៨​ចំណុច កុំ​ដាក់ជា​ដាច់​ខាត​ពេល​សរសេរCV

  • 2015-03-11 23:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​អាច​បដិសេធ​បានទេ​ អំពី​ការ​ពិត​​ថា​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​​ដែល​មាន​ស្ថានភាព​កាន់​តែ​លំបាក​រក​ការងារ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

 

កំណើន​ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក​ និង​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ ​មាន​ន័យ​ថា​ មនុស្ស​កាន់​តែ​ច្រើន​ឡើង​បាន​ប្រើ​មធ្យោបាយ​ផ្ទាល់ខ្លួន​ក្នុង​ស្វះស្វែង​ដាក់​ពាក្យ​រក​ការងារ​ល្អ​ៗ។ អ្នកខ្លះ​វិញ​ត្រូវ​គេ​បដិសេធ​តាំង​ពី​ឃើញ CV ដំបូង​​តែ​ម្ដង។ មាន​រឿង​មួយ​ចំនួន​ដែល​យើង​មិន​គួរ​បង្ហាញ​លើ​ប្រវត្តិរូប​នោះ​ទេ ​ដោយសារ​វា​បំផ្លាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ដែល​កំពុង​ជ្រើសរើស​យើង។

 

 

១. កុំ​ព្យាយាម​ផ្ដល់​ព័ត៌មាន​មិន​ពិត​

នៅ​ទី​បញ្ចប់ ​ការពិត​នៅ​តែ​ជា​ការពិត។ សម័យ​នេះ​ទៅ​ហើយ​ គ្មាន​មធ្យោបាយ​ណា​មួយ​អាច​លាក់​កំបាំង​ការពិត​បាន​នោះ​ទេ​ ពិសេស​ប្រវត្តិ​ការងារ​របស់​អ្នក។

 

២. កុំ​ដាក់​បទ​ពិសោធន៍​ការងារ​ដែល​ពុំ​ទាក់ទង​

វា​មិន​ត្រឹម​គ្មាន​ប្រយោជន៍​ ថែម​ទាំង​ធ្វើ​ឱ្យ​ចំណុច​សំខាន់​ផ្សេងៗ​ទៀត​ ត្រូវ​រញ៉េរញ៉ៃ​ ធ្វើ​ឱ្យ​គ្មាន​ប្រយោជន៍​ដូចគ្នា។

 

៣. ការ​​ពិពណ៌នា​រាងកាយ​រូប​សម្រស់​

ការ​ពិពណ៌នា​អំពី​ខ្លួន​យើង​​មិន​គួរ​បញ្ចូល​នៅ​លើ​ប្រវត្តិរូប​ទេ​។ វា​មិន​មែន​ជា​ជំនាញ​វិជ្ជាជីវៈ​ និង​បង្កើត​ឱ្យ​មាន​​ការ​ចំអក​ថា​ យើង​នឹង​ប្រើ​ពេល​ធ្វើការ​យក​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​គ្មាន​បាន​ការ​អស់​នោះ​។

 

៤. ការ​សរសេរ​តារាង​នៃ​ចំណង់ចំណូលចិត្ត​

ប្រសិន​បើ​អ្នក​មាន​ចំណូល​ចិត្ត​ចម្លែក​មិន​ត្រូវ​នឹង​ជន​ទូទៅ​ ​សូម​ពិចារណា​ឱ្យ​បាន​បី​ដង​មុន​នឹង​សរសេរ​វា ​ឬ​មិន​ចាំបាច់​ដាក់​វា​តែ​ម្ដង។ ចំណូលចិត្ត​ទូទៅ​នៃ​ការ​អាន​ ឬ​ការ​សរសេរ កីឡា​ សិល្បៈ​ ជា​ជម្រើស​អាច​ទទួល​យក​បាន ​ប៉ុន្តែ​មិនដល់​ថ្នាក់​ការ​ឡើង​ភ្នំ​នោះ​ឡើយ​។ ដូច្នេះ​ បញ្ជី​ចំណង់ចំណូលចិត្ត​គួរ​តែ​​ខ្លី ​និង​ច្បាស់លាស់​។

 

៥. ព័ត៌មាន​ឯកជន​មិន​ចាំបាច់​លាតត្រដាង​

ជំនឿ​សាសនា​ ចំណូលចិត្ត​​ផ្លូវ​ភេទ ជា​អ្វី​ដែល​មិន​ទាក់ទង​នៅ​លើ​ប្រវត្តិរូប​ការងារ​ទេ គួរ​តែ​លាក់​​ដឹង​តែ​ម្នាក់​ឯង​ចុះ​។ គ្មាន​​ហេតុផល​ក្នុង​ការ​ដាក់​ព័ត៌មាន​នេះ​​បើក​ចំហ​សម្រាប់​ការ​អង្កេត​នោះ​ទេ​។

 

៦. វេយ្យាករណ៍​

ការ​សរសេរ​ខុស​បង្ហាញ​ពី​ការ​ធ្វេសប្រហែស​ និង​ខ្ជិលច្រអូស​ផ្ទៀងផ្ទាត់​។ ​និយោជក​អាច​ខូច​អារម្មណ៍​តាំង​ពី​កំហុស​ដ៏​តូច​នៃ​ការ​សរសេរ​នោះ។

 

៧. មធ្យោបាយ​ទំនាក់ទំនង

​អាសយដ្ឋាន​អ៊ីមែល​មិន​សមរម្យ​ ដូចជា kadet-Cuttee@yahoo.com ឬ Chanthou_loveyou @gmail.com នាំ​មក​នូវ​ការ​វាយ​តម្លៃ​​។

 

៨. ​ការ​ច្នៃ​ប្រឌិត​

គ្មាន​និយោជក​ណា​ចង់​​សម្លឹង​មើល​ជីវប្រវត្តិ​របស់​អ្នក​ដោយ​​ព្យាយាម​ពេញ​មួយ​ព្រឹក​ដើម្បី​​​រកមើល​អ្វី​​ទៅ​ជា​ចំណុច​សំខាន់​នោះ​ទេ​។ ពួកគេ​ក៏​មិន​ចង់​ឱ្យ​ការ​ពង្វក់​ស្មារតី​ដោយ​សារ​​ពណ៌​ចម្រុះ​​ក្នុង​ព័ត៌មាន​របស់​អ្នក​ឡើយ​​។ ទុក​ឱ្យ​ CV មាន​លក្ខណៈ​សាមញ្ញ​ និង​ធម្មតា​បង្ហាញ​ពី​ភាព​​បរិសុទ្ធ​ និង​វិជ្ជាជីវៈ​៕

 

អាន​អត្ថបទ៖ របៀប​គេង​នៅ​តុ​ការិយាល័យ​ពេល​ម៉ោង​សម្រាក

 

ដោយ៖ សុផាត ប្រភព៖ theundercoverrecruiter