ថៃអាចក្លាយជាប្រទេសទី១ រកឃើញវ៉ាក់សាំងការពារអេបូឡា?
- 2014-10-07 17:06:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃអាចក្លាយជាប្រទេសទី១ រកឃើញវ៉ាក់សាំងការពារអេបូឡា?
ចន្លោះមិនឃើញ
ខណៈវ៉ាក់សាំងការពារ អេបូឡា រកឃើញដោយក្រុមហ៊ុនមួយចំនួនកន្លងមក ហាក់គ្មានប្រសិទ្ធភាព ក្រុមអ្នកវិទ្យាសាស្ត្រថៃបានអះអាងថា ពួកគេបានរកឃើញវ៉ាក់សាំងថ្មីមួយ មានសមត្ថភាពជាង និងអាចសម្លាប់ជំងឺប្រល័យជីវិតនេះបាន។
វ៉ាក់សាំងថ្មីនេះ កំពុងតែពិសោធ លើសត្វនិងមនុស្ស។ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យពេទ្យ Siriraj លោក Udom Kachintorn និយាយនៅសន្និសីទកាសែត ក្នុងទីក្រុងបាងកកសប្ដាហ៍នេះថា៖ "យើងមានមោទនភាព ចំពោះការបង្កើតវ៉ាក់សាំង ការពារជំងឺអេបូឡា។ វាជាវ៉ាក់សាំងថ្មី និងយន្តការថ្មី ដើម្បីកម្ចាត់ជំងឺអេបូឡា ដ៏មានប្រសិទ្ធភាពបំផុត"។
អ្នកស្លាប់ដោយជំងឺអេបូឡានៅលីបេរីយ៉ា
លទ្ធផលវិជ្ជមានត្រូវបានរំពឹងទុក ពេលការពិសោធន៍ ត្រូវគេប្រើលើសត្វ និងមនុស្ស។ បើតាមពិសោធន៍របស់លោក វ៉ាក់សាំងថ្មីនេះមានទំហំតូចល្មម ដើម្បីចូលលុកលុយក្នុងកោសិកា ដែលឆ្លង និងអាចកម្ចាត់ប្រូតេអ៊ីនរបស់អេបូឡា ។
ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងទៀតថា យ៉ាងហោចណាស់ត្រូវការរយៈពេលមួយឆ្នាំ ដើម្បីវ៉ាក់សាំងអភិវឌ្ឍខ្លួន តែរយៈពេលនេះអាចបន្ថយបាន បើសិនមានកញ្ចប់ថវិកាបន្ថែម និងមានភាពងាយស្រួលជាងនេះ។
បច្ចុប្បន្នមានថ្នាំពិសោធន៍ (វ៉ាក់សាំង) ជំងឺអេបូឡាមួយចំនួនដូចជា Zmapp មានសារធាតុប្រឆាំងបីផ្សេងគ្នា ចំណែកក្រុមហ៊ុន GlaxoSmithKline និង NewLink Genetic អាចនឹងប្រកាសវ៉ាក់សាំងថ្មីនៅចុងឆ្នាំនេះ។
ក្នុងរយៈពេល៦ខែ ជំងឺផ្ដាច់ជីវិតអេបូឡា បានចម្លងរោគមនុស្ស៦៥៥៣នាក់ និងសម្លាប់មនុស្ស ៣១០០នាក់ នៅលីបេរីយ៉ា សៀរ៉ាឡេអូន និង ហ្គីណេ ដែលជាប្រទេសទទួលរងខ្លាំងបំផុតនៅអាហ្វ្រិកខាងលិច៕
ចុចអាន៖ ប្រទេសមួយនៅអាហ្វ្រិក មានអ្នកឆ្លងអេបូឡា ៥នាក់ក្នុងមួយម៉ោង
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail