អាចនឹងផ្ទុះ ៦បទ នាយក្រូច នៅសាន់ដេ
- 2015-02-25 16:30:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចនឹងផ្ទុះ ៦បទ នាយក្រូច នៅសាន់ដេ
ចន្លោះមិនឃើញ
នៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ផលិតកម្ម សាន់ដេ បានរៀបចំបទចម្រៀង ៦ បទ ឲ្យនាយក្រូច ដោយបទទាំងនោះ តារាកំប្លែងរូបនេះ សង្ឃឹមថា នឹងអាចលើកមុខលើកមាត់នាយបន្ថែមទៀតពីលើអាជីពជាតារាកំប្លែង។
http://youtu.be/3bmpxaZBhFs
ទាំង ៦ បទ ដែលនាយក្រូចត្រៀមចេញក្នុងពេលចូលឆ្នាំថ្មីខាងមុខ បានថត MV ហើយ កាលពីម្សិលមិញ ដែលធ្វើឡើងនៅស្ទូឌីយោថតភាពយន្ត របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ស្ថិតក្នុងទីរួមខេត្តកំពង់ស្ពឺ ។ ក្រូច មិនបានចាំឈ្មោះបទចម្រៀងទាំង ៦ បទ ដែលនាយច្រៀងឡើយ តែនាយបានចាំតែ ៣ បទ ប៉ុណ្ណោះ មានបទ អស់អាលីងហ្មង, ទៅវត្តអស់ស្នែង និង បទ បើអញ្ចឹងមែននោះ។ តារាកំប្លែងបានលើកឡើងថា បទទាំងនោះ ជាប្រភេទបទកន្ទ្រឹម តាលុង និង រាំវង់ ដោយនៅក្នុងនោះមាន នាយ មានច្រៀងឆ្លើយឆ្លង ជាមួយ ស្រីអ៊ិត នាយចឺម លោក ខាន់ ជេមស៏ និង កញ្ញា អ៊ីវ៉ា។
តារាកំប្លែងមានកំណើតមកពីខេត្ត កំពង់ស្ពឺ នៅមិនទាន់ហ៊ានសន្និដ្ឋានមុនថា បទចម្រៀងរបស់ខ្លួន អាចនឹងទទួលបានការគាំទ្រកម្រិតណាឡើយ ដោយនាយរង់ចាំមើលចេញលក់លើទីផ្សារសិន តែនាយថា បទទាំងនោះអាចលើកមុខលើកមាត់នាយបន្ថែមទៀតលើអាជីពជាតារាកំប្លែង។
ការមកចាប់អាជីពជាតារាចម្រៀងបន្ថែមលើ អាជីពជាតារាកំប្លែង គឺជា បំណងប្រថ្នា របស់នាយក្រូច តាំងតែពីមុននាយក្លាយជាតារាកំប្លែង។ នៅមុននាយ ក្រូចក្លាយជា តារាកំប្លែងនៅ CTN ក្រូច គឺជា អ្នកចម្រៀង ច្រៀងនៅតាមពិធីមង្គលការជាច្រើនឆ្នាំមកហើយ។
ក្រូចបានប្រាប់ទៀតថា នាយ និង ស្រីអ៊ិត បានចុះកុងត្រា ៣ ឆ្នាំ ជាមួយផលិតកម្ម សាន់ដេ។
លោក ឡាយ សុខហុក ចាងហ្វាងផលិតកម្មសាន់ដេ បានប្រាប់ Sabay ថា មិនមែនមានតែបទចម្រៀងសម្រាប់រដូវចូលឆ្នាំឡើយ ផលិតកម្មរបស់លោក មានគម្រោងផលិតបទចម្រៀងក្រុមកំប្លែង មកពី CTN នេះ ជាច្រើនទៀត ដើម្បីវាយលុកនៅលើទីផ្សារ។ លោកបាននិយាយដោយខ្លីថា ផលិតកម្មរបស់លោក មិនយកក្រុមមួយនេះ មកបោះបង់ចោលឡើយ ព្រោះពួកគេ មានសក្ដានុពលទៅថ្ងៃអនាគត៕
អានអត្ថបទ៖ Diamond Music ត្រៀមចេញ៣អាល់ប៊ុម សង្ឃឹមពង្រីកទីផ្សារក្នុងរដូវចូលឆ្នាំ អានអត្ថបទ៖ អុញ...ឆាយ វីរៈយុទ្ធ គិតម៉េចបើរលកក្រោយច្រៀងយ៉ាងហ្នឹងៗ!
អត្ថបទ៖ ខុត សីហា