តំបន់​​ទេសចរណ៍​​ស្អាត​បំផុត និង​គ្រោះថ្នាក់​បំផុត​ក្នុង​លោក

  • 2015-03-06 17:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​កម្សាន្ត​ស្អាត គឺ​ជា​គោលដៅ​ដែល​ទេសចរ​ប្រាថ្នា​ចង់​ទៅ ប៉ុន្តែ​បញ្ហា​សុវត្ថិភាព​ក៏​សំខាន់​ណាស់​ដែរ។ ទេសចរ​ភាគ​ច្រើន​បាន​គិត​ពី​បញ្ហា​ទាំង​២​នេះ ខណៈ​អ្នក​ខ្លះ​​​ចូល​ចិត្ត​ប្រថុយ​ផ្សេង​ព្រេង​នឹង​គ្រោះថ្នាក់។ ខាង​ក្រោម​នេះ គឺ​ជា​កន្លែង​កម្សាន្ត​ស្អាតៗ​បំផុត​ក្នុង​​លោក ហើយ​ក៏​​ជា​កន្លែង​គ្រោះថ្នាក់​បំផុត​ក្នុង​លោក​​នោះ​ដែរ។

 

១. ភ្នំ Mont Blanc ប្រទេស​បារាំង

 

 

មាន​កម្ពស់​ដល់​ទៅ​៥០០០ម៉ែត្រ និង​មាន​ល្បឿន​ខ្យល់​ដល់​៩៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង វា​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​នោះ​ទេ​ ដែល​ភ្នំ Mont Blanc ស្ថិត​ក្នុង​ចំណោម​តំបន់​ទេសចរ​ណ៍​ដ៏​គ្រោះថ្នាក់​បំផុត​នោះ។

 

យ៉ាង​ណា​ក្ដី វា​នៅ​តែ​មិន​អាច​ឃាត់​ចិត្ត​ក្រុម​អ្នក​ផ្សង​ព្រេង​ពី​ទូទាំង​ពិភពលោក មក​កម្សាន្ត​នៅ​តំបន់​ភ្នំ​នេះ​​បាន​ឡើយ។ ជាក់ស្ដែង ក្នុង​មួយ​ឆ្នាំៗ ​​មាន​អ្នក​ព្យាយាម​ឡើង​លើ​កំពូល​ភ្នំ​នេះ​ដល់​ទៅ​ជាង​២ម៉ឺន​នាក់​ឯណោះ។ ជា​សំណាង​អាក្រក់ មនុស្ស​ជា​ច្រើន​បាន​រង​របួស និង​បាត់​បង់​ជីវិត​នៅ​លើ​ភ្នំ​ដែល​ខ្ពស់​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​មួយ​នេះ ពោល​គឺ​​មាន​អ្នក​ស្លាប់​ពី​៣០ ទៅ​៧០នាក់​បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ។

 

២. Grand Canyon អារីហ្សូណា សហរដ្ឋ​អាមេរិក

 

 

មាន​ទេសចរ​ជាង ៤,៥លាន​នាក់​បាន​ទៅ​កម្សាន្ត​នៅ Grand Canyon ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត ដោយ​សារ​តែ​មាន​មនុស្ស​ជា​មធ្យម​១២នាក់​បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំ។ មូលហេតុ​នៃ​ការ​ស្លាប់​ មាន​ផ្សេងៗ​គ្នា ដែល​មាន​ទាំង​ការ​នឿយហត់​ខ្លាំង​​ កម្ដៅ​ដ៏​ក្ដៅ ខ្សោះ​ជាតិ​ទឹក បញ្ហា​ថ្នាំ​ធ្វើ​ទុក្ខ ការ​សម្លាប់​ខ្លួន និង​ការ​រអិល​ជា​ដើម។ សរុប​ជារួម​ទៅ មាន​អ្នក​ស្លាប់​ដល់​៦៨៥នាក់​ហើយ។

 

៣. កន្លែង​លេង​ទឹក​​រលក​ Teahupoo, កោះ​តាហ៊ីទី

 

 

ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា​ជា​កន្លែង​មាន​ទឹក​រលក​គ្រោះថ្នាក់​បំផុត​មួយ​​ក្នុង​លោក រលក​នៅ​ Teahupoo មាន​កម្ពស់​ពី ៣ ទៅ​៧ម៉ែត្រ។ រលក​ដ៏​ស្អាត​ និង​ធំៗ​​​នេះ បាន​ទាក់ទាញ​ទេសចរ​ជា​ច្រើន​ ប៉ុន្តែ​វា​ក៏​បាន​ឆក់​យក​ជីវិត​មនុស្ស​ផង​ដែរ។ តាំង​ពី​ឆ្នាំ​២០០០​មក មាន​អ្នក​ស្លាប់​៥នាក់​មក​ហើយ ដោយ​សារ​ការ​ជិះ​ក្ដារ​លើ​​ទឹក​រលក និង​មាន​អ្នក​របួស​ជា​ច្រើន​នាក់។

 

http://youtu.be/TmH8M9SIBn0

 

៤. ព្រៃ​ Kokoda Track , ប្រទេស​ប៉ាពូញូវហ្គីណេ

 

 

តំបន់​ព្រៃ​មួយ​នេះ បាន​ទទួល​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​អំឡុង​សង្រ្គាម​លោក​លើក​ទី​២ និង​ចាប់​ផ្ដើម​ល្បី​ជា​ថ្មី​នៅ​ពេល​ដែល​អូស្រ្ដាលី​ទៅ​រំលឹក​វិញ្ញាណក្ខន្ធ​ទាហាន​របស់​ខ្លួន​ដែល​បាន​បាត់បង់​ជីវិត​នៅ​ទី​នោះ។

 

ផ្លូវ​ដើរ​ក្នុង​ព្រៃ​ដែល​មាន​ចម្ងាយ​៦០ម៉ាយល៍​នេះ បាន​ឆក់​យក​ជីវិត​អ្នក​ដើរ​ព្រៃ​ជនជាតិ​អូស្ត្រាលី​៦នាក់ ខណៈ​ជាង​៥០នាក់​ផ្សេង​ទៀត ត្រូវ​យន្តហោះ​ចម្បាំង​យោង​ឡើង​ឲ្យ​ផុត​ពី​ព្រៃ​នោះ​ដើម្បី​ជួយ​សង្រ្គោះ។ ផ្លូវ​ដើរ​នេះ មាន​ទាំង​កាត់​ព្រៃ​ដ៏​ក្រាស់​ដូច​ប្រិយមិត្ត​ឃើញ​ក្នុង​រូប​ស្រាប់ ហើយ​ក៏​មាន​ឆ្លង​ទឹក និង​ឡើង​ភ្នំ​ផង​ដែរ។

 

៥. ឆ្នេរ New Smyrna Beach, Florida សហរដ្ឋ​អាមេរិក ​

 

 

​វា​ជា​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ និង​ទាក់ទាញ​មួយ ប៉ុន្តែ​​វា​ក៏​ជា​កន្លែង​ដែល​មាន​ត្រី​ឆ្លាម​វាយ​ប្រហារ​យ៉ាង​សាហាវ​នោះ​ដែរ។ បើ​គិត​ជា​រួម​ នៅ​ទូទាំង​ពិភពលោក មាន​ករណី​ត្រី​ឆ្លាម​វាយ​ប្រហារ​ ៧០១ដង គិត​ពី​ឆ្នាំ ២០០៤ ដល់​២០១៤ ហើយ​២១៩​ដង​ក្នុង​ចំណោម​នោះ គឺ​បាន​កើត​ឡើង​នៅ​ Florida លើស​តំបន់​​ត្រី​ឆ្លាម​ផ្សេង​ទៀត​ដូច​ជា​ កោះ​ហាវ៉ៃ អូស្រ្ដាលី និង​អាហ្រ្វិកខាងត្បូង​ជា​ដើម។

 

ឆ្នេរ​ New Smyrna Beach គឺ​ជា​ឆ្នេរ​គ្រោះថ្នាក់​បំផុត​ ដោយ​មាន​ការ​វាយ​ប្រហារ​ពី​ត្រីឆ្លាម​លើ​ស​ឆ្នេរ​ឯទៀត​ក្នុង​លោក។

 

៦. ផ្លូវ​ 'Death Road' , La Paz ប្រទេស​បូលីវី

 

 

ល្បី​ខ្លាំង​ក្នុង​នាម​ជា​ផ្លូវ​គ្រោះថ្នាក់​ជាង​គេ​បំផុត​មួយ​ក្នុង​លោក ផ្លូវ North Yungas Road ឬ Death Road បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​រយ​នាក់​ជា​រៀងរាល់​ឆ្នាំ។ ផ្លូវ​ដែល​មាន​ប្រវែង​៤៣ម៉ាយល៍​ និង​មាន​កម្ពស់​ដល់​ទៅ​​ជាង​៦០០ម៉ែត្រ​នេះ មិន​មាន​បង្កាន់​ដៃ​សម្រាប់​ការពារ​យាន​ជំនិះ​ធ្លាក់​ចុះ​ពី​ជ្រលង​ភ្នំ​នោះ​ឡើយ។ យ៉ាង​ណា​ក្ដី ទេសភាព​ដ៏​ស្អាត​អស្ចារ្យ​របស់​វា បាន​ទាក់ទាញ​អ្នក​ជិះ​កង់​ជាង​២៥០០០នាក់​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ។

 

http://youtu.be/cCa3Bb5KxY4

 

៧. ផ្លូវ​ដើរ​នៅ​ភ្នំ Hua Shan ប្រទេស​ចិន

 

 

ផ្លូវ​ដើរ​ដែល​មាន​ចម្ងាយ​២១៥៤ម៉ែត្រ​​ ដែល​ស្ថិត​នៅ​ភ្នំ Hua Shan នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្លូវ​ដើរ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​លោក។ វា​មាន​ទទឹង​តូច​ កោង​បត់​ចុះ​បត់​ឡើង ដែល​ធ្វើ​ឲ្យ​អ្នក​ដើរ​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាង​ខ្លាំង។ ទេសចរ​បាន​ព្យាយាម​ដើរ​តាម​ផ្លូវ​នោះ ដើម្បី​មើល​ទេសភាព និង​​ឡើង​មើល​​កន្លែង​សក្ការ​បូជា​ដែល​នៅ​លើ​កំពូល​ភ្នំ​នោះ ប៉ុន្តែ​មាន​អ្នក​ស្លាប់​ជា​មធ្យម​១០០នាក់​ជា​រៀងរាល់​ឆ្នាំ៕​

 

សម្រាប់​ប្រិយមិត្ត​ គិត​ថា​កន្លែង​ណា​ដែល​ទាក់ទាញ​ជាង​គេ ហើយ​គ្រោះថ្នាក់​ជាង​គេ? ប្រែ​សម្រួល៖ សុខ​ សុវត្ថិ ប្រភព៖ dailymail

អត្ថបទថ្មី