កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក យុវជន​ខ្មែរ​រៀន​នៅ​ថៃ​ចាប់​ជំនាញ​វិស្វកម្ម​គមនាគមន៍​សង្ឃឹម​អាច​កាត់​បន្ថយ

  • 2015-02-26 17:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់​ទាំង​ពេល​ព្រឹក ​និង ​ល្ងាច បង្ក​ឲ្យ​ខាត​ពេល​វេលា​ធ្វើ​ដំណើរ​សម្រាប់​ប្រជាជន។ ដោយ​មើល​ឃើញ​នូវ​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​កាន់​តែ​ចង្អៀត​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យុវជន អ៊ឹង ងួន​សុង សម្រេច​ជ្រើស​ជំនាញ​វិស្វកម្ម​គមនាគមន៍ ពេល​ទទួល​អាហារូបករណ៍​ពី​ប្រទេស​ថៃ​ ទៅ​សិក្សា​ក្នុង​សាកលវិទ្យាល័យ​ជូឡាឡុងកន ដោយ​សង្ឃឹម​ថា ​អាច​ចូល​រួម​កាត់​បន្ថយ​ភាព​កក​ស្ទះ​ចរាចរណ៍​នេះ​បាន។ Sabay បាន​សាកសួរ​យុវជន ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប​នេះ​ ទាក់​ទង​នឹង​ការ​សិក្សា​ដូច​ខាង​ក្រោម៖

 

 

sabay ៖ សួស្តី សុង! តើ​សុង​បាន​អាហារូបករណ៍​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​ណា? ធ្វើ​ដូចម្ដេច​ទើប​ទទួល​បាន​អាហារូបករណ៍​នេះ?

សុង៖ បាទ សួស្តី! ខ្ញុំ​មក​សិក្សា​ប្រទេស​នេះ ​នៅ​ឆ្នាំ​ ២០១៤ ជំនាញ​វិស្វកម្ម​គមនាគមន៍ (Transportation Engineering) ថ្នាក់​អនុបណ្ឌិត​រយៈ​ពេល ​២ ​ឆ្នាំ។ អាហារូបករណ៍​នេះ ខ្ញុំ​ទទួល​បាន​តាម​រយៈ AUN/Seed-Net Scholarship ដែល​ផ្ដល់​ដោយ JICA សម្រាប់​និស្សិត​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​លើ​ផ្នែក​វិស្វកម្ម។

 

 

sabay៖ ហេតុអ្វី​សុង​ចាប់​ជំនាញ​វិស្វកម្ម​គមនាគមន៍?

សុង៖ កាល​នៅ​ស្រុក​ខ្មែរ ខ្ញុំ​សិក្សា​ជំនាញ​វិស្វករ​ស្ថាបត្យកម្ម (Architectural Engineering) ជំនាញ​ដែល​ខ្ញុំ​រៀន​ក៏​មាន​បញ្ចូល​ផ្នែក​នគរូបនីយកម្ម​ដែរ។ ខ្ញុំ​គិត​ថា ការ​រៀបចំ​ដែន​ដី​ និង​ ទីក្រុង​ទាក់ទង​គ្នា​ខ្លាំង​ជាមួយ​ការ​រៀបចំ​ប្រព័ន្ធ​គមនាគមន៍។ ណា​មួយ​ខ្ញុំ​សង្កេត​ឃើញ​ថា​ធនធាន​មនុស្ស​លើ​ផ្នែក​នេះ​នៅ​កម្ពុជា​ក៏​មិន​សម្បូរ​ដែរ ខណៈ​ដែល​បញ្ហា​ចរាចរណ៍​ពិសេស​ក្នុង​ក្រុង​ភ្នំពេញ​ចេះ​តែ​មាន។

  sabay៖ តើ​ការ​រៀប​ចំ​ប្រព័ន្ធ​គមនាគមន៍​អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ដូច​ម្ដេច?

សុង៖ ការ​រៀបចំ​ប្រព័ន្ធ​គមនាគមន៍​មិន​មែន​គិត​ត្រឹម​តែ​លំហូរ​ចរាចរណ៍​ទេ តែ​ក៏​គិត​សុវត្ថិភាព​ចរាចរណ៍ និង​ផល​ចំណេញ​សេដ្ឋកិច្ច​។ ការ​កកស្ទះ​ចរាចរណ៍​ធ្វើ​ឲ្យ​យើង​ខាត​សេដ្ឋកិច្ច​ច្រើន ដែល​រាប់​បញ្ចូល​ទាំង​ពេល​វេលា និង​ ឥន្ធនៈ ឬ ហ្គាស​ដែល​យើង​ខ្ជះខ្ជាយ​ចោល។ ប្រសិន​បើ យើង​គិត​ត្រឹម​តែ​ខ្លួន​ឯង​ម្នាក់​ៗ​ប៉ុណ្ណឹង អាច​នឹង​មិន​ច្រើន​ទេ តែ​ធាតុ​ពិត​មាន​មនុស្ស​ច្រើន​ទៀត​ដែល​កំពុង​កក​ស្ទះ​ដូច​យើង​ដែរ។ ហើយ​បើ​យើង​បម្លែង​គ្រប់​យ៉ាង​ដែល​យើង​ចំណាយ​ពេល​ស្ទះ​ហ្នឹង ទៅ​ជា​ចំនួន​លុយ យើង​ឃើញ​ថា ​ក្នុង​មួយ​ឆ្នាំ​ៗ​យើង​ខ្ជះខ្ជាយ​លុយ​ទៅ​លើ​ការ​ស្ទះ​ចរាចរណ៍​មិន​តិច​ទេ។ មួយ​វិញ​ទៀត ការ​កក​ស្ទះ​ហ្នឹង​ក៏​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​វត្ថុធាតុ​ដើម​ទៅ​កាន់​ផ្នែក​ផលិត និង ផលិតផល​សម្រេច​មក​កាន់​ទីផ្សារ​។ និយាយ​ឲ្យ​ខ្លី​ទៅ ផ្នែក​គមនាគមន៍​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​សេដ្ឋកិច្ច ប្រព័ន្ធ​គមនាគមន៍​ល្អ​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ហើយ​កំណើន​សេដ្ឋកិច្ច​នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​គមនាគមន៍​រីក​ចម្រើន​បន្ត​ទៅ​មុខ​ទៀត។ ទោះ​បី​យ៉ាង​ណា វា​ក៏​ទាមទារ​ឲ្យ​មាន​ការ​សហការ​ពី​អ្នក​ប្រើប្រាស់​យាន​យន្ត​លើ​ផ្លូវ​ដែរ ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ។

 

 

 

 

Sabay៖ ការ​សិក្សា​នៅ​ប្រទេស​ថៃ​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ?

សុង៖ ការ​សិក្សា​នៅ​ទី​នេះ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ក្រេឌីត ហើយ​សម្រាប់​និស្សិត​ថ្នាក់​អនុបណ្ឌិត យើង​រៀន​ ១ ​ឆ្នាំ និង​ ១​ឆ្ នាំ​ទៀត​​សម្រាប់​ធ្វើ Research។ មុខ​វិជ្ជា​សិក្សា​ចែក​ចេញ​ជា ​២​ ប្រភេទ គឺ Core Course ដែល​តម្រូវ​ឲ្យ​និស្សិត​ត្រូវ​តែ​រៀន និង Elective Course ដែល​និស្សិត​អាច​ជ្រើសរើស​តែ​មុខ​វិជ្ជា​ដែល​ខ្លួន​ពេញ​ចិត្ត​មក​រៀន។ ការ​រៀន​មុខ​វិជ្ជា​នីមួយ​ៗ​មិន​ចាំបាច់​ឲ្យ​ត្រូវ​តាម​លំដាប់លំដោយ​ទេ មាន​ន័យ​ថា យើង​អាច​រៀន​មុខ​វិជ្ជា​ណា​មុន​ក៏​បាន ហើយ​មួយ​ឆមាស​ប៉ុន្មាន​មុខ​ក៏​បាន។ ដើម្បី​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ និស្សិត​ត្រូវ​រៀន​យ៉ាង​ណា​ឲ្យ Core Course និង Elective Course បំពេញ​គ្រប់​ចំនួន​ក្រេឌីត សរសេរ​និក្ខេបបទ​មួយ ព្រម​ទាំង​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ដែល​សាលា​តម្រូវ។ ទោះ​បី​ជា​មុខ​វិជ្ជា​រៀន​មិន​សូវ​ច្រើន តែ Homework និង Assignment មាន​រៀងរាល់​អាទិត្យ ដែល​ចាំ​បាច់​ត្រូវ​អាន​និង​ស្រាវជ្រាវ​បន្ថែម​ច្រើន។

 

 

Sabay៖ បើ ​Homework និង Assignment ច្រើន​ស្ទើរ​រាល់​អាទិត្យ​ដូច្នេះ តើ​ការ​សិក្សា​មាន​សម្ពាធ​ខ្លាំង​ដែរ​ទេ?

សុង៖ ការ​សិក្សា​នៅ​ទី​នេះ​មាន​សម្ពាធ​ខ្លះ​ដែរ ត្រង់​ថា​ ការងារ​ដែល​គ្រូ​ដាក់​ឲ្យ​ និង​ ឯកសារ​ដែល​ត្រូវ​អាន​បន្ថែម​ពិត​ជា​ច្រើន។ ចំពោះ​និស្សិត​អាហារូបករណ៍ ខាង​អ្នក​ផ្ដល់​អាហារូបករណ៍​ឲ្យ គេ​តម្រូវ​ឲ្យ​រៀន​យ៉ាង​ណា​ឲ្យ​បាន​និទ្ទេស​ល្អ។ ដោយ​ឡែក​អ្វី​ដែល​ល្អ​សម្រាប់​ការ​សិក្សា​នៅ​ទី​នេះ គឺ​សាលា​មាន​ឯកសារ​គ្រប់​គ្រាន់​សម្រាប់​និស្សិត​ធ្វើ​ការ​ស្រាវជ្រាវ ទាំង​នៅ​ក្នុង​បណ្ណាល័យ និង​ តាម​គេហទំព័រ​មួយ​ចំនួន​ដែល​សាលា​បាន​ទិញ។ ក្រៅ​ពី​នេះ ​ទាំង​និស្សិត​បរទេស និង​ និស្សិត​ថៃ​មាន​ការ​ជួយ​គ្នា​ក្នុង​ការ​រៀន​សូត្រ​ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ​ទាំង​អស់​គ្នា។

 

 

Sabay៖ ការ​ចុះ​សម្រុង​ជាមួយ​សិស្ស​បរទេស ពិសេស​ជនជាតិ​ថៃ​យ៉ាង​ម៉េច​ដែរ?

សុង៖ សម្រាប់​ជំនាញ​ដែល​ខ្ញុំ​កំពុង​សិក្សា មាន​និស្សិត​បរទេស​តែ​ ២ ​នាក់​ទេ គឺ ​ខ្ញុំ ​និង ​ជន​ជាតិ​ហ្វីលីពីន​ម្នាក់​ទៀត។ ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មិត្ត​រួម​ថ្នាក់ សិស្ស​ច្បង និង ​គ្រូ​មិន​មាន​អ្វី​ជា​បញ្ហា​ឡើយ។ ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ​ពួក​គេ​ស្អប់ រឺ រើស​អើង​ខ្មែរ​ទេ ព្រោះ​មើល​ទៅ​គេ​ទទួល​ស្វាគមន៍​និស្សិត​ខ្មែរ​ដូច​និស្សិត​បរទេស​ឯ​ទៀត​ដែរ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ពួក​គេ​ចាត់​ទុក​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​គេ តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ចូល​ក្នុង​សាលា​ម្ល៉េះ។ មាន​សិស្ស​ច្បង​ថៃ​នាំ​ខ្ញុំ​ទៅ​បង្ហាញ​ខ្លួន​ដើម្បី​ឲ្យ​គ្រូ​ស្គាល់ ប្រាប់​ពី​សម្ភារៈ​របស់​សាលា​ដែល​យើង​អាច​ប្រើ​ប្រាស់​បាន ហើយ​ពួក​គេ​ក៏​ឧស្សាហ៍​សួរ​នាំ​ពី​ការ​រស់​នៅ​ទី​នេះ​ដែរ ថា ​តើ​មាន​ជួប​ការ​លំបាក​អី្វ​ខ្លះ មាន​នឹក​ផ្ទះ​ ​ជា​ដើម។

 

 

Sabay៖ ចំណែក​ការ​រស់​នៅ និង​ ការ​ប្រើ​ប្រាស់​ភាសា​មាន​ការ​លំបាក​ឬទេ?

សុង៖ ជីវិត​ប្រចាំ​ថ្ងៃ​នៅ​ទី​នេះ​ មិន​មាន​អ្វី​ដែល​ពិបាក​សម្រប​ទេ ព្រោះ​ទាំង​វប្បធម៌​ និង ​របៀប​របប​រស់​នៅ​របស់​គេ​ប្រហាក់​ប្រហែល​នឹង​ខ្មែរ​ដែរ ប៉ុន្តែ​ អ្វី​ដែល​ពិបាក​បំផុត​សម្រាប់​ខ្ញុំ​គឺ​ភាសា​ថៃ។ ការ​សិក្សា​គ្រូ​ប្រើ​ភាសា​អង់គ្លេស​ប្រសិន​បើ​មាន​និស្សិត​បរទេស​នៅ​ក្នុង​ថ្នាក់ តែ​នៅ​ពេល​ចេញ​ក្រៅ​ឬ​តាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្សារ​ទំនើប​មួយ​ចំនួន វា​ពិត​ជា​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនជាតិ​ថៃ​ដោយ​ប្រើ​ភាសា​អង់គ្លេស។ សម្រាប់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ក្នុង​ការ​មក​រៀន​បាន​រួម​បញ្ចូល​គ្រប់​យ៉ាង រួម​មាន​ការ​ស្នាក់​នៅ ការ​ហូប​ចុក និង ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ទាំង​អស់ ហើយ​យើង​អ្នក​ចាត់​ចែង​ការ​ចំណាយ​ទាំង​អស់​នោះ​ដោយ​ខ្លួន​ឯង។

 

 

 

Sabay៖ ក្រៅ​ពី​សិក្សា​នៅ​ប្រទេស​ថៃ តើ​សុង​មាន​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ទេ?

សុង៖ ដោយ​សារ​ការ​សិក្សា​នៅ​ទី​នេះ​ជា​ការ​សិក្សា​ពេញ​ម៉ោង ខ្ញុំ​មិន​អាច​ធ្វើ​ការ​បាន​ទេ។ ប៉ុន្តែ​ក្រៅ​ពី​សិក្សា ខ្ញុំ​បាន​ចូល​រួម​សកម្មភាព​ផ្សេង​ៗ​ដែល​រៀប​ចំ​ដោយ​ក្រុម​និស្សិត​ខ្មែរ​នៅ​សាកលវិទ្យាល័យ ដូច​ជា ថ្នាក់​រៀន​ភាសា​ថៃ ថ្នាក់​រាំ​ចង្វាក់​ប្រពៃណី​ខ្មែរ និង សកម្មភាព​កីឡា​មួយ​ចំនួន។

 

 

Sabay៖ ក្រោយ​បញ្ចប់​ការ​សិក្សា សុង​មាន​បំណង​ធ្វើ​អ្វី​?

សុង៖ ពេល​ត្រលប់​មក​ខ្មែរ​វិញ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ការងារ​សមរម្យ​មួយ​ដែល​អាច​ឲ្យ​ខ្ញុំ​បាន​ប្រើ​ជំនាញ​នេះ អាច​ជា​វិស្វករ​ផ្នែក​គមនាគមន៍ ឫ​ក៏​អាច​ជា​គ្រូ​បង្រៀន​លើ​ឯកទេស​នេះ​៕

 

 

សូមអាន៖   ថី វីរៈ កូន​ខ្មែរ​ក្រី​ក្រ​រៀន​នៅ​បរទេស​​តាំង​ពី​អាយុ​ ១៤ ​ឆ្នាំ ចង់​ក្លាយ​ជា​ស្ថាបត្យករ​ល្បី​ដូច​វណ្ណ​ម៉ូ​លី​វណ្ណ

 

អត្ថបទ៖ លឹម សុ​នា រូបថត៖ ផ្តល់​ឲ្យ

អត្ថបទថ្មី