Dream Girl Contest នាំ​ក្តី​ស្រមៃ​ស្រ្តី​​​ខ្មែរ​ក្លាយ​ជា​អ្នក​​ឌីហ្សាញ​​អាជីព​

  • 2015-03-01 22:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​រចនា​សុបិន​ស្ត្រី​រដូវ​កាល​ទី ៥ (Dream Girls Design Contest 2015) បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ដោយ​រក​ឃើញ​បេក្ខនារី​ដែល​មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការ​រចនា​ម៉ូដ​ដ៏​លេច​ធ្លោ​ជាង​គេ ដើម្បី​ក្លាយ​ជា​ជយលាភី​ក្នុង​កម្មវិធី​ប្រកួត​ប្រចាំ​ឆ្នាំ​មួយ​នេះ។

 

ក្នុង​ចំណោម​ស្នាដៃ​ឌីហ្សាញ​របស់​យុវតី​រាប់​រយ​ដែល​បាន​ចូលរួម​ប្រកួតប្រជែង ស្នាដៃ​គំនូរ​ជា​ការ​រចនា​ដោយ​និស្សិត​ពេទ្យ កញ្ញា ហេង សុមាលីកា ត្រូវ​បាន​គេ​ជ្រើសរើស​ជា​ស្នាដៃ​ឯក​ជាប់​ជា​ជយលាភី​ប្រចាំ​កម្មវិធី។

 

http://youtu.be/PgkBapiGfqk

 

ក្នុង​ពេល​ទទួល​បាន​ជយលាភី សុមាលីកា​បាន​និយាយ​ទាំង​ទឹក​មុខ​រីករាយ​​មិន​ចង់​ចេញ​ថា៖ “ខ្ញុំ​ពិត​ជា​មិន​នឹក​ស្មាន​ដល់​ថា​ស្នាដៃ​របស់​ខ្ញុំ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បែប​នេះ​ទេ ក្នុង​ពេល​ដែល​ឃើញ​ស្នាដៃ​របស់​បេក្ខនារី​ដទៃ​ទៀត​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​និង​ល្អៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍”។

 

និស្សិត​សិក្សា​ជំនាញ​ពេទ្យ​រូប​នេះ​បន្ត​ថា កញ្ញា​បាន​រចនា​ស្នាដៃ​គំនូរ​​ដោយ​យក​លំនាំ​តាម​​រូប​ចម្លាក់​​​​​ប្រាសាទ​អង្គរ​វត្ត​​​​ជាមួយ​​ការ​បញ្ចូល​សិល្បៈ​ហូល​​ដែល​​​ជា​សម្លៀក​បំពាក់​បង្ហាញ​​ពី​វប្បធម៌​ខ្មែរ​​បង្កើត​​​បាន​ជា​សិល្បៈ​គំនូ​រ​​​​​ថ្មី​ចូល​រួម​ប្រកួតប្រជែង​ និង​ក៏​ទទួល​ការ​ចាប់​អារម្មណ៍​ត្រូវ​បាន​គេ​ជ្រើសរើស​ក្លាយ​ជា​ជយលាភី។

 

លោក​ស្រី Wakana Nukui ប្រធាន​រៀបចំ​កម្មវិធី Dream Girls Design Contest 2015 បាន​ឲ្យ​ដឹង​ថា ជា​មោទនភាព​ណាស់​ដែល​កម្មវិធី​ Dream Girl Design Contest បាន​ដំណើរ​ការ​មក​ដល់​ជំនាន់​ទី ៥ នេះ និង​ទទួល​បាន​ស្នាដៃ​គំនូរ​ដ៏​ល្អ​ឯក​របស់​យុវតី​កម្ពុជា​ពី​ការ​ប្រកួតប្រជែង​នេះ។

 

លោក​ស្រី​បន្ត​ថា កម្មវិធី​នេះ​បាន​​ចូលរួម​អភិវឌ្ឍ​ផ្នែក​រចនា​ម៉ូដ​​សម្រាប់​ស្រ្តី​នៅ​ក្នុង​ប្រទេស​កម្ពុជាឲ្យ​កាន់​តែ​មាន​ភាព​ផុលផុស​បន្ថែម​ទៀត ​តាម​រយៈ​ការ​ផ្តល់​ឱកាស​ដល់ពួកគេ​អាច​​​​បញ្ចេញ​សមត្ថភាព​លើ​ការ​ឌីហ្សាញ ដើម្បី​​​សម្រេច​ក្តី​សុបិន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​អ្នក​ឌីហ្សាញដ៏​ល្បី​​មួយ​រូប​ទាំង​កម្រិត​ជាតិ​និង​អន្តរជាតិ​នា​​​ថ្ងៃ​ណាមួយ​នា​ពេល​អនាគត។

 

Dream Girls Design Contest ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ សម្រាប់​អ្នក​ដែល​ស្រលាញ់​​ចូលចិត្ត​ការ​ឌីហ្សាញ។ ឆ្នាំ ២០១៥ កម្មវិធី​នេះ​​​​មាន​ការ​ចូលរួម​ពី​បេក្ខនារី​ជាង ១៣០ នាក់​ជាមួយ​ស្នាដៃ​គំនូរ​ជាង ៣០០ ​ដែល​បាន​ដាក់ពាក្យ​ចូលរួម​​ប្រកួត​ប្រជែង​​​។

 

លោក​ស្រី Wakana Nukui ​​បាន​ឲ្យ​ដឹ​ងថា ការ​ប្រកួត​ឆ្នាំនេះ​មាន​ការ​ផុលផុស​ដោយ​​សារ​ចំនួន​អ្នក​ដាក់ពាក្យ​ចូលរួម​ពាក្យ​​ចូលរួម​ប្រកួតប្រជែង​មាន​ការ​កើន​ឡើង​​​​។

 

លោក​ស្រី​បញ្ជាក់​ថា ក្នុង​អំឡុង​​ការ​ប្រកួត​នោះ ​បេក្ខនារី​ដែល​​ដាក់ពាក្យ​ចូលរួម​​​​​ក៏​​​ទទួល​​ដំបូន្មាន​​និង​ការ​ប្រឹក្សា​ផ្សេងៗ​​ពី​អ្នក​ជំនាញ​ ដើម្បី​​ធ្វើ​ឲ្យ​ស្នាដៃ​ឌីហ្សាញ​របស់​ពួកគេ​​កាន់​តែ​​ប្រសើរ​ឡើង​។

 

ជា​អ្នក​ចូលរួម​មួយ​រូប​កញ្ញា អ៊ាក់ ផានិត្យ បាន​បង្ហាញ​​ការ​ចាប់​អារម្មណ៍​សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​ឌីហ្សាញ​​នេះ ដែល​បាន​ផ្តល់​ឱកាស​ដល់​យុវតី​កម្ពុជា​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ឌីហ្សាញ​អាច​ចូលរួម​បង្កើត​ប្រជែង ដើម្បី​សម្រេច​ក្តី​សុបិន​ក្នុង​ការ​​ក្លាយ​ជា​អ្នកឌីហ្សាញ​​​​អាជីព​មួយ​រូប​សម្រាប់​ពេល​អនាគត។

 

កញ្ញា​បាន​កត់​សម្គាល់​ថា យុវតី​ខ្មែរ​មាន​ទេពកោសល្យ និង​ភាព​ច្នៃ​ប្រឌិត ប៉ុន្តែ​នៅ​ខ្វះ​ឱកាស​និង​ការ​បណ្ដុះបណ្ដាល។ យ៉ាង​ណា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ សមត្ថភាព​របស់​ពួកគេ​កាន់​តែ​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ ឬ​អាច​និយាយ​បាន​កម្រិត​សមត្ថភាព​មាន​ភាព​ប្រសើរ​ឡើង​ជា​លំដាប់​​និង​ឈាន​ទៅ​កាន់​កម្រិត​​អ្នក​អាជីព។

 

កញ្ញា ហេង សុមាលីកា ឲ្យ​ដឹង​បន្ត​ថា ទោះ​បី​ស្នាដៃ​របស់​កញ្ញា​ត្រូវ​បាន​​គេ​ទទួល​ស្គាល់​និង​ជាប់​ជា​ជយលាភី ប៉ុន្តែ​គិត​ថា​នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ការ​កែ​លម្អបន្ថែម។ ​គោលដៅ​ក្នុង​ពេល​អនាគត កញ្ញា​ចង់​​​ក្លាយ​ខ្លួន​​ជា​អ្នក​ឌីហ្សាញ​ដ៏​ល្បី​​មួយ​រូប​​ទាំង​នៅ​លើ​​ឆាក​ជាតិ​និង​​អន្តរជាតិ។

 

ប្រឡង​រចនា​សុបិន​ស្រ្តី​លើក​ទី ៥ (Dream Girls Design Contest 2015) ចំណាត់​ថ្នាក់​លេខ ១ ទទួល​បាន​ប្រាក់​រង្វាន់ ១.០០០ ដុល្លារ (៤.០០០.០០០ លាន​រៀល), លេខ ២ ទទួល​បាន​រង្វាន់ ២០០ ដុល្លារ (៨០០.០០០ រៀល) និង លេខ ៣ ទទួល​បាន​ប្រាក់​រង្វាន់ ១០០ ដុល្លារ (៤០០.០០០ រៀល)។

 

ហេង សុមាលីកា ពាក់អាវ​ស​ខាង​ស្តាំគេ​

 
 

Dream Girls Design Contest 2015 ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Blooming Life និង​ទទួល​បាន​​ការ​សហការ​ឧបត្ថម្ភ​​​ពី​ក្រុមហ៊ុន​នានា​ដូចជា Aeon Mall, H.I.S. (Cambodia) Travel Co., Ltd., Sabay Digital Corporation, MUSASHI PAINT COMPANY (CO.,)LTD.,Seiwa Communication Co., Ltd, SORANO HIKARI CAMBODIA CO LTD , Incoporated Medical Institute Hiroyoshikai, MATES Global Communication Co., Ltd., និង​ក្រុមហ៊ុនមួយ​ចំនួន​ទៀត។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី