក៏​ព្រោះ​តែ​ក្រុមហ៊ុន​របស់​លោក​បាន​ពិនិត្យ​ឃើញ​ថា អ្នក​ទាំង ៦ នាក់​នេះ ​កំពុងតែ​មាន​ប្រជាប្រិយភាព​​​ខ្លាំង សម្រាប់​បងប្អូន​ខ្មែរ​រស់នៅ​លើ​ទឹក​ដី​អាមេរិក ដោយ​​ពួក​គាត់​ចង់​ឃើញ​អ្នក​ទាំង ​៦ នាក់​នេះ​ ទៅ​ច្រៀង​ឲ្យ​ស្ដាប់​ខ្លាំង​ណាស់។

 

លោក​បាន​បន្ត​ថា តាម​គម្រោង​ក្រុមហ៊ុន​របស់​លោក​គ្រោង​​ធានា​អ្នក​ទាំង ៦ នាក់​នេះ ​ចេញ​ទៅ​នៅ អំឡុង​ចុង​ខែ មិនា ឬ ដើម​ខែ មេសា ខាង​​មុខ​នេះ ដើម្បី​ច្រៀង​​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ ដោយ​​មាន​រយៈ​ពេល​ពី​ ៣ ទៅ ៦ ខែ ទៅ​តាម​សន្ទុះ​នៃ​ការគាំទ្រ របស់​ពួក​គេ។

 

ប្រធាន​ក្រុម​ហ៊ុន​រូប​នេះ មិន​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន​តែ​តារា​ចម្រៀង​នីមួយៗ​ទទួល​បាន​ឡើយ ដោយ​លោក​សូម​រក្សា​សិទ្ធិមិន​និយាយ។ បច្ចុប្បន្ន​ឯកសារ​គ្រប់​បែប​យ៉ាង ​មេធាវី​រៀបចំ​ដាក់​ចូល​ស្ថានទូត​ហើយ រង់​ចាំ​តែ​ថ្ងៃ​ចូល​សម្ភាសន៍​ប៉ុណ្ណោះ។

 

តាម​ការ​បញ្ជាក់​ពី​ លោក ជាង លីម បច្ចុប្បន្ន​លោក​បាន​ឲ្យ​តារា​ចម្រៀង​ទាំង ​៦ នាក់​ខាង​លើ ហាត់​សម​ឲ្យ​បាន​ច្រើន​មុន​នឹង​ចេញ​ទៅ នៅ​បទ​​រាំ​វង្ស រាំ​ក្បាច់ សារ៉ាវ៉ាន់ ជា​ដើម ដើម្បី​ច្រៀង បម្រើ​​អារម្មណ៍​បងប្អូន​ខ្មែរ​នៅ​​ទី​នោះ ។

 

ចំពោះ​ថា តើ​អាច​ចេញ​​ទៅ​បាន​ដូច​បំណង​ឬ​យ៉ាង​ណា​?  លោក ជាង លីម មិន​មាន​ការ​បារម្ភ​ឡើយ  ដោយ​លោក​បាន​លើក​ឡើង​ថា ក្រុមហ៊ុន Khmer Entertainment of America,Inc ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៥ ​មក ធ្លាប់​បាន​ធានា​តារា​ចម្រៀង​ទៅ​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​ច្រើន​លើក​ណាស់ មិន​ដែល​មាន​បញ្ហា​ឡើយ។ លោក​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ដែល​ធ្លាប់​​ធានា​ទៅ​ច្រៀង​កន្លង​ទៅ មាន​ដូច​ជា លោក ឆន សុវណ្ណារាជ កញ្ញា សុគន្ធ និសា អ្នក​នាង ឈួន សុវណ្ណឆៃ អ្នក​នាង ឈួន ស្រីម៉ៅ អ្នក​នាង​ទូច ស្រី លក្ខណ ​ជា​ដើម។

 

ជាង លីម  បាន​អះ​អាង​ជា​ចុង​ក្រោយ​ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា តារា​ទាំង ៦ នាក់ ​ខាង​លើ  ច្បាស់​ជា​បាន​ចេញ​ទៅ​ឆាប់ៗ​នេះ តាម​ការ​គ្រោង​ទុក ជាក់​ជា​មិន​ខាន ព្រោះ​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​​កំពុងតែ​ទន្ទឹង​រង់ចាំ ។

 

 

 

អានអត្ថបទ៖ សូរ្យ អេណា សង្វេគ​ខ្លាំង ពេល​ឃើញ​ស្ថានភាព​គ្រួសារ​ពូម៉ៅ អានអត្ថបទ៖ តោះ!…មើល​តារា​ស្រី​ស្អាតៗ​ស្លៀកពាក់​បែប​ប្រពៃណី​ចិន

 

អត្ថបទ៖ ខុត សីហា