បុណ្យ​ទន្លេ​​​លើក​ដំបូង​នៅ​​ក្រចេះ​​​អាច​មានអ្នក​​ទេសចរ​​ច្រើន​ជាង​បុណ្យ​​​សមុទ្រ​

  • 2015-03-10 18:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ទន្លេ​លើក​ដំបូង​ ដែល​​​​គ្រោង​​​រៀប​ចំ​​នៅ​ខេត្ត​​ក្រចេះ​​នៅ​​ពាក់​កណ្តាល​សបា្តហ៍​នេះ រំពឹង​ថា​​​នឹង​មាន​​ភ្ញៀវទេសចរ​ជាតិ​​ និង​អន្តរ​ជាតិ ​មក​កម្សាន្ត​ច្រើន​ជាង​​បុណ្យ​សមុទ្រ​ ដែល​​ទើប​បញ្ចប់​​នៅ​ខេត្ត​កោះ​កុង​។   លោក រុន ធារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ​​បាន​ប្រាប់​ Sabay ថា​​ លោក​មិន​អាច​ប៉ាន់​ស្មាន​ចំនួន​អ្នក​​ទេសចរ​មាន​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​នេះ​គឺ​ជា​​ការ​រៀប​ចំ​លើក​​ដំបូង​។ ប៉ុន្តែ​មាន​​ការ​ព្យាករណ៍​ថា​​ បុណ្យ​ទន្លេ​លើក​​ដំបូង​នឹង​មាន​​អ្នក​ទេសចរ​មក​កម្សាន្ត​ មិន​ចាញ់​បុណ្យ​សមុទ្រ​នោះ​ទេ។ បុណ្យ​​សមុទ្រ​​​នៅ​ខេត្ត​កោះ​កុង កាល​ពី​​ចុង​​ឆ្នាំ២០១៤​​ មាន​​អ្នក​​ចូល​រួម​ប្រមាណ ១៥​ម៉ឺននាក់​។   លោក រុន​ ធារ៉ា​ បាន​បន្ថែម​​ថា​ គណៈកម្មាធិការ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត​ បាន​​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​​ទទួល​​ភ្ញៀវ​ទេសចរ ក្នុង​នោះ​មាន​​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ពន្ធ​​ បញ្ហា​សន្តិសុខ​សណ្ដាប់​ធ្នាប់ ការ​​សម្ដែង​សិល្បៈ​ ការ​ប្រណាំង​​ទូក​ និង​ប្រណាំង​កង់​ជា​ដើម​។ "មន្ទីរទេសចរណ៍​បាន​​ធ្វើ​សេចក្តី​ជូន​ដំណឹង​​រួច​ហើយ​ទៅ​ម្ចាស់​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​មិន​ឲ្យ​ឡើង​ថ្លៃ​បន្ទប់និង​​ថ្លៃ​ម្ហូប​អាហារ​។ មិន​ត្រឹម​ប៉ុណ្ណឹង​មន្ទីរ​ទេសចរណ៍​ខេត្ត​​ក៏​បាន​​រៀប​ចំ​​​វគ្គ​បដិសណ្ឋាកិច្ច​​នៅ​សណ្ឋាគារ​ និង​ផ្ទះ​​សំណាក់​មួយ​ចំនួន​ផង​ដែរ​​”។ ​នៅ​ខេត្ត​ក្រចេះ​ ទាំង​មូល​​មាន​​បន្ទប់​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​ប្រមាណ​ ១០២៧ បន្ទប់​។ ​នេះ​បើ​តាម​លោក​ រុន​ ធារ៉ា​​។ ចំនួន​នេះ​អាច​មិន​គ្រប់​ ដូច្នេះ​​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​​រៀប​ចំ​ផ្ទះ​សហគមន៍​ដើម្បី​ឲ្យ​​អ្នក​ទេសចរ​​បាន​​ស្នាក់​នៅ​។ បុណ្យ​ទន្លេ​​​នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ទី​១៣ ដល់​ ១៥ ខែ​មីនា ឆ្នាំ​២០១៥៕

 

 

 

អត្ថបទ៖មៃ សុខលីម

រូបភាព៖ Berry Gb-Error