ក្រុម DJ នៅភ្នំពេញ បង្កើតកម្មវិធីជួបជុំ រឹតចំណងសាមគ្គីភាព
- 2015-03-13 18:39:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម DJ នៅភ្នំពេញ បង្កើតកម្មវិធីជួបជុំ រឹតចំណងសាមគ្គីភាព
ចន្លោះមិនឃើញ
ក្រុម DJ ល្បីៗនៅភ្នំពេញបានបង្កើតកម្មវិធីជួបជុំគ្នាមួយដើម្បីជាផ្នែកនៃការរឹតចំណងសាមគ្គីភាព និងផ្លាស់ប្ដូរបទពិសោធន៍លើអាជីពជា DJ, VJ, និង MC។ កម្មវិធី DJ Party បានប្រព្រឹត្តទៅនៅភោជនីយដ្ឋាន រហាត់លាភ កាលពីយប់មិញ។
DJ, Bee You ដែលជាអ្នករៀបចំកម្មវិធី DJ Party បាននិយាយប្រាប់គេហទំព័រ Sabay ថា ក្នុងន័យរឹតចំណងសាមគ្គីភាព និង ការពង្រីកទំនាក់ទំនងលើការងារអាជីព DJ បានញ៉ាំងឲ្យផុសចេញជាគំនិតនៃការបង្កើតកម្មវិធីជួបជុំមួយនៅថ្ងៃនេះ។
DJ ជូលី បម្រើការនៅវិទ្យុឯករាជ្យ ១០៣.៣០ MHz បាននិយាយដែរថា គោលដៅជាចម្បងគឺការប្រមែប្រមូលអ្នករួមអាជីពឲ្យបានជួបជុំគ្នា ស្គាល់គ្នា និង ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីឲ្យអាជីព DJ កាន់តែរីកចំរើន។
DJ ម៉ាក់ ដូនជី ប្រចាំនៅក្លឹប Sky ដែលបានចូលរួមកម្មវិធី DJ Party កាលពីយប់មិញនេះ បានបញ្ចេញចំណាប់អារម្មណ៍ដែរថា កម្មវិធីនេះ ធ្វើឲ្យនាងបានស្គាល់មិត្តភ័ក្ដិនៅក្នុងអាជីពជាអ្នក DJ វិទ្យុ ក្លឹប ក៏ដូចជា ទូរទស្សន៍។ ការជួបជុំគ្នា ជាផ្នែកមួយសំខាន់ធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានថែមទៀតលើអាជីពDJ។
ក្រៅពីក្រុម DJ វិទ្យុ ក្លឹប និង ទូរទស្សន៍នោះ នៅក្នុងកម្មវិធីជួបជុំ DJ Party ក៏មានវត្តមានសិល្បករ សិល្បការិនី មួយចំនួនចូលរួមដែរ។ លោក ជុំ លីណូ តារាចម្រៀងប្រចាំផលិតកម្ម Dimond Music ដែលបានចូលរួមកម្មវិធីនេះ បានបញ្ចេញចំណាប់អារម្មណ៍ដែរថា ដោយមានការអញ្ជើញពីមិត្តភ័ក្ដិ DJ ជាច្រើន និង ស្របពេលដែលលោកទំនេរ ក៏ឆ្លៀតចូលរួមកាលពីយប់មិញនេះ។
យ៉ាងហោចណាស់មាន DJ, VJ និង MC ប្រមាណជា ៦០ នាក់ បានចូលរួមកម្មវិធី DJ Party នៅភោជនីយដ្ឋានរហាត់លាភ កាលពីយប់មិញ។ នេះជាការជួបលើកទី ១ នៅកម្ពុជា។
DJ, Bee You ដែលជាអ្នករៀបចំកម្មវិធី DJ Party បានអះអាងថា មានលើកទី ១ និង មានលើកទី ២ ហើយនឹងមានជាបន្តបន្ទាប់ ដើម្បីពង្រឹង និង លើកស្ទួយអាជីពជា DJ ឲ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា