បញ្ហា​កង្វះ​ឈាម​បាន​ឈាន​​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ​!

  • 2015-02-26 22:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​កង្វះ​ឈាម​បាន​ឈាន​ដល់​​ចំណុច​​​​ប្រកាស​អាសន្ន​ ជា​ពិសេស​ប្រភេទ​ឈាម​​ A+ និង​ O+ ​ដែល​​កំពុង​​​ត្រូវ​ការ​​ចាំ​បាច់ ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​​។ ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ជូន​ដំណឹង​ខ្លី​មួយ​​​នៅ​ថ្ងៃ​នេះ​​ ទាក់​ទង​បញ្ហា​​ខាង​លើ​​ និង​អំពាវនាវ​ ទៅ​សាធារណៈ​ជន​ មេត្តា​​ចូល​រួម​បរិច្ចាគ​​ឈាម​​ដើម្បី​ជួយ​បំពេញ​ភាព​ខ្វះ​ខាត​​។

 

កញ្ញា អ៊ូ​ បាណុង មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ប្រាប់​ Sabay ថា​ នេះ​គឺ​ជា​​​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​​លើក​​ទី​១ សម្រាប់​ឆ្នាំ​​២០១៥ នេះ​​ ជា​ពិសេស​​ប្រភេទ​ឈាម​​​​ ​​ A+ និង​ O+​។ មជ្ឈមណ្ឌល​ជាតិ​​ផ្តល់​ឈាម​កំពុង​ខ្វះ​​ លទ្ធភាព​​ជួយ​ដល់​អាយុជីវិត​មនុស្ស​​​ ដែល​​​​ក្នុង​នោះ​មាន​អ្នក​រង​គ្រោះ​​ថ្នាក់​ចរាចរណ៍​ ព្រម​ទាំង​បញ្ហា​ផ្សេងៗ។ ​

 

កញ្ញា​បាន​បន្ថែម​ថា​ មូល​ហេតុ​ខ្វះ​ឈាម​នេះ​ ​អាច​ដោយ​​សារ​​​ការ​​​​ឈប់​សម្រាក​​បុណ្យ​​យូរ​(​ចូល​ឆ្នាំ​ចិន)​​​​ពុំ​សូវ​មាន​​អ្នក​​មក​​បរិច្ចាគ​ឈាម​​​ច្រើន​​ ប៉ុន្តែ​តម្រូវ​ការ​​ឈាម​​​បែរ​ជា​​កើន​ឡើង​។​ "​ ​ឆ្នាំ​២០១៤​​ យើង​អត់​មាន​​បញ្ហា​ខ្វះ​ដូច​នេះ​ទេ​ ប៉ុន្តែ​​ឆ្នាំ​២០១៥​ ស្រាប់​តែ​កើត​មាន​។ ​ពេល​​ដាច់​ស្តុក​បែប​នេះ ​​អាច​កើត​មាន​​បញ្ហា​ច្រើន​ណាស់​​ ​មាន​ជា​អាទិ៍​​​​ ការ​ទិញ​លក់​ឈាម ​​​ក៏​ដូចជា​​សុវត្ថិភាព​​ឈាម​ជាដើម។​ អ្នក​ផ្តល់​ឈាម​​១០ នាក់​ មាន​ប្រភេទ​​ឈាម​​ខាង​លើ​យ៉ាង​ហោច​៤ នាក់​​ ​​​​​”។

 

 

ក្នុង​មួយ​ឆ្នាំ​កម្ពុជា​​ត្រូវ​ការ​ឈាម​​ជាក់​ស្តែង​ ១៥ ម៉ឺន​ផ្លោក​ ប៉ុន្តែ​​នៅ​ក្នុង​ស្តុក​មាន​ឈាម​ត្រឹម​​៣៦​% ប៉ុណ្ណោះ​ នៃ​តម្រូវ​ការ​ជាក់​ស្តែង​។ ដូច្នេះ​បើ​សាធារណៈ​ជន​ចង់​ចូល​រួម​​បរិច្ចាគ​ឈាម​​សូម​ទាក់​ទង​នៅ មជ្ឈមណ្ឌល​ជាតិ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គឌួង​​ក្បែរ​វត្តភ្នំ​។ សូម​ទំនាក់​ទំនង​មក​កាន់​លេខ​ 011 789 742៕

 

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី