វៀតណាម​ព្រួយ​បារម្ភ​រឿង​ផ្លែឈើ​នាំ​ចូល​គ្មាន​គុណភាព

  • 2015-03-10 23:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Tuoitrenews បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រជាជន​វៀតណាម​កំពុង​ងាក​មក​ទិញ​ផលិត​ផល​ផ្លែឈើ​ដាំ​ក្នុង​ស្រុក ជា​ជាង​ផ្លែឈើ​ដែល​នាំ​ចូល​ខុស​ច្បាប់​ពី​ប្រទេស​នានា ព្រោះ​ព្រួយ​បារម្ភ​រឿង​គុណភាព។ ការ​ព្រួយ​បារម្ភ​នេះ បាន​កើត​ឡើង​ក្រោយ​ប្រជាជន​អូស្ត្រាលី ១៣​នាក់ មាន​រោគ​ថ្លើម​ប្រភេទ A បន្ទាប់​ពី​ទទួល​ទាន​ផ្លែ​បឺរី​កក ដែល​វេច​ខ្ចប់​ដោយ​រោង​ចក្រ​មួយ​នៅ​ក្នុង​ប្រទេស​ចិន។

 

 

អ្នក​ស្រី Thuy Mai នៅ​ស្រុក Tan Phu ក្រុង​ហូជីមិញ បាន​និយាយ​ថា ខ្លួន​ធ្លាប់​ទិញ​ផ្លែឈើ​ថ្លៃ​ៗ​ដែល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ឲ្យ​កូន​ស្រី​ទទួល​ទាន ប៉ុន្តែ​ពេល​នេះ​ឈប់​ទិញ​ដូច​មុន​ទៀត​ហើយ។ ជំនួស​ឲ្យ​ការ​ទិញ​ផ្លែ​ឈើ​នាំ​ចូល​ពី​បរទេស អ្នក​ស្រី​បាន​ឲ្យ​គេ​ផ្ញើ​ពី​ស្រុក​កំណើត​មក​វិញ ព្រោះ​ព្រួយ​បារម្ភ​រឿង​គុណភាព។ ​ បច្ចុប្បន្ន​នេះ ផ្លែឈើ​បរទេស​នាំ​ចូល​វៀតណាម បាន​ដាក់​លក់​ព្រោង​ព្រាត​នៅ​តាម​បណ្តា​ហាង​នានា ផ្សារ​ទំនើប និង​តាម​អនឡាញ ព្រម​ទាំង​មាន​ភាព​ងាយ​ស្រួល​ដើម្បី​ទិញ​ផង​ដែរ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប៉ុន្មាន​ឆ្នាំ​​មុន។

 

មាន​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ដែល​នាំ​ចូល​ប្រទេស​វៀតណាម ពី​សហរដ្ឋអាមេរិក ប៉េរូ អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ហ្វីលីពីន។ ផ្លែ​ឈើ​ទាំង​នោះ​មាន​ដូច​ជា ប៉ោម ទំពាំងបាយជូរ និង​ក្រូច​ជាដើម ហើយ​សុទ្ធតែ​មាន​តម្លៃ​ខ្ពស់​ទៀត​ផង។

 

បើ​តាម​អ្នក​លក់​ផ្លែឈើ​ក្នុង​ប្រទេស​វៀតណាម បាន​បញ្ជាក់​ថា ប្រជាជន​កំពុង​ងាក​មក​ចាប់អារម្មណ៍​ផលិតផល​ធម្មជាតិ​ក្នុង​ស្រុក​វិញ ដូច​ជា​ផ្លែ​ទៀប ឪឡឹក និង​ស្រកា​នាគ ដែល​មាន​តម្លៃ​ថោក និង​គុណភាព​គួរ​ឲ្យ​ទុក​ចិត្ត។

 

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក៏​មាន​ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ពាក់​ព័ន្ធ​នឹង​ស៊ុត​នាំ​ចូល​ពី​​ប្រទេស​ចិន បាន​ចាក់​បញ្ចូល​មេរោគ​អេដស៍ មុន​ដាក់​​លក់​លើ​ទីផ្សារ​វៀតណាម​ផង​ដែរ។ យ៉ាង​ណា​មិញ ភ្លាម​ៗ​នោះ មន្ត្រី​មាន​សមត្ថកិច្ច​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា ពាក្យ​ចចាមអារ៉ាម​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​អះអាង​ថា​វីរុស​អេដស៍​មិន​អាច​រស់​នៅ​ក្នុង​ស៊ុត​មាន់​បាន​ទេ៕

 

ចុចអាន៖ វៀតណាម​បក​ស្រាយ​រឿង​ចាក់​​មេរោគ​អេដស៍​ចូល​ក្នុង​ស៊ុត​មុន​ដាក់​លក់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ tuoitrenews​​

អត្ថបទពេញនិយម
អត្ថបទថ្មី