អ្នក​ជំនាញ៖ MH370 ត្រូវ​រុស្ស៊ី​ប្លន់​យក​ទៅ​លាក់​ទុក​នៅ​ប្រទេស​កាហ្សាក់ស្ថាន

  • 2015-02-25 18:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ហោះហើរ MH370 បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ។ រហូត​មក​ទល់​ពេល​នេះ ដំណឹង​ទាក់​ទង​យន្តហោះ​ដឹក​អ្នក​ដំណើរ​ឆ្ពោះ​ទៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន នៅ​តែ​ស្ងាត់​ឈឹង​សូន្យគ្មាន​តម្រុយ​សូម្បី​បន្តិច បើ​ទោះ​មាន​ការ​រុករក​ឥត​ស្រាកស្រាន្ត​ដូច​ភ្លៀង​រលឹម​ក៏​ដោយ។ ក្រោយ​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ពី​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី ថា​ជើង​ហោះហើរ​នេះ​ជួប​គ្រោះ​ថ្នាក់​សម្លាប់​ជីវិត​មនុស្ស​ទាំងអស់ អ្នក​ជំនាញ​នានា​បាន​លើកឡើង​ពី​ទ្រឹស្ដី​មួយ​ចំនួន​ជា​បន្តបន្ទាប់។ ​

 

 

ជើង​ហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ត្រូវ​ប្លន់​តាមការ​បញ្ជា​របស់​លោក Vladimir Putin ដែល​ជា​ប្រធានាធិបតី​របស់​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​ការ​អះ​អាង​របស់​អ្នក​ជំនាញ នៅ​ក្នុង​ទ្រឹស្ដី​ដ៏​ថ្មី​សន្លាង​មួយ។ លោក Jeff Wise ​ជា​អ្នកនិពន្ធ​ផ្នែក​វិទ្យាសាស្ត្រ ដែល​មាន​ការងារ​ស្នូល​ទាក់​ទង​នឹង​ប្រភេទ​យន្តហោះ Boeing 777-200E នៅ​សារព័ត៌មាន CNN បាន​បញ្ចេញ​ទ្រឹស្ដី​ប្លែក​ពី​គេ​មួយ​ថា ​​​​​ជើង​ហោះហើរ MH370 បាន​បន្ត​ហោះហើរ​អស់​រយៈ​ពេល ៧ម៉ោង​ទៀត ក្រោយ​ពេល​បាត់​ការ​ទាក់ទង។ លោក​ហ៊ាន​អះអាង​បែប​នេះ ដោយ​យោង​​តាម​កំណត់ត្រា​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​អង់គ្លេស Inmarsat។

 

លោក Jeff Wise

 ​​​

លោក Wise ជឿជាក់​ថា ឧក្រិដ្ឋជន​ដែល​ប្លន់​យន្តហោះ បាន​បង្វែងដាន​ប្ដូរ​ទិន្នន័យ​ហោះហើរ ដើម្បី​ឲ្យ​គេ​យល់​ច្រឡំ​ថា យន្តហោះ​ហោះ​ទៅ​ទិស​ដៅ​ផ្សេង ប៉ុន្តែ​តាម​ពិត​វា​បាន​ហោះ​ទៅ​តំបន់ Baikonur Cosmodrome ដែល​រុស្ស៊ី​ជួល​ពី​ប្រទេស​កាហ្សាក់ស្ថាន។ ទោះ​បែប​នេះ​ក្ដី លោក Wise បាន​បញ្ជាក់​តាម​រយៈ​ទស្សនាវដ្ដី New York Magazine ថា មិន​ដឹង​ហេតុអ្វី​បាន​ជា​លោក Vladimir Putin លួច​យក​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដ៏​ច្រើន​នោះ​ទេ ហើយ​គំនិត​នោះ​គឺ​ជា​រឿង​ឆ្កួត​លីលា​បំផុត។

 

 

 

ការ​អះអាង​របស់​អ្នក​ជំនាញ​ខាង​លើ​នេះ មាន​ភាព​ស្រប​គ្នា​ទៅ​នឹង​ការ​អះអាង​របស់​លោក Malcolm Brenner ដែល​ជា​អ្នក​ជំនាញ​ឈានមុខ​គេ​ម្នាក់​ក្នុង​ការ​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះ ​មហន្តរាយ​ផ្លូវ​អាកាស។ ភាព​ស្រប​គ្នា​ត្រង់​ថា យន្តហោះ​នេះ​នៅ​បន្ត​ហោះ​ហើរ​ជា​ច្រើន​ម៉ោង​ទៀត​ក្រោយ​បាត់​ការ​ទាក់​ទង ហើយ​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​ដោយ​ចេតនា​មនុស្ស មិន​មែន​បង្ក​ឡើង​ដោយ​ធម្មជាតិ​ឡើយ។ យ៉ាងណាមិញ ការ​វិភាគ​ទាំង​ពីរ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ត្រង់ ​លោក Malcolm Brenner យល់​ថា​យន្តហោះ​បើក​តម្រង់​ទៅ​ទ្វីប​អង់តាកទិច ចំណែក​ឯ​លោក Jeff Wise លើក​ឡើង​ថា​យន្តហោះ​បាន​បើក​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន ជាប់​ព្រំដែន​ប្រទេស​រុស្ស៊ី។

​​​

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin

 ​​​

នៅ​ចាំ​បាន​ថា​ក្រោយ​ការ​បាត់​ខ្លួន​ជើង​ហោះហើរ MH370 កាសែត​ Moskovsky Komsomolets ​របស់​ប្រទេស​រុស្ស៊ី​ផ្ទាល់ ធ្លាប់​បាន​បង្ហាញ​តម្រុយ​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ Boeing 777 ត្រូវ​គេ​ប្លន់ រួច​បញ្ជា​ទៅ​លាក់​ទុក​នៅ​​ភូមិ​តូច​មួយ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា អាកាសយានិក​មិន​មែន​ជា​អ្នក​នៅ​ពី​ក្រោយ​គ្រោះ​ថ្នាក់​នេះ​ទេ គឺ​យន្តហោះ​ត្រូវ​ប្លន់​ដោយ​ក្រុម​ភេរវជន​មិន​ស្គាល់​អត្តសញ្ញាណ។

​​​

ជើង​ហោះ​ហើរ​របស់​ម៉ាឡេស៊ី ព្រម​ទាំង​មនុស្ស ២៣៩​នាក់ អាច​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្ត​កាន់ដាហា ជិត​ព្រំដែន​ប្រទេស​ប៉ាគីស្ថាន។ លើស​ពី​នេះ គេ​ថែម​ទាំង​បង្ហើប​ទៀត​ថា មនុស្ស​ទាំង​អស់​នៅ​លើ​យន្តហោះ ត្រូវ​គេ​បែង​ចែក​ជា​ក្រុម រស់​នៅ​តំបន់​ដាច់​ស្រយាល​ស្ទើរ​តែ​គ្មាន​អាហារ​ទទួល​ទាន។

​​​

ទោះ​យ៉ាង​នេះ​ក្ដី កន្លង​ទៅ​អស់​ជិត​មួយ​ឆ្នាំ​ហើយ ប្រសិន​បើ​យន្តហោះ​ត្រូវ​គេ​ប្លន់ ហើយ​មនុស្ស​ទាំង​អស់​នៅ​រស់​មែន​នោះ គួរ​ណាស់​តែ​មាន​បែក​ធ្លាយ​ដំណឹង​ខ្លះ។ រហូត​មក​ទល់​ពេល​នេះ ទ្រឹស្ដី​នានា​របស់​អ្នក​ជំនាញ​បាន​លើក​ឡើង​ជា​បន្ត​បន្ទាប់ ខណៈ​ក្រុម​អ្នក​ស្រាវជ្រាវ​ចម្រុះ​ជាតិសាសន៍ បញ្ចេញ​បេសកកម្ម​រុករក​ធំ​បំផុត​មិន​ធ្លាប់​មាន នៅ​តែ​មិន​អាច​ប្រទះ​ដាន​នៃ​យន្តហោះ​ដឹក​មនុស្ស​សរុប ២៣៩​នាក់​នោះ​នៅ​ឡើយ៕

​​​

ចុចអានព័ត៌មាន​ជាច្រើន​ទៀតទាក់ទង​នឹង​គ្រោះថ្នាក់ MH370

 

ដោយ៖ គង់ វិសាល ប្រភព៖ dailymail​

អត្ថបទថ្មី