គីម ជុងអ៊ុន ប្រាប់​កងទ័ព​ឲ្យ​ប្រុង​ខ្លួន​ធ្វើ​សង្គ្រាម​គំរាម​អាមេរិក

  • 2015-03-02 16:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រាប់​កងទ័ព​របស់​ខ្លួន​ឲ្យ​ត្រៀម​អាវុធ​ធ្វើ​សង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក ដែល​ជា​​មហា​អំណាច​​យោធា​ពិភពលោក។ ប្រតិកម្ម​មេដឹកនាំ​វ័យ​ក្មេង​​នេះ ​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សមយុទ្ធ​ទ្វេ​ភាគី​រួម​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង មុន​ពេល​ប្រកាស​ប្រតិបត្តិការ​សម​យុទ្ធ​មួយ​ទៀត ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នេះ។

 

 

ប្រតិបត្តិការ​សមយុទ្ធ​ដ៏​ធំ​ដែល​មាន​ឈ្មោះ​ថា Foal Eagle នឹង​មាន​ការ​ចូល​រួម​ពី​ទាហាន​កូរ៉េខាងត្បូង​ប្រហែល ២០០០០០​នាក់ និង​កង​កម្លាំង​អាមេរិក ៣៧០០​នាក់​ផ្សេង​ទៀត ប្រារព្ធ​ធ្វើ​ឡើង​ទាំង​នៅ​លើ​ដី លើ​ផ្ទៃ​ទឹក និង​ក្នុង​ដែន​អាកាស។ ការ​ធ្វើ​សមយុទ្ធ​ដ៏​កក្រើក​​រវាង​ប្រទេស​ទាំង​ពីរ​នេះ បាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​នៅ​មិន​ស្រណុក​ខ្លួន រហូត​ប្រកាស​ឲ្យ​កង​ទ័ព​ប្រុង​ជើង​ការ​ទុក​ជា​មុន។ ​

 

លោក គីម ជុងអ៊ុន បាន​និយាយ​ថា អាមេរិក​មិន​មែន​ជា "មហាអំណាច​ផ្ដាច់​មុខ" លើ​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយ​អាមេរិក​ពិត​ជា​យល់​ច្រឡំ​ធំ​ណាស់ ប្រសិន​បើ​គិត​ថា​ទឹក​ដី​របស់​ខ្លួន​មាន​សុវត្ថិភាព​នោះ។ កាល​ពី​ពេល​ថ្មីៗ​នេះ កូរ៉េខាងជើង​ក៏​បាន​ពង្រឹង​កងកម្លាំង​របស់​ខ្លួន​តាម​រយៈ​លំហាត់​សមយុទ្ធ​ទាំង​លើ​គោក ក្នុង​ទឹក និង​លើ​ដែន​អាកាស ដែល​ដាក់​សម្ពាធ​ទៅ​លើ​ឧបទ្វីប​កូរ៉េ​ឲ្យ​កាន់​តែ​កើន​កម្ដៅ។ ​​​​​​

 

ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង(KCNA) បាន​បង្ហាញ​ថា កូរ៉េខាងជើង​នឹង​ចាប់​ផ្ដើម​​ធ្វើ​សង្គ្រាម​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ជាមួយ​សហរដ្ឋអាមេរិក ដែល​ពេល​នេះ​ងាក​មក​ជ្រើសរើស​ការ​ប្រឈម​មុខ​ដាក់​គ្នា។ សារព័ត៌មាន​នេះ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា ស្ថានភាព​ទូទៅ​នៅ​ពេល​នេះ ​ជា​សង្គ្រាម​បង្រួប​បង្រួម​ជាតិ ហើយ​វា​ស្ថិត​នៅ​ក្នុង​ដៃ​កងទ័ព​កូរ៉េខាងជើង​ទាំង​អស់​ដែល​តម្រូវ​ឲ្យ​ក្លាយ​ជា​ឆ្មាំ​ការពារ​ប្រទេស ត្រៀម​ខ្លួន​ឲ្យ​បាន​ពេញ​លេញ​ទាំង​បច្ចេកទេស ព្រម​ទាំង​សម្ភារៈ ​ដើម្បី​ធ្វើ​​សង្គ្រាម​នយោបាយ និង​មនោគមវិជ្ជា។

 

 

នេះ​គឺ​ជា​ការ​​វិវឌ្ឍ​ដ៏​តានតឹង​ថ្មី​មួយ​ទៀតនៅ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​ការ​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ដ៏​ចម្រូងចម្រាស “The Interview” របស់​ផលិតកម្ម Sony ដែល​និយាយ​ពី​ការ​លប​ធ្វើ​ឃាត​មេដឹកនាំ​ផ្ដាច់ការ​​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន៕

 

 

 

ចុចអាន៖ អ៊ីរ៉ង់​លេង​ខ្លាំង កម្ទេច​នាវា​ដឹក​យន្តហោះ​ចម្បាំង​សម្ញែងអាមេរិក

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail