កូនស្រី លីស៊ាវឡុង គ្រោងផលិតភាពយន្តពីប្រវត្តិឪពុករបស់ខ្លួន
- 2015-03-01 13:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រី លីស៊ាវឡុង គ្រោងផលិតភាពយន្តពីប្រវត្តិឪពុករបស់ខ្លួន
ចន្លោះមិនឃើញ
កូនស្រីរបស់កំពូលតារាក្បាច់គុនហុងកុង Bruce Lee (លីស៊ាវឡុង) ឈ្មោះ Shannon Lee នឹងផលិតខ្សែភាពយន្តអំពីជីវប្រវត្តិឪពុករបស់ខ្លួន ដែលនេះនឹងជាភាពយន្តដំបូងអំពីតារាក្បាច់គុនរូបនេះ ដោយមានការចូលរួមផលិតពេញលេញពីក្រុមគ្រួសាររបស់លោក។
សារព័ត៌មាន Variety បានចុះផ្សាយកាលពីម្សិលមិញថា ក្រុមហ៊ុនរបស់ Lee ដែលមានឈ្មោះ Bruce Lee Entertainment បានសហការជាមួយផលិតករភាពយន្ត Lawrence Grey និង Janet Yang ដើម្បីផលិតខ្សែភាពយន្តនេះ។
Shannon Lee និយាយថា "ធ្លាប់មានគម្រោងជាច្រើនពាក់ព័ន្ធនឹងការផលិតភាពយន្តពីលោកប៉ាខ្ញុំ ប៉ុន្តែពួកគេមិនបានយល់ច្បាស់ពីទស្សនវិជ្ជា និងជំនាញសិល្បៈរបស់គាត់ទេ។ វិធីតែមួយគត់ដែលអាចឲ្យទស្សនិកជនយល់ច្បាស់ពីចំណុចពិសេសនៃលោកប៉ាខ្ញុំ គឺពួកយើងត្រូវបង្កើតវាដោយខ្លួនឯង និងស្វែងរកដៃគូសហការដែលមានចិត្តដូចគ្នា"។
តារាសម្ដែង Bruce Lee បានស្លាប់កាលពីឆ្នាំ ១៩៧៣ ក្នុងអាយុ ៣២ឆ្នាំ បន្ទាប់ពីដួលសន្លប់អំឡុងពេលបញ្ចូលសំឡេង រឿង "Enter the Dragon” នៅហុងកុង។
កូនស្រីរបស់តារាក្បាច់គុនរូបនេះបានបន្តថា "មនុស្សជាច្រើនមិនបានដឹងថាគាត់ (Bruce Lee) គឺជាអ្នកនិពន្ធដ៏មានស្នាដៃ និងជាអ្នកបង្កើតសិល្បៈ និងទស្សនវិជ្ជាផ្ទាល់ខ្លួនឡើយ។ នេះជាអ្វីដែលយើងចង់បង្ហាញ គឺមិនមែនតែជំនាញវាយតប់របស់គាត់ទេ គឺត្រូវស៊ីជម្រៅពីអត្តចរិត និងជំនឿរបស់គាត់ដែរ"។ ទោះយ៉ាងណា ព័ត៌មានលម្អិតពាក់ព័ន្ធនឹងភាពយន្តនេះ ដូចជាតួសម្ដែង និងកាលបរិច្ឆេទផ្សេងៗ គឺមិនទាន់បង្ហើបឲ្យដឹងនៅឡើយ។
ក្រៅពីគម្រោងផលិតភាពយន្តនេះ បច្ចុប្បន្នក្រុមហ៊ុន Bruce Lee Entertainment កំពុងតែផលិតកម្មវិធីទូរទស្សន៍មួយដែលនិយាយពីក្បាច់គុនដើមរបស់ លីស៊ាវឡុង ដោយសហការជាមួយអ្នកដឹកនាំរឿង "Fast & Furious 6” Justin Lin និងកម្មវិធីមួយទៀតសហការជាមួយ Keanu Reeves និង Stephen Hamel មកពីក្រុមហ៊ុន Company Films ដើម្បីចាក់ផ្សាយនៅប្រទេសចិន ៕
ចុចអាន៖តារាស្រីមានមុខក្នុងរឿង ទិនហ្វី សម្ដែងរឿងថ្មីជាមួយតារាហូលីវូដ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ variety