អញ្ចឹង​តើ! ទើប​សាំង​ដប​ថោក​ជាង​សាំង​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ (Video)

  • 2014-10-07 21:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាំង​ដប​នៅ​តាម​ផ្លូវ​មាន​ដាក់​លក់​ជា​ហូរហែ ហើយ​តែង​មាន​តម្លៃ​ថោក​​​ជាង​សាំង​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​។ ​សាំង​ដប​ក្នុង​១​លីត្រ​តម្លៃ​មិន​លើស​ពី​ ៥០០០៛ ឯ​សាំង​នៅ​តាម​ស្ថានីយ​១​លីត្រ តម្លៃ​លើស​ពី​៥០០០៛​ ។

តើ​មូល​ហេតុអ្វី​បាន​ជា​សាំង​ដប​ដែល​គេ​ដាក់​លក់​នៅ​តាម​ផ្លូវ​មាន​តម្លៃ​ថោក​ជាង​សាំង​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ?

​​

ជុំវិញ​នឹង​ចម្ងល់​នេះ អ្នក​ស្រី ​សួន ស្រី​នាង​ អ្នក​លក់​សាំង​ដប​នៅ​តាម​បណ្ដោយ​ផ្លូវ​ ៣៦៩ ក្នុង​ខណ្ឌ​មាន​ជ័យ បក​ស្រាយ​ថា​ធម្មតា​សាំង​លក់​រាយ​រង​គេ​តែង​លក់​ថោក មិន​ខុស​អី​ពី​ក្រុម​ហ៊ុន​ម៉ាក​ម៉ូតូ​ដែរ​ ក្រុម​ហ៊ុន​ធំ​គេ​លក់​ថ្លៃ​ជាង​ក្រុម​ហ៊ុន​តូច​ៗ តែ​តាម​ពិត​គឺ​ដូច​តែ​គ្នា​ទេ​។

 

 

​​​​អ្នក​ស្រី​បន្ថែម​ថា​ ៖ "សាំង​តាម​ពិត​យក​ពី​ក្រុម​ហ៊ុន​ដូច​តែ​គ្នា​ហ្នឹង គ្រាន់​តែ​ថា​ខាង​ហ្គារាស​គេ​ទៅ​យក​ពី​ក្រុម​ហ៊ុន​ផ្ទាល់ ហើយ​ខ្ញុំ​យក​ពី​ហ្គារាស​បន្ត ។ បើ​យើង​លក់​តម្លៃ​ថ្លៃ​ស្មើ​នឹង​ហ្គារាស គេ​នឹង​មិន​ចាក់​ទេ គេ​ប្រាកដ​ជា​ទៅ​ចាក់​នៅ​ហ្គារាស​វិញ​មិន​ខាន។ ខាង​ហ្គារាស​ពេល​គេ​​បោះ​ដុំ​ឲ្យ​ គេ​ទុក​ឲ្យ​យើង​ចំណេញ​ក្បាល​កាក់​រួច​ជា​ស្រេច​ ដូចនេះ​យើង​អាច​យក​មក​លក់​ថោក​ ។ ហើយ​គេ​មិន​បង្ខំ​ថា​ទាល់​តែ​យើង​ត្រូវ​លក់​ក្នុង​តម្លៃ​ប៉ុណ្ណា​ទេ ស្រេច​តែយើង​យល់​ថា ​លក់​ក្នុង​តម្លៃ​ប៉ុណ្ណេះ​អាច​ចំណេញ​បាន​ប៉ុណ្ណា​រួច​សោ​ហ៊ុយ​ឬ​អត់​ ​។ ក្នុង​១​លីត្រ ខ្ញុំ​លក់ ​៤៧០០៛​ ហើយ​ពេល​ខាង​ហ្គារាស​បោះ​ឲ្យ​ គឺ​​បោះ​ថោក​ជាង​ហ្នឹង​ច្រើន​ណាស់ ដែល​តម្លៃ​វា​អាច​ឲ្យ​យើង​យក​មក​លក់​អាច​ចំណេញ​បាន"។

 

មិន​ខុស​គ្នា​ប៉ុន្មាន ​អ្នក​លក់​សាំង​ដប​ម្នាក់ទៀត​នៅ​ម្ដុំ​បុរី​ហាយ​តិច​​ អ្នកស្រី​សុ​ភី អាយុ ៥០​ឆ្នាំ​ និយាយ​ថា ៖ "ក្នុង​មួយ​លីត្រ ខ្ញុំ​លក់​ក្នុង​តម្លៃ​៤៩០០៛ គឺ​ខ្ញុំ​ទៅ​យក​ផ្ទាល់​ពី​ហ្គារាស​សាំង​តែ​ម្ដង​ ហើយ​ហ្គារាស​នោះ​យក​មក​ពី​វៀតណាម​។ ធម្មតា​ទេ គេ​លក់​តាម​ហ្គារាស​គេ​បង់​ភាស៊ី ពន្ធ ​​ អនាម័យ បុគ្គលិក ចុះ​បញ្ជី​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ជា​ដើម​ និង​ កន្លែង​ជួល​រាប់​ពាន់​ដុល្លារ តែ​យើង​លក់​តាម​ផ្ទះ​គេ​មិន​គិត​ពន្ធ មិន​ត្រូវ​ការ​ជួល​បុគ្គលិក អញ្ចឹង​អាច​យក​មក​លក់​ធូរ​ថ្លៃ​បាន​" ។

 

ជា​ទូ​ទៅ​សាំង​ដប​​មួយ​លីត្រ​មាន​តម្លៃ​ពី ៤២០០ ៛ , ​៤៦០០៛ , ៤៧០០​៛ ឬ ៤៩០០៛ ឯ​សាំង​នៅ​តាម​ស្ថានីយ​ ​ក្នុង​១​លីត្រ​ ស៊ុប​ពែរ​មាន​តម្លៃ ៥៤០០៛ សាំង​ធម្មតា​៥២៥០៛ និង​ម៉ាស៊ូត ៤៩៥០៛ ៕

សូមទស្សនាវីដេអូ៖

http://youtu.be/2fOt4iGYEGE?list=UUY70LlkxiaPm2VEOvN_cmaQ

 

សូមអាន ៖ ​រឿង​​បន្លែ​ ផ្លែ​ឈើ​មាន​ជាតិ​​គីមី​ កំពុង​ក្លាយ​​ជា​ប្រធាន​បទ​ក្តៅ​!

អត្ថបទ ៖ លឹម សុ​នា​