រូ ចាន់ដារ៉ា រលំហាងអស់ ៥ម៉ឺនដុល្លារ
- 2014-10-06 19:11:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូ ចាន់ដារ៉ា រលំហាងអស់ ៥ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ប្រភពព័ត៌មានមួយបាន ទម្លាយឲ្យដឹងថា កញ្ញា រូ ចាន់ដារ៉ា តួឯកស្រីក្នុងរឿង "សាកលវិទ្យាល័យកំណើតស្នេហ៍" ទើបបានដួលរលំហាងផឹកស៊ីមួយកន្លែងថ្មីៗនេះ ដោយខាតឡុងចុងអស់ប្រាក់ជាង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ។
ហាងនោះ មានយីហោ "ផ្ទះត្រាវ" ឬ "Taro House” មានទីតាំងនៅជិតស្ពាននាគឡើងទៅកោះពេជ្រ។ យ៉ាងណា តាមប្រភព ហាងនោះមិនមែនជាកម្មសិទ្ធិរបស់កញ្ញា នូ ចាន់ដារ៉ា តែម្នាក់ទេ គឺចូលហ៊ុនគ្នាជាមួយមិត្តភ័ក្ដិក្នុងសិល្បៈមួយរូបទៀត គឺកញ្ញា ហ៊ុយ ច័ន្ទរាជនី។ ឥឡូវហាងនេះ ត្រូវបានបិទ និងប្ដូរឈ្មោះទៅអាជីវកម្មផ្សេងទៀតហើយ។ ប្រភពថ្លែងថា "បិទហើយ គឺប្រមាណ៣-៤ខែហើយតើ លឺថា ខាតអស់ច្រើនណាស់ ដល់ទៅ៤-៥ម៉ឺនដុល្លារឯណោះ!"។
កញ្ញា រូ ចាន់ដារ៉ា ពេលថតរឿង "សាកលវិទ្យាល័យកំណើតស្នេហ៍"
កញ្ញា ចាន់ដារ៉ា បានទទួលស្គាល់លើបញ្ហានេះ។ "ចាស៎...បិទមែនតើបង...បិទយូរដែរហើយ ព្រោះចំណេញច្រើនពេក(សើច)!”។ តារាសម្ដែង និងម៉ូដែលរូបនេះ ប្រាប់បន្ថែមថា ហាងផឹកស៊ីរបស់កញ្ញាបើកបាន១ឆ្នាំគត់ គឺបើកដំបូងនៅខែកក្កដា ២០១៣ បិទវិញខែកក្កដា ២០១៤ដែរ។
កញ្ញា ថា បើកដំបូងមានភ្ញៀវច្រើនគ្រាន់បើ ប៉ុន្តែយូរទៅខ្សត់ទៅៗ ដោយសារមានហាងជិតៗគ្នាច្រើន ចុងក្រោយទប់ការចំណាយលែងរួចក៏បិទតែម្ដងទៅ។ ចំពោះការខាតបង់ ស្រីស្អាតរូបនេះ បង្ហើបឲ្យដឹងដូចនឹងប្រភពបញ្ចេញដែរ គឺខ្ទង់៥ម៉ឺនដុល្លារ ប៉ុន្តែមិនមែនជាទុនរបស់កញ្ញាតែម្នាក់ទេ។ "មិនមែនខ្ញុំតែឯងទេ គឺចូលហ៊ុនជាមួយបងប្រុស ហ៊ុយ ច័ន្ទរាជនី ទៀត ខ្ញុំមានលុយឯណាច្រើនដល់ម្លឹងបង"។
មកទល់ឥឡូវ កញ្ញា រូ ចាន់ដារ៉ា មិនទាន់បន្តជំនួញអ្វីផ្សេងទៀតឡើយ ព្រោះនៅដក់ជាប់ការខាតបង់ក្នុងជំនួញលើកដំបូងនៅឡើយ។ តារាម៉ូដែលរូបនេះ ប្រាប់ថា ឥឡូវនាងកំពុងងាកមកការងារសិល្បៈម្ដង ដោយបច្ចុប្បន្នកំពុងមមាញឹកនឹងការងារថតស្ប៉តពាណិជ្ជកម្ម ដើរម៉ូដ និងសម្ដែង។
ស្រីស្អាតមានកំណើតនៅរាជធានីរូបនេះ កំពុងជាប់សម្ដែងក្នុងរឿងភាគដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ រឿង "សាកលវិទ្យាល័យកំណើតស្នេហ៍" ដែលកញ្ញាគឺជាតួឯកស្រី។ កញ្ញា រូ ចាន់ដារ៉ា ប្រាប់ថា នេះជាបទពិសោធន៍សម្ដែងភាពយន្តលើកដំបូង កញ្ញានឹងប្រឹងធ្វើឲ្យបានល្អ៕
កញ្ញា រូ ចាន់ដារ៉ា ថតចម្រៀងកាយវិការជាមួយលោក ព្រាប សុវត្ថិ
អត្ថបទផ្សេងៗពាក់ព័ន្ធរឿងរ៉ាវតារាជាតិ សូមចុចទីនេះ...!!!
អត្ថបទផ្សេងៗស្ដីពីសកម្មភាពតារាជាតិ សូមចុចទីនេះ…!!!
អត្ថបទ៖ ទារិកា
រូបភាព៖ facebook កញ្ញា ដារ៉ា