៨វិធីងាយៗ រីករាយតាមបែបជីវិតឯកា
- 2015-03-12 17:19:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨វិធីងាយៗ រីករាយតាមបែបជីវិតឯកា
ចន្លោះមិនឃើញ
ធម្មជាតិបង្កើតមនុស្សមកសុទ្ធតែមានគូគាប់តាមភ័ព្វព្រេងវាសនា គ្រាន់តែពេលខ្លះមិនទាន់ដល់វេលាជួបគ្នាប៉ុណ្ណោះ។ អ្នកមានស្នេហាហើយ ប្រាកដជារីករាយជាមួយជីវិតដ៏មានន័យរបស់ពួកគេ ចុះចំណែកអ្នកនៅឯកាវិញ មានអារម្មណ៍យ៉ាងណាដែរ? ពេលខ្លះប្រហែលជាអាចធុញថប់តប់ប្រមល់ ឬច្រណែនគេដែលបណ្ដើរគូស្នេហ៍ត្រសងកាត់មុខ។ កុំគិតខ្វល់ខ្វាយច្រើនពីរឿងអស់នេះអី សាកល្បងមកអនុវត្តតាមវិធីងាយៗទាំង៨ ខាងក្រោម លោកអ្នកនឹងទទួលបានភាពរីករាយ បើទោះជានៅឯកាគ្មានស្នេហាដូចគេក៏ដោយ។
ខាងក្រោមនេះ គឺជាវិធីងាយៗ នាំឲ្យអ្នករីករាយតាមបែបជីវិតឯកា៖
១. ធ្វើល្អចំពោះអ្នកដទៃ
មិនថាចំពោះនរណា សត្រូវ ឬមិត្ត អ្នកស្គាល់ ឬមិនស្គាល់ អ្នកគួរធ្វើល្អដាក់គេឲ្យបានច្រើន នោះជីវិតរបស់អ្នកនឹងស្រស់ថ្លា ព្រមទាំងមានអារម្មណ៍ថាកក់ក្ដៅ បើទោះជាកំពុងនៅម្នាក់ឯងក្ដី។ ជាទូទៅ ពេលធ្វើល្អចំពោះអ្នកដទៃ រួចឃើញគេញញឹម នោះអ្នកក៏មានអារម្មណ៍ថាសប្បាយចិត្តដូចគ្នា។
២. បង្កើនមិត្តភាព
មិត្តភាព និងការជួបជុំអាចធ្វើឲ្យមនុស្សមានសុភមង្គល និងស្នាមញញឹមពិតៗគ្រប់ពេលវេលា។ ទោះមិនមានស្នេហា ក៏អ្នកគ្មានអារម្មណ៍ថាឯកា ប្រសិនបើមានមិត្តភ័ក្ដិច្រើន ជជែកគ្នាលេង សាកសួរសុខទុក្ខ និងធ្វើអ្វីៗរួមគ្នា។ ដូចនេះ ត្រូវព្យាយាមបង្កើនមិត្តភាពឲ្យបានច្រើន និងចៀសវាងការថ្នាំងថ្នាក់ផ្សេងៗ ដែលនាំឲ្យអ្នកមានអារម្មណ៍ថាមិនស្រណុកក្នុងចិត្ត។
៣. ធ្វើខ្លួនឲ្យរវល់ជានិច្ច
មិនត្រូវទុកខ្លួនឲ្យទំនេរ គិតរឿងអត់ប្រយោជន៍ រហូតបង្កជាភាពសោកសៅនោះទេ។ ត្រូវរកការងារធ្វើជាប់ជានិច្ច មិនថាការងារផ្ទះ ការងារដែលធ្វើដើម្បីប្រាក់ខែ ឬកិច្ចការសាលានោះទេ។ ព្រោះពេលរវល់ជាប់រហូត អ្នកនឹងគ្មានពេលគិតច្រើនពីរឿងគូគាប់ឡើយ ហើយក៏មិនចាត់ទុកខ្លួនថាឯកាដែរ។ លើសពីនេះទៅទៀត នៅពេលការងារទាំងនោះទទួលបានលទ្ធផលគាប់ប្រសើរ អ្នកនឹងមានភាពរីករាយជាក់ជាមិនខាន។
៤. សរសេរ
ពេលអផ្សុក និងចាប់ផ្ដើមមានអារម្មណ៍ថាឯកា អ្នកអាចសរសេរអ្វីក៏បានតាមចិត្តចង់ មិនថាកំណត់ហេតុប្រចាំថ្ងៃ រឿងប្រលោមលោកទាក់ទងជីវិតផ្ទាល់ខ្លួន ឬកំណាព្យជាដើម សុទ្ធតែមានប្រយោជន៍ចំពោះជីវិតអ្នកទាំងអស់។ លើសពីនេះទៅទៀត ពេលខ្លះវាអាចធ្វើឲ្យអ្នកលន្លង់លន្លោចស្រមើស្រមៃ និងរីករាយទៅតាមទឹកដៃសរសេរ និងការនឹកឃើញនោះផងដែរ។
៥. ទិញកាដូជូនខ្លួនឯង
ស្ដាប់ទៅហាក់ដូចជាចម្លែកបន្តិចមែន ប៉ុន្តែវាពិតជាមានប្រយោជន៍សម្រាប់មនុស្សដែលគ្មានគូដូចគេផ្សេង។ ទិវានៃក្ដីស្រលាញ់ បុណ្យណូអែល ឬចូលឆ្នាំ អ្នកមានស្នេហា ទិញកាដូជូនគូសង្សារ ចំណែកអ្នកឯកា អាចទិញរបស់ផ្សេងៗសម្រាប់ខ្លួនឯង។ យ៉ាងហោចណាស់ អាចចូលទទួលទានអាហារឆ្ងាញ់ៗនៅហាងថ្លៃម្ដង ក៏ចាត់ទុកថាធ្វើល្អចំពោះខ្លួនឯង និងធ្វើឲ្យជីវិតរីករាយដូចគ្នា។
៦. ចិញ្ចឹមសត្វ
សុនខ ឆ្មា ត្រី៧ពណ៌ ឬត្រីកន្ទុយបី សេក សារិកាកែវជាដើម សុទ្ធតែអាចក្លាយជាមិត្តដ៏ល្អរបស់អ្នក។ បើពេញចិត្តប្រភេទសត្វណា ក៏ចិញ្ចឹមសត្វប្រភេទនោះទៅ ព្រោះវាអាចជួយឲ្យរសាយទុក្ខកង្វល់ ឬយ៉ាងហោចណាស់ ពេលមានអារម្មណ៍ថាឯកាខ្លាំងអ្នកអាចមើលសត្វទាំងនោះ និងចាប់ផ្ដើមបង្កើតបរិយាកាសសប្បាយរីករាយជាមួយគ្នា។
៧. មិនងើយលើតែចេះមើលក្រោម
កុំប្រៀបធៀបអ្នកល្អជាងខ្លួន កុំច្រណែនគេដែលមានគ្រប់យ៉ាង តែត្រូវពេញចិត្តអ្វីដែលខ្លួនមាន និងចេះប្រៀបធៀបជាមួយអ្នកអន់ជាងខ្លួន។ ជីវិតមនុស្ស មិនអាចមានអ្វីគ្រប់យ៉ាងតាមចិត្តប្រាថ្នាចង់បាននោះទេ ដូចនេះហើយត្រូវរីករាយជាមួយអ្វីដែលខ្លួនមាន។ ពេលខ្លះអ្នកអាចអន់ចិត្តពេលគ្មានគូស្នេហ៍ដូចគេ ប៉ុន្តែសាកប្រៀបធៀបជាមួយអ្នកផ្សេងទៀតដែលគ្មានឪពុកម្ដាយទៅមើល តើគេពិបាករស់នៅប៉ុណ្ណា។ នេះហើយជាអ្វីដែលអ្នកត្រូវរីករាយ និងឈប់ហ្មងសៅរឿងនៅម្នាក់ឯង ព្រោះអ្នកមានអ្វីលើសពីអ្នកដទៃច្រើនណាស់។
៨. ព្យាយាមស្វែងរកផលប៉ះពាល់ពេលមានគូ
ពេលខ្លះអ្នកអាចច្រណែនគេដែលមានគូ ឯខ្លួនវិញនៅម្នាក់ឯងគ្មានស្នេហាគួរឲ្យកណ្ដោចកណ្ដែង ប៉ុន្តែសាកគិតរកចំណុចខុសគ្នាឡើងវិញ។ មិនប្រាកដថាមានដៃគូ អាចធ្វើឲ្យអ្នករីករាយនោះទេ ព្រោះពេលខ្លះ ស្នេហានេះហើយគួរឲ្យធុញទ្រាន់ពិបាកនឹងរៀបរាប់។ ត្រូវចំណាយពេលវេលាដើម្បីមនុស្សជាទីស្រលាញ់ ត្រូវកំដរគេដើរលេង ហ៊ានប្រហែសនិយាយជាមួយអ្នកផ្សេងតែបន្តិច ប្រាកដជាអាក់អន់ស្រពន់ចិត្តងងក់ជាមិនខាន។ ដល់ពេលនោះ អ្នកត្រូវចំណាយខួរក្បាលមួយផ្នែក និងពេលវេលាមួយចំនួនដើម្បីទៅលួងលោមគេទាំងទើសទាល់ចិត្ត។ សរុបមក គិតពីចំណុចអាក្រក់អស់ទាំងនេះឡើងវិញ លោកអ្នកប្រាកដជារីករាយជាមួយជីវិតនៅម្នាក់ឯងដ៏មានន័យរបស់អ្នកជាក់ជាមិនខាន៕
ចុចអាន៖ តិកនិក ៩យ៉ាងបង្កើនសមត្ថភាពចងចាំរបស់ខួរក្បាល
ដោយ៖ គង់ វិសាល ប្រភព៖ lifeprobabilities