ថី វីរៈ កូន​ខ្មែរ​ក្រី​ក្រ​រៀន​នៅ​បរទេស​​តាំង​ពី​អាយុ​ ១៤ ​ឆ្នាំ ចង់​ក្លាយ​ជា​ស្ថាបត្យករ​ល្បី​ដូច​វណ្ណ​ម៉ូ​លី​វណ្ណ

  • 2015-01-28 16:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ក្មេង ថី វី​រៈ មាន​ឱកាស​បាន​ទៅ​រៀន​នៅ​សាលា​ល្បី​ក្នុង​ប្រទេស​សិង្ហបុរី ​ដែល​ជាប់​លំដាប់​មួយ​នៅ​អាស៊ី និង ​លើ​ពិភពលោក តាំង​ពី ​វី​រៈ​ អាយុ​ ១៤​ ឆ្នាំ​។ មិន​តែ​ប៉ុណ្ណោះ វីរៈ​ មាន​ឆន្ទៈ​ ​ស្វែង​រក​មូលនិធិ​ជួយ​ជន​ក្រីក្រ​ព្រម​ទាំង​ក្មេង​ៗ​កម្ពុជា និង ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ផង។ វីរៈ​បច្ចុប្បន្ន ជា​និស្សិត​ឆ្នាំ​ទី​មួយ សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​អាមេរិក ហើយ​មាន​ក្តី​សុបិន​ចង់​ក្លាយ​ជា​ស្ថាបត្យករ​ល្បី​ឈ្មោះ​មួយ​រូប​ដូច​ លោក វណ្ណ ម៉ូ​លី​វណ្ណ ដោយ​ហេតុ​ផល ​គឺ​ស្រលាញ់ និង​ ចង់​ជួយ​ខ្មែរ។

 

ថី វីរៈ  ក្នុងថ្ងៃទទួលសញ្ញាបត្របាក់ឌុបអន្តរជាតិនៅប្រទេសសិង្ហបុរី

 

យុវជន​សម្បុរសណ្ដែកបាយ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម ជា​កូន​ច្បង​ចំណោម​បងប្អូន​បី​នាក់ ​ដែល​រស់​នៅ​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រី​ក្រ​តោក​យ៉ាក។ ក្នុង​ឆ្នាំ​ ២០០៦ គ្រួសារ​របស់ ​វីរៈ​ បាន​ផ្លាស់​ទី​លំ​នៅ​មក​ខេត្ត​រតនគីរី​ ដោយ​មាន​ប្រាក់​តែ​ ២០$​ ប៉ុណ្ណោះ។ បន្ទាប់​ពី​រស់​នៅ​ទី​នោះ​បាន​ ២ ​ឆ្នាំ អតីត​សិស្ស​ពូកែ​គណិត​វិទ្យា​ទូ​ទាំង​វិទ្យាល័យ​សម្ដេច​ឪ សម្ដេច​ម៉ែ រូប​នេះ បាន​សាក​ល្បង​ប្រលង​យក​អាហារូបករណ៍​ទៅ​ប្រទេស​សិង្ហបុរី​មាន​រយៈពេល​៥​ឆ្នាំ​តាម​សេចក្ដី​បិត​ប្រកាស​មួយ​នៅ​សាលា។

 

អាហារូបករណ៍​នោះ​ទាម​ទារ​ការ​ប្រលង​ច្រើនដំណាក់​កាល​ ដោយ​ដំណាក់កាល​ទី​មួយ គេ​តម្រូវ​ឱ្យ​ប្រលង​គណិត អង់គ្លេស និង​វប្បធម៌​ទូទៅ។ មាន​បេក្ខជន​ជា​ច្រើន​រយ​នាក់​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រលង។ វីរៈ និយាយ​​ថា អាហារូបករណ៍​នេះ​ផ្ដោត​សំខាន់​ខ្លាំង​ទៅ​លើ​អត្តចរិត ដូច្នេះ​បេក្ខជន​ត្រូវ​តែ​ជា​មនុស្ស​មាន​គំនិត​ច្នៃប្រឌិត ឆ្លាត ចិត្តល្អ និង​ ក្លាហាន។ ម្យ៉ាង​ទៀត ត្រូវ​មាន​លក្ខណៈ​ជា​អ្នក​ដឹកនាំ​ល្អ ព្រម​ទាំង​ពូកែ​គណិតវិទ្យា វិទ្យាសាស្ត្រ និង ​រឿងរ៉ាវ​ផ្សេង​ៗ​នៅ​ក្នុង​សង្គម បូក​រួម​អាកប្បកិរិយា ព្រោះ​ថា​ ដំណាក់កាល​មួយ​នៃ​ការ​ប្រលង គេ​តម្រូវ​ឲ្យ​បេក្ខជន​លេង​ហ្គេម​សំដែង​ជា​អ្នក​ដឹក​នាំ ហើយ​គណៈកម្មាធិការ​ពិនិត្យ​នូវ​លក្ខណៈសម្បត្តិ​របស់​បេក្ខជន។

 

ប្រសិន​បើ​ជាប់ បេក្ខជន​មាន​សំណាង​បាន​ទៅ​រៀន​នៅ​សាលា United World College of South East Asia លំដាប់​កំពូល​មួយ​នៅ​អាស៊ី​និង​ពិភពលោក ដែល​ក្នុង​មួយ​ឆ្នាំ​ៗ​តម្លៃ​បង់​ចូល​រៀន​រាប់​ម៉ឺន​ដុល្លារ ដូច្នេះ​ហើយ​គេ​មិន​ចង់​ចំណាយ​ពេល​ឥតប្រយោជន៍​រើស​សិស្ស​ខុស​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​សាលា​បាន។

 

ជា​លទ្ធផល ថី វីរៈ ​យុវជន​វ័យ​ក្មេង​ក្នុង​ចំណោម​យុវជន​ដទៃ​ទៀត​​ជាប់​ត្រូវ​ទៅ​រៀន​នៅ​ប្រទេស​សិង្ហបុរី​ក្នុង​ឆ្នាំ ​២០០៩។ កាល​នៅ​ខ្មែរ វីរៈ​ រៀន​ថ្នាក់​ទី​ ៩ លុះ​មក​រៀន​នៅ​សិង្ហបុរី គេ​ឲ្យ​រៀន​ថ្នាក់​ទី​ ៨​ វិញ ដោយសារ​តែ​ភាសា​អង់គ្លេស​កាល​នោះ​នៅ​មាន​កម្រិត និង​ ដើម្បី​បង្គ្រប់​ចំនួន​រយៈពេល​អាហារូបករណ៍​៥​ ឆ្នាំ​ផង។ ចំពោះ​ការ​សិក្សា​ គឺ​ ទៅ​តាម​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ​ទាំង​អស់ ហើយ​សញ្ញាបត្រ​ទទួល​ស្គាល់​ពាសពេញ​សាកលលោក។ យុវជន​រូប​នេះ​ទទួល​បាន​បទពិសោធន៍​សំបូរ​បែប​ពី​ការ​រស់​នៅ​រៀន​សូត្រ​ជា​មួយ​សិស្ស​មក​ពី​ជុំវិញ​ពិភពលោក កូន​អ្នក​ធំ កូន​មហាសេដ្ឋី និង​ មាន​ឱកាស​ចុះ​កម្មសិក្សា​យ៉ាង​ច្រើន​ប្រទេស ចូល​រួម​ការងារ​មនុស្សធម៌​ដូច​ជា​ស្វែង​រក​មូលនិធិ​ជួយ​ក្មេង​ៗ​នៅ​សៀមរាប ភ្នំពេញ ចូលរួម​ធ្វើ​ផ្ទះ​ឱ្យ​ខ្មែរ​ជាមួយ​អង្គការ Tabitha ប្រមាណ ​៥០ ​ទៅ​ ៦០​ ខ្នង​ជា​ច្រើន​លើក ជួយ​ប្រជាជន​ក្រី​ក្រ​នៅ​នេប៉ាល់ ហ្វីលីពីន និង ​អាហ្វ្រិក​ផង​ដែរ។

 

 

ថី វីរៈ និងក្រុមគ្រួសារ

 

វីរៈ ​បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ដោយ​ជាប់​បាក់​ឌុប​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី​ ក្នុង​​ខែ ឧសភា ឆ្នាំ​ ២០១៤ ហើយ​បច្ចុប្បន្ន​បាន​ជាប់​អាហារូបករណ៍​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អាមេរិក លើ​ជំនាញ​ស្ថាបត្យកម្ម​នៅ University of Oklahoma ។ អាហារូបករណ៍​នៅ​អាមេរិក​នេះ​ទាមទារ​ឱ្យ​វីរៈ យក A និង B រហូត បើ​បាន​ C ញឹកញយ​គេ​នឹង​ផ្ដាច់​អាហារូបករណ៍​នេះ​វិញ។ ម្ល៉ោះ​ហើយ និស្សិត​រូប​នេះ​ត្រូវ​ប្រឹង​ខ្លាំង ដោយ​អាន​ច្រើន រៀន​ច្រើន រហូត​ជួន​កាល​ដល់​ម៉ោង ​២​ ឬ ​៣ ទើប​ចូល​គេង តែ​យ៉ាង​ណា​និស្សិត​រូប​នេះ​ថា វា​មិន​ពិបាក​ណាស់​ណា​ក្នុង​ការ​ទទួល​បាន​នោះ​ទេ ដោយសារ​លោក​ចង់​បំពេញ​ក្ដី​សុបិន​ក្លាយ​ជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​មួយ​រូប ដូច​លោក វណ្ណ ម៉ូ​លី​វណ្ណ ព្រោះ​លោក​ស្រលាញ់​ចូល​ចិត្ត​តាំង​ពី​តូច​ និង ​ចង់​ជួយ​ខ្មែរ​ផង​ដែរ៕

 

សូម​ទស្សនា​វីដេអូ ​ខាង​ក្រោម​នេះ

 

http://youtu.be/qKhNwufU4Es

 

 

 

សូមអាន៖ បរាជ័យ​ទៅ​Costa Rica ទី​បំផុតយុវជន​ខ្មែរ​ម្នាក់​​​សម្រេច​រៀន​​នៅ​​​​ប្រទេស​​​កូន​​​នាគ​​​ក្នុង​​​អា​ស៊ី

 

អត្ថបទ៖ សុ​នា

រូបថត៖ ផ្ដល់​ឲ្យ