​រឿង​​បន្លែ​ ផ្លែ​ឈើ​មាន​ជាតិ​​គីមី​ កំពុង​ក្លាយ​​ជា​ប្រធាន​បទ​ក្តៅ​!

  • 2014-10-06 19:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្លែ​ ផ្លែ​​ឈើ​​ ​និង​ផលិត​​ផល​ហួស​ដឺលេ​​ ដែល​​​កំពុង​ចរាចរណ៍​នៅ​លើ​ទី​ផ្សារ​​បច្ចុប្បន្ន​ បាន​​​​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​​​​ខ្លាំង​ឡើង​ ​ពី​ផល​ប៉ះ​ពាល់​ដល់​សុខភាព ខណៈ​​​ពលរដ្ឋ​ទូទៅ​​សុទ្ធ​តែ​បាន​ដឹង​​​ពី​​ការ​ប្រើ​ប្រាស់​ថ្នាំ​ និង​ជី​គីមី​ ដើម្បី​រក្សា​ភាព​ល្អ​ស្រស់​បំព្រង​​នៃ​ផលិត​ផល​ទាំង​នោះ​។ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ចំណី​អាហារ​បាន​ព្រមាន​ថា​ ការ​បរិភោគ​អាហារ​ ដែល​មាន​សារធាតុ​​គីមី​​នឹង​​​នាំ​មក​​នូវ​​​ផលប៉ះពាល់​​ដល់​សុខភាព​ ក្នុង​នោះ​​មាន​ជំងឺ​មហារីក​ និង​តំរង​នោម​ជា​ដើម​។​ ។

 

យុវជន​ សច្ចា អតីតនិស្សិត​សាកលវិទ្យាល័យ​​បញ្ញាជាតិ​​បាន​រៀបរាប់​​ថា​ បន្លែ​ផ្លែ​ឈើ ​ទាំង​អស់​​សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព​ ប៉ុន្តែ​វា​នឹង​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់​នៅ​ពេល​ដែល​អ្នក​ដាំ​ដុះ​ ប្រើ​​ថ្នាំ​គីមី​ ​ឬ​ ប្រើ​សមាស​ធាតុ​គីមី​ដើម្បី​រក្សា​គុណ​ភាព​ ​ដែល​ខុស​ពី​ធម្មតា។​ "វា​​ពិត​ជា​​មាន​​​ផល​ប៉ះពាល់​ ដោយ​យើង​មិន​អាច​ដឹង​ជា​​មុន​។ ខ្ញុំ​មិន​កំណត់​ថា​​ប្រភេទ​​​បន្លែ​ ផ្លែ​ឈើ​ណា​ប៉ះ​ពាល់​នោះ​ទេ​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​​គួរ​សាក​សួរ​ជា​មុន​​នូវ​ប្រភព​​បន្លែ​ផ្លែ​ឈើ​ទាំង​នោះ​”។

 

 

យុវជន​ តា​រា និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​រៀប​រាប់​​ពី​​ផល​ប៉ះពាល់​​ភ្លាម​​ៗ​ បន្ទាប់​​ពី​​ទិញ​គ្រឿង​កំប៉ុង​ហួស​កាល​បរិច្ឆេទ​​​ដាក់​លក់​នៅ​​លើ​ទីផ្សារ​​យក​មក​​​​​​​​ញ៉ាំ​កាល​ពី​​ពេល​​ថ្មី​​ៗ​​​ និង​ស្នើរ​​សុំ​​ឲ្យ​ផ្នែក​ពាក់​ព័ន្ធ​​ចុះ​ត្រួត​ពិនិត្យ​​ មុខ​​ទំនិញ​មួយ​ចំនួន​​​នៅ​លើ​ទីផ្សារ។ ​ម្យ៉ាង​បន្លែ​​ផ្លែ​ឈើ​​ក៏​ដូច​គ្នា​ដែរ​ អ្នក​​លក់​ម្នាក់​ធ្លោយ​​មាត់​ មិន​​ហ៊ាន​​បរិភោគ​ផ្លែ​ឈើ​​​​នោះ​ទេ​​ ព្រោះ​បាន​​ដឹង​​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​​គីមី​​។ "ខ្ញុំ​បាន​​ទិញ​​ទឹក​ដោះ​​គោ​ជូ​​មក​​ញ៉ាំ​ស្រាប់​តែ​ឈឺ​ពោះ​ លុះ​​មើល​ដឺលេ​ស្រាប់​តែ​ហួស​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​ថ្ងៃ​មួយ​​​ខ្ញុំ​បាន​ទៅ​ទិញ​​ផ្លែ​ឈើ​អ្នក​​លក់​ស្គាល់​គ្នា​ គាត់​ថា​​​យក​ល្អ​កុំ​សូវ​​ទិញ​​ផ្លែ​មៀន​ញ៉ាំ​ ព្រោះ​​គេ​ប្រើ​ថ្នាំ​ ដើម្បី​ទុក​​លក់​បាន​​​។ គាត់​អ្នក​​លក់​ផង​ អត់​ហ៊ាន​​ញ៉ាំ​”​។

 

ទន្ទឹម​គ្នា​ដែរ​យុវជន​ ស៊ី​ណា​ ​​ក៏​​បាន​​​​​រៀប​រាប់​​​ពី​ផល​ប៉ះពាល់​​ធ្ងន់​ធ្ងរ​​​ចំពោះ​​សុខភាព ​​នៅ​ពេល​​​ដែល​​អ្នក​បរិភោគ​បន្លែ​ ផ្លែ​ឈើ​ ​មិន​​ដឹង​ប្រភព​​​មក​ពី​ខាង​ណា។ "​​បន្លែ​​ផ្លែ​ឈើ​នាំ​​ចូល​ជា​មុខ​ព្រួញ​​សង្ស័យ​​ នូវ​ការ​ប្រើ​ប្រាស់​ថ្នាំ​ និង​ជី​គឺមី​ខ្ពស់​​។​ ដូច្នេះ​​ការ​បរិភោគ​បន្លែ​ឆ្អិន​​ និង​ត្រាំ​ទឹក​​​សម្លាប់​មេរោគ​​បន្លែ​ទាំង​​នោះ​ជា​​ប្រការ​ល្អ​​​”។ ​​​​​​​​

“ខ្ញុំ​គិត​ថា​​យើង​គប្បី​យក​​ចិត្ត​ទុក​​ដាក់​​លើ​បញ្ហា​នេះ​​។ កម្ពុជា​​ជា​ប្រទេស​កសិកម្ម​​គួរ​តែ​ ជម្រុញ​ការ​ដាំ​ដុះ​​បន្លែ​ធម្មជាតិ​ និង​ត្រូវ​​គាំទ្រ​ផលិត​ផល​ខ្មែរ​ទាំង​អស់​​គ្នា​”។ ទាំង​នេះ​គឺជា​ការ​​រៀប​រាប់​របស់​ កញ្ញា លីនី​។ កញ្ញា​រៀបរាប់​​ថា​ កន្លង​មក​ខ្លួន​ធ្លាប់​​​​ ក្អួត​​ និង​រាក​ រហូត​ព្យួរ​សេរ៉ូម​ ដោយ​សង្ស័យ​បន្លែ​​មាន​ថ្នាំ​ពុល​។

 

ជុំវិញ​​បញ្ហា​នេះ​ លោក​ ហ៊ឹម ខទៀត មន្រ្តី​​ផ្នែក​ទំនាក់​ទំនង​នៅ​អង្គការ​សេដាក​បាន​រៀប​រាប់​ថា​ បច្ចុប្បន្ន​​កម្ពុជា​បាន​ខិត​ខំ យ៉ាង​ខ្លាំង​​ជម្រុញ​​​ការ​នាំ​ចេញ​ស្រូវ​ទៅ​​ក្រៅ​ប្រទេស​។ ប៉ុន្តែ​​ចំពោះ​បន្លែ​ផ្លែ​ឈើ​នៅ​តែ​មាន​​ការ​នាំ​ចូល​​​រង្វង់​ ៤០​ ទៅ​​ ៥០​ ភាគ​រយ​ ដើម្បី​ផ្គត់​​ផ្គង់​ទីផ្សារ​ ក្នុង​ស្រុក​។ បន្លែ​​ផ្លែ​ឈើ​នាំ​ចូល​​ប្រមាណ​ ៩៥ ទៅ​១០០ ភាគ​រយ​បាន​ប្រើ​ថ្នាំ​គីមី​ និង​បន្លែ​​ផ្លែ​ឈើ​​​​​កំពុង​ផ្គត់​ផ្គង់​​ទីផ្សារ​ ក្នុង​ស្រុក​តែ​ ១ ឬ ២ ភាគ​រយ​​ ទៀត​​​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​​សុវត្ថិភាព​ ​​។​

 

លោក​បាន​បន្ថែម​​ថា​ អង្គការ​សេដាក​បាន​​បង្កើត​ទីផ្សារ​កសិផល​ធម្មជាតិ ៩ កន្លែង​​ ដោយ​មិន​ប្រើ​ថ្នាំ​ និង​ជី​គីមី ដើម្បី​​ចែក​​ចាយ​ដល់​អតិថិជន​ ក៏​ដូច​​ជួយ​លើក​ទឹក​​ចិត្ត​ដល់​កសិករ​​ឲ្យ​​ផលិត​​បន្លែ​​ ផ្លែ​ឈើ​ ដែល​មាន​សុវត្ថិភាព​។ ប៉ុន្តែ​ បច្ចុប្បន្ន​​ ផលិត​​ផល​ទាំង​​នោះ​ ​មិន​អាច​ផ្គត់​ផ្គង់​​គ្រប់​គ្រាន់​ ​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​នោះ​ទេ​។ ដូច្នេះ​​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​​​សម្រាប់​ យុវជន​ ក្នុង​​ការ​ចាប់​យក​​អាជីព​ជា​អ្នក​​ដាំ​ដុះ​បន្លែ​ ផ្លែ​​ឈើ​ សរីរាង្គ​ ជា​ជាង​ធ្វើ​ចំណាក​ស្រុក​ ឬ​ធ្វើ​ការងារ​ឆ្ងាយ​​ពី​ផ្ទះ​។ "កន្លងមក​​សេដាក​ បាន​បណ្តុះ​បណ្តាល​យុវជន​ជា​ច្រើន​​នាក់ ​ទាក់​ទង​នឹង​ការ​ដាំ​ដុះ​​បន្លែ​​ ផ្លែ​ឈើ​បែប​​សរីរាង​ រហូត​មាន​អ្នក​ខ្លះ​អាច​រក​ប្រាក់​ចំណូល​បាន​ ១០០០ ដុល្លារ​ ក្នុង​មួយ​ខែ​​​​”។

 

 

ទោះ​យ៉ាង​ណា​ លោក​វេជ្ជបណ្ឌិត​ ងី​ មាន​​ហេង​ អនុប្រធាន​មន្ទីរ​ សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​​ថ្លែង​ថា​ យើង​មិន​​មាន​ការ​សិក្សា​ច្បាស់​លាស់​ណា​មួយ​ទាក់​ទង​នឹង​​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​​លើ​​បន្លែ​​ ផ្លែ​ឈើ​​​​ កម្រិត​ណា​នោះ​ទេ​។ លោក​ថា​ សារធាតុ​គីមី​​​មាន​​​ច្រើន​ប្រភេទ​ណាស់​។ កាល​​ណា​យើង​​បរិភោគ​បន្លែ​ ដែល​មាន​​សារធាតុ​គីមី​ច្រើន​​នឹង​អាច​ធ្វើ​ឲ្យ​ពុល​ភ្លាម​​ៗ​តែ​ម្តង​ ចំណែក​​​​ការ​ញ៉ាំ​បន្លែ​ ដែល​មាន​​បរិមាណ​តិច រាប់​ខែ​ឆ្នាំ​នឹង​អាច​​ធ្វើ​​ឲ្យ​ប៉ះពាល់​តំរង​នោម​​ កង់​សែ​ និង​​ជំងឺ​​មហារីក​ជា​ដើម​។ "ការ​រក្សា​បន្លែ​ផ្លែ​ឈើ​ឲ្យ​​បាន​​យូរ​​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ប្រភេទ​ ក្នុង​នោះ​មាន​​ ការ​រក្សា​​ក្នុង​ប្រព័ន្ធ​ត្រជាក់​ និង​ការ​ប្រើ​សារធាតុ​គីមី​។ សារធាតុ​គីមី​ខ្លះ​ត្រូវ​ប្រើ​ នឹង​រក្សា​​ក្នុង​សីតុណ្ហភាព​ ២៥​ អង្សារ​ ប៉ុន្តែ​​​បន្លែ​ ផ្លែ​ឈើ​ខ្លះ​ យក​ទៅ​ទុក​​នៅ​កន្លែង​ ដែល​មាន​សីតុណ្ហភាព​​ជាង​ ៣០ អង្សារ​។ ដូច្នេះ​យក​ល្អ​​មុន​នឹង​​បរិភោគ​យើង​ត្រូវ​លាង​នឹង​ត្រាំ​ ក្នុង​ទឹក​ស្អាត​រយៈ​ពេល​ពី​៥​ ទៅ​១០ នាទី​ ​នឹង​អាច​កាត់​បន្ថយ​បាន​​ខ្លះ​”​៕ ​​​​

អាន​អត្ថបទ៖ ករណី​ជាប់​បាក់​ឌុប​ស្វ័យ​ប្រវត្តិ​របស់​ ស៊ន​ សៀវ​ម៉ី នាំ​ឲ្យ​មាន​​ការ​​​​​ពន្យល់​​​ពី​មន្រ្តី​អប់រំ​ ចុច​ត្រង់​នេះ​

អត្ថបទ៖មៃ សុខលីម