ចាប៉ី​ដង​វែង​នឹង​ត្រូវ​ស្នើ​​បញ្ចូលជា​​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​

  • 2015-03-03 20:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប៉ី​ដង​វែង​​ របស់​ខ្មែរ​​នឹង​​ត្រូវ​ស្នើ​សុំ​ដាក់​​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​​ខាង​មុខ​។ នេះ​បើ​តាម​​​សម្តេច​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​​ បាន​ថ្លែង​​នៅ​ក្នុង​​​ទិវា​វប្បធម៌​​ជាតិ​ ៣ មីនា កាល​ពី​ព្រឹក​មិញ​នេះ​។   សម្តេច​បាន​​បន្ថែម​​ថា ​​នៅ​លើ​ពិភព​លោក​មាន​តែ​ខ្មែរ​មួយ​គត់​ដែល​មាន​ចាប៉ី​ដង​វែង។ ដូច្នេះ​​សង្ឃឹម​ថា​ការ​​ស្នើ​សុំ​ ទៅ​អង្គការ​យូណេស្កូ​នឹង​មិន​​​មាន​ការ​ជំទាស់​នោះ​ទេ។ "ព្រោះ​អាហ្នឹង​គ្មាន​អ្នក​ណា​មក​ជំទាស់​កើត​ទេ​ ចាប៉ី​ដង​វែង​មាន​​តែ​ខ្មែរ​ទេ​ គេ​មាន​ចាប៉ី​បែប​របស់​គេ​ អាហ្នឹង​គេ​ដាក់​ទៅ​រឿង​របស់​គេ​ ប៉ុន្តែ​ចាប៉ី​បែប​ខ្មែរ​នេះ​គ្មាន​ទេ​ ពិភពលោក​​មាន​តែ​ខ្មែរ​មួយ​គត់​”។   ក្នុង​អភិរក្ស​​សិល្បៈ​វប្បធម៌​ខ្មែរ​សម្តេច​ បាន​ស្នើ​​​​ឱ្យ​មាន​​ជំនួប​រវាង​​ យុវជន​​ជំនាន់​ក្រោយ​ និង​វិរ​សិល្បៈករ​ជើង​ចាស់​ឲ្យ​បាន​​ច្រើន ដើម្បី​សិក្សា​ស្វែង​យល់​។ ​​   យោង​តាម​​​ឯកសារ​មួយ​​ឲ្យ​ដឹង​ថា​ «ចាប៉ី» ​ជា​ពាក្យ​យារ​មក​ពីពាក្យ​សំស្ក្រឹត​ថា «ចក្ឆប៉ី» ។ ហៅ​ឈ្មោះ​ថា ចាប៉ី​ដង​វែង មក​ពី​ចាប៉ី នេះ​មាន​ដង​វែង​ទន្ទាំ ។ ចាប៉ី​នេះ​មាន​មុខងារ​សំខាន់​៤​យ៉ាង​គឺ ៖​

 

១. ​សំខាន់​ ​ក្នុង​វង់ភ្លេង​អារក្ស ដោយ​គេ​យក​ឧបករណ៍​នេះ​ទៅ​ប្រគំ​ចូល​ជាមួយ​ឧបករណ៍​ដទៃ​ទៀត​ក្នុង​ពេល​លៀង​ អារក្ស​ម្ដងៗ​តាំងពី​សម័យ​យូរលង់​ណាស់​មក​ហើយ ។   ២. សំខាន់​ក្នុង​វង់​ភ្លេងការ​បុរាណ​ដែល​ជា​ប្រពៃណី​របស់​ដូនតា​យើង​តាំងពី​រាប់​ពាន់ឆ្នាំ​មក​ហើយ ។   ៣. សំខាន់​សម្រាប់​កំដរ​ចំរៀង​បែប​កំណាព្យ ដែល​អ្នក​ច្រៀង​ត្រេះ​ផង​ច្រៀង​ផងមាន​ប្រជាប្រិយ​បំផុត ។   ៤. សំខាន់ ​ក្នុង​វង់ភ្លេង​មហោរី​សម័យ​ដំបូង​បង្អស់ ប៉ុន្ដែ​សម័យ​បច្ចុប្បន្ន​នេះ ​ចាប៉ី​ដង​វែង​គ្មាន​​វត្ដ​មាន​ក្នុង​វង់ភ្លេង​មហោរី​នេះ​ទៀត​ទេ ។  

 

អត្ថបទ៖មៃ សុខលីម រូបភាព៖asiasociety