CYEA 2015 បើកការពិភាក្សាស្វែងរកសហគ្រិនឆ្នើមៗនៅកម្ពុជាមកគ្រងពាន ជាលើកដំបូង
- 2015-03-02 16:58:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CYEA 2015 បើកការពិភាក្សាស្វែងរកសហគ្រិនឆ្នើមៗនៅកម្ពុជាមកគ្រងពាន ជាលើកដំបូង
ចន្លោះមិនឃើញ
ការពិភាក្សារយៈ ២ ម៉ោង រវាងក្រុមបុគ្គលជំនាញៗខាងវិស័យពាណិជ្ជកម្ម គ្រប់គ្រង និង វាយតម្លៃកិច្ចការងារ ជាដើម បានធ្វើឡើងម្សិលម្ង៉ៃនៅ Resident British Embassy ដើម្បីវែកញែកលើក្រឹត្យក្រម និង បច្ចេកទេសគ្រប់យ៉ាង ក្នុងដំណើរការស្វែងរកបុគ្គលឆ្នើមៗគ្រងពានរង្វាន់សហគ្រិនវ័យក្មេង ដំបូងបំផុតនៅកម្ពុជា Cambodia Youth Entrepreneur Awards (CYEA 2015)។
ការប្រជុំដ៏លម្អិត គឺចាប់ផ្ដើមឡើងដោយក្រុមស្ថាបនិកកម្មវិធី មកពី JCI Cambodia និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា រួមជាមួយក្រុមគណៈកម្មការវាយតម្លៃមាន ដូចជា
-ឯកឧត្ដម សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល -ឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និង សិប្បកម្ម
លោក ភាង សុខវាសនា ប្រធានគម្រោងកម្មវិធីពាន CYEA 2015 និយាយថា ការពិភាក្សាដំបូងបំផុតនេះ គឺបើកឲ្យមានការជជែក និងឲ្យយោបល់ទៅមករវាងបណ្ដាសមាជិកគណៈកម្មការវាយតម្លៃ លើដំណើរការជ្រើសរើសបេក្ខភាពសហគ្រិន និង បច្ចេកទេសវាយតម្លៃទាំងឡាយ។ លោកថា តម្លាភាពពីការវាយតម្លៃរបស់បណ្ដាគណៈកម្មការ គឺចាំបាច់ណាស់សម្រាប់បេក្ខភាពសហគ្រិនប្រជែងយកពាន។ អីចឹងហើយ ការប្រជុំនេះគឺធ្វើយ៉ាងណាពិភាក្សាលើនីតិវិធីផ្ដល់ការវាយតម្លៃប្រកបដោយភាពត្រឹមត្រូវបំផុតទៅដល់រាល់បេក្ខជន។
«បើថាមិនបានឲ្យត្រឹមត្រូវដល់ ១០០ ពេញលេញទេ ហោចណាស់យើងប្រឹងផ្ដល់តម្លាភាពឲ្យបាន ៩០%។ អីចឹងទើប សមាជិកគណៈកម្មការវាយតម្លៃគ្រប់រូប គឺសុទ្ធតែមានបទពិសោធន៍លើការងារអស់ហ្នឹង ខ្មែរ ៥ នាក់ និង បរទេស ៥ នាក់»។ លោក សុខវាសនា ពន្យល់ខ្លះៗពីការរៀបចំប្រព័ន្ធវាយតម្លៃ។
CYEA 2015 បើកឲ្យសហគ្រិនវ័យក្មេងទូទាំងកម្ពុជាដាក់ពាក្យប្រកួតប្រជែងតាំងពីថ្ងៃទី ២៨ ខែ មករា ហើយបន្តទទួលរហូតដល់ថ្ងៃទី៣០ មីនា។ លក្ខខ័ណ្ឌអាចដាក់ពាក្យប្រកួតពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាបានលុះត្រាតែ៖
-មានអាយុចន្លោះ ១៨ដល់៤០ឆ្នាំ
-បានបើកអាជីវកម្មយ៉ាងតិច២ឆ្នាំ
-មានក្រុមហ៊ុនដែលចុះស្របច្បាប់នៅកម្ពុជា
-មានសញ្ជាតិកម្ពុជា
-មានក្រុមហ៊ុនបុគ្គលិកយ៉ាងតិច៥នាក់
-មានក្រុមហ៊ុនដែលផ្គត់ផ្គង់សេវាកម្មមិនពាក់ព័ន្ធនឹងល្បែងស៊ីសង ខុសច្បាប់ ថ្នាំជក់ និងគ្រឿងស្រវឹងជាដើម
-មិនមែនជាសមាជិកគណៈកម្មការរៀបចំកម្មវិធី
-សហគ្រិនវ័យក្មេងជាស្ត្រី ត្រូវបានលើកទឹកចិត្ត
នៅថ្ងៃទី ៣០ មេសា បេក្ខជនសហគ្រិនឆ្នើមបំផុត ១០ នាក់ នឹងត្រូវបានវាយតម្លៃជ្រើសរើសចេញពីបណ្ដាបេក្ខជនដែលបានដាក់ពាក្យស្នើប្រកួត។ នៅថ្ងៃនោះ បេក្ខជន ៤ នាក់ ក្នុងចំណោម ១០ នាក់ ដែលបានជ្រើសរើស នឹងប្រកាសឲ្យឈ្នះពាន ៤ ផ្នែករួមមាន ពានអាជីវកម្មលេចធ្លោប្រចាំឆ្នាំ (Outstanding Business of The Year) ពានអាជីវកម្មប្រយោជន៍សង្គម (Outstanding Social Business) ពានស្ត្រីសហគ្រិនឆ្នើម (Outstanding Woman Entrepreneur) និង ពានរង្វាន់អាជីវកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ (High Tech Award)៕
អត្ថបទ៖ ប៉ែន សុផាន់ណា