ឆន សុវណ្ណរាជ ​ថា​ការ​សេង​ហាង​កាត់​​ដេរ មិន​ពាក់​ព័ន្ធ​ជន​ឆបោក​ទេ

  • 2015-02-20 17:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆន សុវណ្ណរាជ និយាយ​ថា ​ការ​សេង​​ហាង​កាត់​សំលៀកបំពាក់​ស្ថិត​​នៅ​ផ្លូវ​ឧកញ៉ា ទេព​ផន មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជន​​​សង្ស័យ​ម្នាក់​យក​ឈ្មោះ​របស់​លោក ឆបោក​ទូរសព្ទ ពី​ហាង​ រ៉ាយុទ្ធ​ឡើយ គឺ​មក​ពី​ផុត​កុងត្រា។

 

តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម រស្មី​ហង្ស​មាស ឆន សុវណ្ណរាជ ប្រាប់​ថា៖ "ហាង​ ឆន សុវណ្ណរាជ កាត់​ដេរ​ហ្នឹង​ ខ្ញុំ​សេង​ឱ្យ​មេ​ជាង​របស់​ខ្ញុំ​ជាង​ ៤ ​ខែ​ មក​ហើយ។ ការ​សេង​នេះ ​មិន​ពាក់ព័ន្ធ រឿង​​គេ​យក​ឈ្មោះ​ខ្ញុំ​ទៅ​បោក​ប្រាស់​ទិញ​ទូរសព្ទ​ពី ​ហាង​ រ៉ាយុទ្ធ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ​ទេ"។

 

លោក​បាន​បន្ត​ថា​ ការ​សម្រេចចិត្ត សេង​ហាង​កាត់​​ដេរ​ឱ្យ​មេជាង​របស់​ខ្លួន គឺ​មក​ពី​កុងត្រា​ជួល​ផ្ទះ​រយៈ​ពេល​ជាង ៤​ ឆ្នាំ​ ត្រូវ​ផុត​កំណត់។ ម្យ៉ាង​ទៀត​ដោយសារ​តែ​ការងារ​ក្នុង​សិល្បៈ​រវល់​ខ្លាំង​ពេក​មិន​មាន​ពេល​​គ្រប់គ្រាន់​មើល​ការ​ខុស​​ត្រូវ ក៏​ដូច​ជា​បង​ស្រី​របស់​ខ្លួន​ចេញ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ដូច្នេះ​ហើយ ទើប​លោក​​សម្រេចចិត្ត​សេង​ហាង​នេះ​តែ​ម្ដង។

 

ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​ ឆន សុវណ្ណរាជ អះអាង​ថា​ ហាង​កាត់​ដេរ​ស្ថិត​នៅ​បណ្ដោយ​ផ្លូវ ឧកញ៉ា ទេព​ផន នៅ​តែ​បន្ត​ប្រើ​ឈ្មោះ​របស់​ខ្លួន​ដដែល មិន​ទាន់​ទម្លាក់​ចេញ​ទេ។ នេះ​ដោយសារ​តែ​មេជាង​ដែល​ជា​អ្នក​សេង​ហាង​ស្នើ​សុំ​ដាក់​បន្ត ដោយ​មិន​ទាន់​ធ្វើ​​ឈ្មោះ​ថ្មី​រួច​រាល់។

 

ឆន សុវណ្ណរាជ ចូលរួម​ប្រគំតន្ត្រី​សិល្បៈ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ

 

ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​រឿង​គេ​យក​ឈ្មោះ​​របស់​ខ្លួន​ទៅ​ប្រើ​ដើម្បី​បោក​ប្រាស់​អ្នក​ដទៃ Coach របស់​កម្មវិធី The Voice Cambodia លើក​ឡើង​ថា​ លោក​​មិន​បាន​ដឹង​រឿង​អ្វី​ឡើយ។

 

លោក​បញ្ជាក់​ដូច្នេះ​ថា៖ "ឈ្មោះ​ សំណាង ជា​អ្នក​ឆបោក​ទូរសព្ទ​ពី​ហាង រ៉ាយុទ្ធ ហ្នឹង​​ជា​អ្នក​ស្គាល់​គ្នា​ធម្មតា​ទេ ព្រោះ​បង​ស្រី​របស់​គាត់​ធ្លាប់​ចូល​ហ៊ុន​ជា​មួយ​ខ្ញុំ តែ​ពេល​នេះ​លែង​មាន​អ្វី​ពាក់ព័ន្ធ​នឹង​គ្នា​ទៀត​ហើយ។ ខ្ញុំ​មិន​នឹក​ស្មាន​​គេ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ​ដើម្បី​ឆបោក​គេ​ដូច្នេះ​សោះ ទើបតែ​ម្ចាស់​ហាង ​call មក​ បាន​ខ្ញុំ​ដឹង"។

 

តារា​ចម្រៀង​ល្បី​ឈ្មោះ​មាន​ប្រភព​ចេញ​ពី​ខេត្ត កំពង់​ស្ពឺ​ រូប​នេះ ស្នើ​ឱ្យ​មហាជន​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជន​ឆបោក​មួយ​ចំនួន​ចូលចិត្ត​យក​ឈ្មោះ​តារា​ចម្រៀង ឬ​អ្នក​មាន​មុខមាត់​ក្នុង​សង្គម​យក​ទៅ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​និយាយ​ថា​ ប្រសិន​បើ​​មាន​បញ្ហា​ដូច្នេះ​កើត​ឡើង ត្រូវ​ចេះ​​ call សួរ​នាំ​ម្ចាស់​ដើម ឬ​គួរ​កុំ​ទុក​ចិត្ត​មុន​នឹង​ជឿជាក់​លើ​នរណា​ម្នាក់​ដែល​យក​ឈ្មោះ​អ្នក​ដទៃ​ទៅ​ប្រើប្រាស់។

 

ពាក់ព័ន្ធ​នឹង​​រឿង​ឆបោក​​ទូរសព្ទ​ iPhone 6 និង Samsung Galaxy Note មាន​តម្លៃ​ជាង ១២០០​ ដុល្លារ ដែល​ឈ្មោះ​សំណាង បាន​​យក​ឈ្មោះ ឆន សុវណ្ណរាជ​ ទៅ​ប្រើប្រាស់​នោះ ​លោក គង់ សុខឡេង ត្រូវ​ជា​បង​ប្រុស​ម្ចាស់​ហាង​លក់​ទូរសព្ទ រ៉ាយុទ្ធ ប្រាប់​ថា​ ជន​ឆបោក​រូប​នេះ​ បាន​មក​ទិញ​ទូរសព្ទ​ពី​ហាង​ប្អូន​ប្រុស​របស់​ខ្លួន ដោយ​និយាយ​ថា​ ជំពាក់​សិន ហើយ​ចាំ​ទៅ​យក​លុយ​នៅ​ហាង ឆន សុវណ្ណរាជ​កាត់​ដេរ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ ឧកញ៉ា ទេព​ផន ព្រោះ​គេ​ជា​អ្នក​មាន​ភាគហ៊ុន​​ក្នុង​ហាង​ជា​មួយ​តារា​ចម្រៀង​ខាង​លើ។

 

លោក​ប្រាប់​បន្ត​ថា ប្អូន​ប្រុស​របស់​ខ្លួន​ក៏​ទុក​ចិត្ត​នៅ​ពេល​លឺ​ឈ្មោះ ឆន សុវណ្ណរាជ ព្រោះ​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក ហើយ​ក៏​ព្រម​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ជន​ឆបោក​ដល់​ហាង​កាត់​សំលៀកបំពាក់​ខាង​លើ។ ជន​សង្ស័យ​រូប​នេះ បាន​​ប្រាប់​ឱ្យ​អ្នក​ចាំ​យក​លុយ​រង​ចាំ​ខាង​ក្រៅ គេ​ទៅ​ក្នុង​ហាង​ដើម្បី​យក​លុយ​មក​ឱ្យ។

 

ក៏ប៉ុន្តែ​រង់ចាំ​មួយ​ទៅ​ពីរ​ម៉ោង​មិន​ឃើញ​ចេញ​មក​ក្រៅ​អ្នក​​ទៅ​យក​លុយ​ក៏​ចូល​ទៅ​ក្នុង​ហាង​ដើម្បី​សួរ​នាំ តែ​ត្រូវ​កូន​ជាង​ម្ចាស់​ប្រាប់ បុរស​ឈ្មោះ សំណាង ចេញ​ផ្លូវ​ក្រោយ​បាត់​ទៅ​ហើយ។ ប្អូន​ប្រុស​របស់​លោក​ក៏​ call​ សួរ​ ឆន សុវណ្ណរាជ ទើប​ដឹង​ថា​​ ជន​នេះ​ធ្លាប់​បោក​ប្រាស់​គេ​ច្រើន​មក​ហើយ។

 

​ជន​ជាប់​សង្ស័យ​ឈ្មោះ សំណាង មិន​អាច​ទាក់ទង​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ ក៏ប៉ុន្តែ​ លោក គង់ សុខ​ឡេង អះអាង​ថា ​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​រួច​រាល់​អស់​ហើយ។

 

ឆន សុវណ្ណរាជ នៅ​មិនទាន់​រក​ទីតាំង​ដើម្បី​បើក​ហាង​កាត់​សំលៀកបំពាក់​​ឡើង​វិញ​បាន​នៅ​ឡើយ​ទេ ក្រោយ​ហាង​កាត់​ដេរ​របស់​លោក​ផុត​កុងត្រា។ លោក​​ ឆន សុវណ្ណរាជ តារា​ចម្រៀង​មក​ពី​ផលិត​កម្ម​ហង្សមាស​ គឺជា Coach នៅ​ក្នុង​កម្មវិធិ​ The Voice Cambodia ហើយ​កូន​ក្រុម​របស់​លោក​​ គឺ ប៊ុត សីហា បាន​ក្លាយ​ជា​ជយលាភី​​នៅ​ក្នុង​កម្មវិធិ​នេះ៕​

 

 

អានអត្ថបទបន្ត៖ អ្នក​ដឹក​នាំ​រឿង ដែល​មាន​ប្រវត្តិ​ហុត​ទឹក​គុយទាវ​សល់​ពី​គេ

អានអត្ថបទបន្ត៖ នេះ​នែ!…៥ ​សន្លឹក​​ ដៃ​ខាង​ស្ដាំ ឆាយ វីរៈយុទ្ធ ពិត​ជា​ប្លែក​ក្នុង​ឆ្នាំ​ ២០១៥

អានអត្ថបទបន្ត៖ ថ្មី​ទៀត…! ពី​តារា​ល្បី​ៗ​ខ្មែរ​ជាប់​ខ្សែ​ចិន

 

 

 

អត្ថបទ៖ អ៊ីង សុឡា