ព្យុះរិះគន់រឿង ក្បាច់រាំនិងសាច់ភ្លេងបទ យូរី រងការវាយប្រហារពីប្រព័ន្ធផ្សព្វផ្សាយវៀតណាម
- 2015-03-12 15:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្យុះរិះគន់រឿង ក្បាច់រាំនិងសាច់ភ្លេងបទ យូរី រងការវាយប្រហារពីប្រព័ន្ធផ្សព្វផ្សាយវៀតណាម
ចន្លោះមិនឃើញ
ព្យុះរិះគន់បានផ្ទុះឡើងសាជាថ្មីទៅលើពិភពតន្ត្រីខ្មែរ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានចំអកឡកឡឺយ លើការសម្ដែងក្បាច់រាំ និងសាច់ភ្លេង ក្នុងបទរបស់តារាចម្រៀងសាន់ដេកញ្ញា យូរី នៅឆាកតន្ត្រីពីខេត្តរតនគិរីប៉ុន្មានថ្ងៃមុននេះ។
បណ្ដាញព័ត៌មានវៀតណាម វាយប្រហារថាសាច់ភ្លេង និង ក្បាច់រាំ របស់តារាពូកែលេងស្តាយ៍សក់ មុខ និងសំលៀកបំពាក់ យូរី គឺពិតជាបានចម្លងចេញពីបទល្បីកក្រើករបស់វៀតណាម Vũ điệu cồng chiêng។ ព័ត៌មានវៀតណាមនិយាយបែបបង្អាប់ទៀតថា ស្ទីលរាំបទ I will dance for ever របស់យូរី នេះជា Version ខ្មែរនៃបទ Vũ điệu cồng chiêng ដែលទទួលការពេញនិយមភ្លូកទឹកដី តាមរយៈសាច់ភ្លេងរណ្ដំ និងចង្វាក់រាំដ៏សិចស៊ី រហូតមានការថតវីដេអូ Cover រាប់ភ្លេចពីយុវវ័យវៀតណាម។
ការវាយប្រហារពីបណ្ដាញផ្សព្វផ្សាយវៀតណាម បានបញ្ឆេះសាធារណជនឲ្យមិនសប្បាយចិត្ត និងរិះគន់ទៅលើទម្លាប់ចម្លងបទចម្រៀង និងស្តាយ៍បរទេសដដែលៗ ក្នុងរង្វង់ផលិតកម្ម និងតារាចម្រៀងសម័យខ្មែរ។
មតិមួយចំនួនបានចោទជាចម្ងល់ថា «តើនៅប្រទេសកម្ពុជា ពិតជាគ្មានផលិតកម្ម ដែលចេះបង្កើតអ្វីដែលថ្មីសុទ្ធ ឬចាំតែឃើញគេល្អ ចេះតែចម្លងគេ?»។ ខ្លះថាផលិតកម្មនីមួយៗ និងតារាចម្រៀង គួរតែស្វែងរក និងបង្កើតអ្វីដែលថ្មីខ្លួនឯង ពុំមែនចេះតែចម្លងគេមកកែកុនទេ រហូតពេលខ្លះវីដេអូ MV ក៏ថតចម្លងគេទាំងដុលដាក់ឌីសលក់ គឺហាក់ដូចជាមើលស្រាលថាទស្សនិកជនមិនដឹងអីសោះ។
អ្នកខ្លះទៀតស្រងាកចិត្តនិងបានថា វាជាក្ដីអាម៉ាស់សម្រាប់ ប្រជាជនកម្ពុជា ដែលម្ដងជាពីរដងការចម្លងស្នាដៃពីបរទេសតែងតែមានមិនដាច់ និងលើកជាសំនួរថាតើពេលណាជាទីបញ្ចប់នៃវប្បធម៌នេះ។
វីដេអូបទ I will dance for ever របស់យូរី
វីដេអូបទ Vũ điệu cồng chiêng
អត្ថបទ៖ ខ្វាន់