បក​ស្រាយ​រូប​សាក់​លើ​ខ្លួន​​ Angelina ឃើញ​​​ពាក្យ​​ជូនពរ​អាចារ្យខ្មែរ​​ឧស្សាហ៍​និយាយ ​

  • 2014-09-12 21:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ហូលីវូដ​អាមេរិក​នាង​ Angelina Jolie ​ក៏​មាន​ជំនឿ​ដូច​ប្រជាជន​មួយ​ចំនួន​នៅ​អាស៊ី​ចំពោះ​​ការ​ចាក់​សាក់។ នាង​មិន​គ្រាន់​តែ​គិត​ថា​ ការ​ចាក់​សាក់​ដើម្បី​បាន​រូប​ស្អាត​នៅ​លើ​ដង​ខ្លួន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​បង្កប់​នូវ​អត្ថន័យ​ និង​ជា​យ័ន្ត​ការ​ពារ​​ខ្លួន​ទៀត​ផង។

  ចុះ​រូប​សាក់​ជា​ច្រើន​នៅ​លើ​ដង​ខ្លួន​របស់​នាង​ Angelina Jolie​ មាន​អត្ថន័យ​យ៉ាង​ណា​ទៅ​ហ្ន? គេហទំព័រ​ Angies Rainbow​ បាន​​ស្រាយ​នូវ​រូប​​សាក់​នៅ​លើ​ខ្លួន​នាង​ដូច​តទៅ៖

  -ឆ្នាំ​១៩៩៣៖​ សាក់​ជា​​​អក្សរ​​ជប៉ុន​ "Kanji”​ ​មាន​ន័យ​ថា​ "មរណៈ"។

 

 

-ឆ្នាំ​១៩៩៤៖​ នាង​បាន​សាក់​ពាក្យ​ "Courage” ឬ​ "ក្លាហាន" ជា​អក្សរ​​ជប៉ុន​ ប៉ុន្តែ​ក្រោយ​មក​ក៏​លុប​ចោល​វិញ។

 

 

-ឆ្នាំ​១៩៩៧៖ នាង​បាន​ឲ្យ​គេ​សាក់​រូប​នាគ​ ហើយ​ក៏​បន្ថែម​ឈ្មោះ​អតីត​ប្ដី​របស់​នាង​ Billy Bob​ ទៀត​ក្នុង​ឆ្នាំ​២០០០​ ប៉ុន្តែ​បាន​លុប​ចោល​វិញ។ ក្រោយ​លុប​រូប​​សាក់​នោះ​ នាង​សន្យា​ថា​៖ "ខ្ញុំ​នឹង​មិន​ឆ្កួត​សាក់​ឈ្មោះ​មនុស្ស​ប្រុស​ម្ដង​ទៀត​ទេ"។

 

 

-ឆ្នាំ​១៩៩៨៖ នាង​បាន​​ឲ្យ​គេ​ចាក់​សាក់​ "Quod me nutrit me destruit"​ជា​អក្សរ​ឡាតាំង​ ដែល​មាន​ន័យ​ថា​ "អ្វី​ដែល​បាន​ទំនុកបម្រុង​ខ្ញុំ ​ក៏​បាន​បំផ្លាញ​ខ្ញុំ​ដែរ”។ ​ក្នុង​ឆ្នាំ​១៩៩៦​​ នាង​ក៏​​បាន​បន្ថែម​រូប​​ឈើ​ឆ្កាង​ ដែល​សាក់​នៅ​ប្រទេស​ហុឡង់ដ៍។

 

 

-ឆ្នាំ​២០០៣៖ នាង​បាន​ឲ្យ​គ្រូ​ថៃ​មួយ​រូប​ឈ្មោះ​ Sompong Kanphai​ ចាក់​សាក់​នូវ​ពាក្យ​ជូនពរ​របស់​ព្រះពុទ្ធសាសនា​ជា​អក្សរ​ខ្មែរ​ដើម្បី​បួងសួង​ដល់​កូន​ប្រុស​របស់​នាង​ Maddox។ សាក់​ជា​​ភាសា​បាលី​​នេះ​​មាន​ន័យ​​​ថា​​ “សត្រូវ​មក​ពី​មុខ​ឲ្យ​រំលង​ សត្រូវ​មក​ពី​ខ្នង​ឲ្យ​រលាយ។ សូម​ឲ្យ​មាន​សម្រស់​ដូច​នាង​អមរា។ ប្រាថ្នា​អ្វី​ៗ​ឲ្យ​បាន​ដូច​បំណង។ ទៅ​ទីណា​កន្លែង​ណា​​ សូម​ឲ្យ​មាន​តែ​មនុស្ស​ចោមរោម​ស្រលាញ់​ យក​អាសា​ និង​ជួយ​ការ​ពារ​ពី​គ្រប់​ទិសទី"។

 

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ​ AFP

-ឆ្នាំ​២០០៤៖ នាង​បាន​ឲ្យ​គេ​សាក់​ឃ្លា​ “Know your rights” ​ឬ​ "ស្គាល់​ពី​សិទ្ធិ​របស់​អ្នក"។ ឃ្លា​នេះ​ជា​ចំណង​​ជើង​នៃ​បទ​ចម្រៀង​មួយ​ក្នុង​អាល់ប៊ុម​ Combat Rock ​របស់​​ក្រុម​ដន្ត្រី​ the Clash។

 

 

-ឆ្នាំ​២០០៤៖​ នាង​ក៏​បាន​ឲ្យ​គ្រូ​សាក់​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ លោក​ Sompong Kanphai​ ​សាក់​រូប​ខ្លា​ជាន់​ពី​លើ​រូប​នាគ។ កន្ទុយ​ខ្លា​មាន​បង្អួច​ពណ៌​ខៀវ​មួយ។ Angelina​ និយាយ​ថា​ នាង​មាន​អារម្មណ៍​ដូច​ជា​នរណា​ម្នាក់​កំពុង​មើល​មក​ក្រៅ​តាម​បង្អួច​ ជូនពរ​នាង​គ្រប់​ទី​កន្លែង។

 

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ​ AFP

-ឆ្នាំ​២០០៩៖​ នាង​ក៏​មាន​សាក់​ជា​លេខ​ឡាតាំង​នេះ​ "XIII V MCMXL​" ឬ​ “១៣​ ឧសភា​ ១៩៤០”​ ជា​កាល​បរិច្ឆេទ​នៃ​ការ​ថ្លែង​សន្ទរកថា​របស់​អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ Winston Churchill។ សេចក្ដី​ថ្លែង​សន្ទរកថា​នោះ​ល្បី​ណាស់​ ដោយ​លោក​និយាយ​ថា​៖ "ខ្ញុំ​គ្មាន​អ្វី​ផ្ដល់​ឲ្យ​ក្រៅ​ពី​ឈាម​ សេចក្ដី​ព្យាយាម​ ទឹក​ភ្នែក​ និង​ញើស​ទេ"។

 

 

-អ្នក​នាង​ Angelina ក៏​ឲ្យ​គេ​​​សាក់​​លេខ​​កូអរដោណេ (​​ទីតាំង​ភូមិសាស្ត្រ​)​ នៃ​ប្រទេស​ដែល​​កូន​របស់​នាង​បាន​​ចាប់​កំណើត៖

 

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ​ AFP

-N11º 33' 0'' E104º 51' 00''  ជា​កូអរដោណេ​ប្រទេស​កម្ពុជា​ ដែល​ Maddox​ កូន​ចិញ្ចឹម​របស់​នាង​​បាន​កើត។ -N09º 02' 00'' E038º 45' 00'' ជា​កូអរដោណេ ​ដែល Zahara​ ​កូន​ចិញ្ចឹម​​របស់​នាង​​បាន​កើត។ -S22° 40' 26'' E014° 31' 40''  ជា​កូអរដោណេ​នៃ​ទីក្រុង​ Cape ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ដែល​កូន​​របស់​នាង​ផ្ទាល់​​ Shiloh បាន​កើត។ -N10° 40' 00'' E106° 41' 40''  ជា​កូអរដោណេ​នៃ​ប្រទេស​វៀតណម​ ដែល Pax Thien​ កូន​ចិញ្ចឹម​របស់​នាង​​បាន​​កើត។ -N43° 41' 21'' E07° 14' 28'' ជា​​កូអរដោណេ​​នៃ​​ខេត្ត​ Nice ​ប្រទេស​បារាំង​ ដែល​កូន​​ភ្លោះ​​បង្កើត​របស់​នាង​ Knox និង​ ​Vivienne​ បាន​ចាប់​កំណើត៕

ប្រភព៖ angiesrainbow

អត្ថបទថ្មី