ស្ពត៣០វិនាទីផ្សាយពីអង្គរសង្ក្រាន្តតាម CNN ទៅកាន់មនុស្សរាប់សែននាក់លើពិភពលោក
- 2015-03-12 19:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពត៣០វិនាទីផ្សាយពីអង្គរសង្ក្រាន្តតាម CNN ទៅកាន់មនុស្សរាប់សែននាក់លើពិភពលោក
ចន្លោះមិនឃើញ
ទូរទស្សន៍ល្បីឈ្មោះ CNN របស់អាមេរិក កំពុងផ្សាយស្ពតពាណិជ្ជកម្មពីព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំធំបំផុតនៅកម្ពុជាទៅកាន់មនុស្សរាប់សែននាក់នៅទូទាំងពិភពលោក។ នេះបើតាមលោក សោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានថ្លែងប្រាប់អ្នកការសែតកាលព្រឹកមិញនេះ។
លោកបានបន្ថែមថា ស្ពតពាណិជ្ជកម្ម ដែលមានរយៈពេល ៣០ វិនាទី នេះបានផ្សាយចាប់ពីថ្ងៃទី៩ ខែមីនា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ក្នុងន័យបង្ហាញពីវប្បធម៌ខ្មែរ ក៏ដូចទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជា។ "ជាលើកដំបូងហើយ ដែលស្ពតពាណិជ្ជកម្មព្រឹត្តិការអង្គរ សង្រ្កាន្តត្រូវបានផ្សព្វផ្សាយតាមតាមទូរទស្សន៍ CNN។ យើងជ្រើសរើស CNN ព្រោះជាបណ្ដាញផ្សព្វផ្សាយធំមានឥទ្ធិពល”។
ដោយមានទិសដៅប្រែក្លាយកម្មវិធីថ្នាក់ជាតិនេះឲ្យទៅជាព្រឹត្តិការណ៍កម្រិតអន្តរជាតិក្នុងឆ្នាំ២០១៥ លោក សោម រតនា មិនបញ្ជាក់ពីខ្ទង់ចំណាយ លើការផ្សព្វផ្សាយឡើយ ដោយសារទាំងនេះគឺជាកិច្ចសហការរវាងសហភាពសហព័ន្ធ យុវជនកម្ពុជា ជាមួយក្រសួងទេសចរណ៍។ លោកថា ក្រសួងទេសចរណ៍មានកិច្ចសន្យាផ្សព្វផ្សាយស្ពតពាណិជ្ជកម្មជាមួយ CNN។
លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្រ្កាន្តឆ្នាំ ២០១៥ បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះរំពឹងមានអ្នកចូលរួមប្រមាណ ៥០ ម៉ឺននាក់ ខណៈឆ្នាំមុនមានអ្នកចូលប្រមាណ ៣៨ ម៉ឺននាក់ និងបានគៀងគរថវិកាចូលរដ្ឋប្រមាណ ៣០ លានដុល្លារ។ លោកថា ព្រឹត្តិការណ៍ឆ្នាំនេះកាន់តែអស្ចារ្យជាងឆ្នាំមុនទៅទៀត ព្រោះមានកម្មវិធីកម្សាន្តសប្បាយជាច្រើន បង្ហាញដល់សាធារណៈជន ជាពិសេសយុវជនឲ្យស្គាល់អ្វីទៅជាសិល្បៈវប្បធម៌ ក៏ដូចជាសម្ភារៈឧបករណ៍ប្រើប្រាស់ផេ្សងៗទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៥៕
https://www.youtube.com/watch?v=dNX9d_lJg5c#t=23
អត្ថបទ៖មៃ សុខលីម រូបភាព៖UYFC