មើលវីដេអូនេះហើយ ទើបដឹងថារស់បែកពីម្ដាយមានអារម្មណ៍យ៉ាងណា
- 2015-02-24 22:20:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូនេះហើយ ទើបដឹងថារស់បែកពីម្ដាយមានអារម្មណ៍យ៉ាងណា
ចន្លោះមិនឃើញ
គ្មានទីណាប្រសើរជាងផ្ទះខ្លួនឯងទេ ទោះបីលំបាកក្រខ្សត់ តែនៅមានម្ដាយឪពុកដែលអាចផ្ដល់ភាពកក់ក្ដៅគ្រប់ពេលវេលា។ យ៉ាងណាមិញ ជីវិតតែងមានការផ្លាស់ប្ដូរ មិនអាចនៅមួយកន្លែងដោយគ្មានការវិវឌ្ឍន៍ទៅមុខនោះទេ។ ពីតូចត្រូវបែកពីម្ដាយឪពុកចូលសាលារៀន និងអាចជួបជុំគ្នាវិញពេលទទួលទានអាហារ ប៉ុន្តែពេលអាយុកាន់តែច្រើន ក៏ត្រូវឃ្លាតឆ្ងាយម្ដងបន្តិចៗដើម្បីស្វែងរកវិថីជីវិតដោយខ្លួនឯង។
ចប់វិទ្យាល័យ ត្រូវចូលរៀនកម្រិតឧត្ដមដែលអាចនៅឆ្ងាយ ឬបន្តដល់ទីក្រុងចាកចោលកន្លែងរស់នៅក្រោមដំបូលផ្ទះតែមួយ។ ចំណែកឯមួយចំនួនទៀត ត្រូវបែកពីម្ដាយឪពុកស្វែងរកការងារធ្វើ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងត្រួសត្រាយមាគ៌ាអនាគតដ៏វែងឆ្ងាយផងដែរ។ អារម្មណ៍បែបនេះ សម្រាប់មនុស្សមួយចំនួនពិតជាពិបាកទ្រាំណាស់នៅពេលដំបូង ជាពិសេសអ្នកដែលឈានជើងចេញពីប្រទេសកំណើតរបស់ខ្លួន រីឯឪពុកម្ដាយក៏នឹករលឹកមិនធម្មតាដែរ។
ដើម្បីបញ្ជាក់ពីអារម្មណ៍ទាំងនេះ ក្រុមហ៊ុនធានារ៉ាប់រងមួយនៅប្រទេសកូរ៉េបានបង្កើតវីដេអូ បង្ហាញពីទឹកចិត្តម្ដាយកូនពេលបែកគ្នា និងរស់នៅប្រទេសពីរផ្សេងគ្នា មើលទៅគួររំជួលចិត្តយ៉ាងខ្លាំង។ ដំបូងគេបានសម្ភាសកូននៅប្រទេសអូស្ត្រាលីដែលជាកន្លែងបំពេញការងារ និងសម្ភាសម្ដាយនៅកូរ៉េជាមាតុប្រទេស។ ទាំងកូន និងម្ដាយសុទ្ធតែបានបង្ហាញពីអារម្មណ៍នឹករលឹកគ្នាទៅវិញទៅមក ជាពិសេសនឹកដល់ពេលទទួលទានអាហារជុំគ្នា រហូតអួលដើមកសម្រក់ទឹកភ្នែករៀងៗខ្លួន។
ម្ដាយនឹកកូនដែលតែងឃើញមុខបង្កភាពបរិយាកាសសប្បាយរីករាយរាល់ថ្ងៃ ចំណែកឯកូននឹកអាហារដែលម្ដាយធ្វើឲ្យញ៉ាំជុំគ្នា។ ទៅដល់ប្រទេសអូស្ត្រាលី មិនដូចប្រទេសកំណើត មិនអាចស្វែងរកអាហារដូចខ្លួនធ្លាប់ទទួលទាន រឹតតែនឹកគិតសង្វេគខ្លួន។ ក្រោយមក ក្រុមហ៊ុននេះបានរៀបចំឲ្យជួបគ្នាដោយសម្ងាត់ មិនបង្ហាញប្រាប់ជាមុន។
ម្ដាយត្រូវគេជូនដល់ប្រទេសអូស្ត្រាលី ដោយនាំយកទាំងចានបាយ ស្លាបព្រាពីផ្ទះទៅជាមួយ និងធ្វើម្ហូបកូនធ្លាប់ចូលចិត្តញ៉ាំទុកជាមុន។ បន្ទាប់មក ពេលកូនចូលហាងទទួលទានអាហារបែរជាមានអារម្មណ៍ថាអ្វីៗសុទ្ធតែខ្លួនធ្លាប់ឃើញ រួមទាំងរសជាតិអាហារហាក់មិនខុសគ្នាពីផ្ទះរបស់ខ្លួន។ ភ្លាមៗនោះ ម្ដាយក៏បង្ហាញខ្លួន ធ្វើឲ្យកូនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងឱបគ្នាយំប្រកបដោយក្ដីនឹករលឹក...។
ចង់ដឹងថាក្ដីនឹករលឹកនោះមានទំហំប៉ុនណា សូមទស្សនាវីដេអូខាងក្រោម៖
http://youtu.be/qhxUUXyocCU
ចុចអាន៖ មើលវីដេអូនេះ ទើបដឹងថាការជួបជុំមានតម្លៃយ៉ាងណាសម្រាប់ឪពុកម្តាយ
ដោយ៖ គង់ វិសាល