វៀតណាមបកស្រាយរឿងចាក់មេរោគអេដស៍ចូលក្នុងស៊ុតមុនដាក់លក់
- 2015-02-28 19:07:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមបកស្រាយរឿងចាក់មេរោគអេដស៍ចូលក្នុងស៊ុតមុនដាក់លក់
ចន្លោះមិនឃើញ
មន្ត្រីម្នាក់មកពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម បានច្រានចោលពាក្យចចាមអារ៉ាម ដែលកំពុងល្បីសុសសាយតាមបណ្ដាញសង្គមនានាថា ស៊ុតមាន់នាំចូលពីប្រទេសចិនដាក់លក់លើទីផ្សារវៀតណាម បានចាក់បញ្ចូលឈាមមានផ្ទុកមេរោគអេដស៍។
មន្ត្រីមានសមត្ថកិច្ចបានបញ្ជាក់ថា ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានច្បាស់លាស់ និងអះអាងថាវីរុសអេដស៍មិនអាចរស់នៅក្នុងស៊ុតមាន់បានទេ។ រូបភាពដែលបង្ហោះនៅក្នុងបណ្ដាញសង្គម បានបង្ហាញពីស៊ុតស្រុះរួច មានស្នាមរន្ធតូចៗពណ៌ក្រមៅ មើលទៅដូចជាការចាក់បញ្ចូលអ្វីមួយ។
កាសែត Ninh Thu Do បានទាក់ទងទៅកាន់លោក Nguyen Van Trong ជាអនុប្រធាននាយកដ្ឋានសត្វចិញ្ចឹម នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីសុំស្រាយបំភ្លឺការពិត។ លោកTrong បាននិយាយថា វាជារឿងងាយណាស់ក្នុងការចាក់បញ្ចូលសារធាតុរាវមួយចូលទៅក្នុងស៊ុត ប៉ុន្តែលោករកមិនឃើញហេតុផលដែលត្រូវឲ្យគេធ្វើរឿងបែបនោះឡើយ។
លោក Trong បានកត់សម្គាល់ឃើញថា នេះមិនមែនជាលើកទីមួយទេ ដែលមានពាក្យចចាមអារ៉ាមបណ្ដាលឲ្យប៉ះពាល់ដល់ការលក់ផលិតផលកសិដ្ឋានមកពីប្រទេសចិននោះ កន្លងមកក៏ធ្លាប់មានរឿងបែបនេះកើតឡើងដូចគ្នាដែរ។ លោកបាននិយាយថា បើតាមបទបញ្ញត្តិនាពេលបច្ចុប្បន្ន រាស់សត្វស្លាប និងស៊ុតបក្សីទាំងអស់ សុទ្ធតែមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីពេទ្យសត្វ មុនដាក់លក់នៅលើទីផ្សារ។
ក្រៅពីនេះ កាសែតវៀតណាមខាងលើក៏បានដកស្រង់សម្ដីរបស់លោក Nguyen Duy Thinhដែលជាអតីតអ្នកជំនាញនៅវិទ្យាស្ថានបច្ចេកទេសជីវវិទ្យា និងចំណីអាហារ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Ha Noi ផងដែរ។ លោកThinh បាននិយាយថាស៊ុតមាន់មិនអាចផ្ទុកមេរោគអេដស៍បានទេ ព្រោះមេរោគនេះមិនអាចរស់នៅក្រៅខ្លួនមនុស្សបានឡើយ។
ពេលសួរបញ្ជាក់ថាអ្វីដែលអាចជាមូលហេតុនាំឲ្យមានចំណុចសង្ស័យក្នុងស៊ុត អតីតអ្នកជំនាញរូបនេះ បានបញ្ជាក់ថាអាចបណ្ដាលមកពីការរក្សាទុកស៊ុតមិនបានត្រឹមត្រូវ ការផ្លាស់ប្ដូរហ្សែន ឬសារធាតុគីមីមួយចំនួននៅក្នុងចំណីមាន់៕
ប្រែសម្រួល៖គង់ វិសាល ប្រភព៖ vietnamnews