មហោស្រពភាពយន្តជាតិដែលបាត់ខ្លួនជិត១០ឆ្នាំ បង្ហាញខ្លួនវិញនៅចុងឆ្នាំនេះ
- 2015-03-13 23:18:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពភាពយន្តជាតិដែលបាត់ខ្លួនជិត១០ឆ្នាំ បង្ហាញខ្លួនវិញនៅចុងឆ្នាំនេះ
ចន្លោះមិនឃើញ
មហោស្រពភាពយន្តថ្នាក់ជាតិ ដែលបានបាត់ខ្លួនតាំងពីរៀបចំរួចម្ដងកាលពីឆ្នាំ ២០០៨ នោះ នឹងបង្ហាញខ្លួនឡើងវិញនៅចុងឆ្នាំនេះ។ នេះបើតាមលោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងថ្ងៃសម្ពោធរឿង "Facebook ផ្ដាច់វិញ្ញាណ"។
ការរៀបចំឡើងវិញនៃមហោស្រពភាពយន្តនេះ គឺជាផ្នែកមួយក្នុងផែនការមួយចំនួនរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរ។ លោក ស៊ិន ច័ន្ទសាយ៉ា មានប្រសាសន៍ថា ផែនការមួយចំនួនគាំទ្រភាពយន្តរបស់ខ្មែរយើង មានទី១ រដ្ឋនឹងបង្កើនពន្ធលើភាពយន្តអន្តរជាតិនាំមកកម្ពុជា ឲ្យមានតម្លៃប្រហាក់ប្រហែលគ្នានឹងការចំណាយផលិតភាពយន្តក្នុងស្រុក។ ធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ខ្លះនូវការហូរចូលភាពយន្តបរទេសមកកម្ពុជា។
ក្រៅពីនេះ ថវិកាដែលបានមកពីដំឡើងពន្ធលើភាពយន្តបរទេស នឹងត្រូវយកទៅដាក់ក្នុងមូលនិធិមួយដើម្បីទ្រទ្រង់ឧស្សាហកម្មភាពយន្តក្នុងស្រុក។ ទី២គឺ លើកលែងពន្ធការនាំចូលឧបករណ៍នានាដែលបម្រើឲ្យវិស័យភាពយន្តខ្មែរ និងទី៣ គឺរាជរដ្ឋាភិបាលនឹងប្រារព្ធជាថ្មីនៃមហោស្រពភាពយន្តជាតិ ក្រោយអាក់ខានជាច្រើនឆ្នាំ។
មហោស្រពនេះ គ្រោងប្រារព្ធឡើងនៅរង្វង់ខែ ធ្នូ ឆ្នាំ ២០១៥ នេះ ដើម្បីផ្ដល់ឱកាសក្នុងការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងលើកទឹកចិត្តដល់ផលិតករ។ "តាមរយៈនេះ យើងសង្ឃឹមថាអាចរកឃើញអ្នកដែលមានស្នាដៃ ភាពយន្ត អ្នកដឹកនាំ អ្នកនិពន្ធទាំងអស់ អ្នកថត និយាយរួមគឺអ្នកជំនាញទាំងអស់ដែលមានគុណភាព ដើម្បីឈានទៅរកភាពរីកចម្រើនលើឧស្សាហកម្មភាពយន្តខ្មែរយើង"។
ផលិតករ និងសិល្បករមួយចំនួន បានស្វាគមន៍ ក្រោយលឺដំណឹងពីមហោស្រពភាពយន្តមួយនេះ។
“ខ្ញុំយល់ថាល្អ ម៉េចបានថាល្អ ព្រោះថាប្រទេសណាក៏គេមានដែរមហោស្រពប្រចាំឆ្នាំ គេធ្វើដើម្បីផ្ដល់ស្នាដៃឲ្យអ្នកដឹកនាំ អ្នកនិពន្ធ អ្នកថតអីទាំងអស់គ្នា ធ្វើឲ្យទស្សនិកជនស្គាល់ ដែលកន្លងមកគេស្គាល់តែតួ។ ចំណុចល្អបន្តទៀត ខ្ញុំយល់ថាមានមហោស្រពនឹងបង្កើតឲ្យមានការប្រកួតប្រជែង អីចឹងផលិតករនឹងប្រឹងបង្កើនគុណភាពភាពយន្តពួកគាត់ដែរ សម្រាប់ខ្ញុំ គឺគាំទ្រ!"។ យឹម សុសត្យា អ្នកនិពន្ធ និងដឹកនាំរឿង ព្រមជាប្រធានគ្រប់គ្រងការផលិតរបស់ផលិតកម្ម Rock។
រូបតំណាងពីអ៊ីនធឺណិត
តារាសម្ដែងវ័យក្មេង សៀក សក្ដិរុណា ដែលកំពុងទទួលការចាប់អារម្មណ៍ បានបញ្ចេញទស្សនៈថា មហោស្រពភាពយន្តនឹងជួយឲ្យសិល្បករកាន់តែមានការទទួលស្គាល់។ "ខ្ញុំជឿថា ដើម្បីប្រកួតប្រជែងផលិតករ នឹងពង្រឹងគុណភាព ហើយរឿងគុណភាពនេះ ប្រាកដជាមកដល់តួសម្ដែងដែរ អីចឹងពេលនោះយើងនឹងប្រឹងទាំងអស់គ្នា អីចឹងនឹងមានការទទួលស្គាល់ព្រមគ្នាមិនខាន"។
បើទោះយ៉ាងនេះក្ដី ក៏មានក្ដីបារម្ភមួយចំនួនត្រូវបានលើកឡើងដែរចំពោះវត្តមានមហោស្រពភាពយន្តចុងឆ្នាំនេះ។ ផលិតករ ឆាយ បូរ៉ា និងជាសមាគមភាពយន្តកម្ពុជា បារម្ភថា ប្រសិនបើការរៀបចំខ្វះខាត និងមិនច្បាស់លាស់ គឺកាន់តែធ្វើឲ្យផលិតករ និងសិល្បករបាក់ទឹកចិត្តទៅវិញ។
បញ្ហាទាំងនោះលោកលើកឡើងថា កន្លងមកមានការរើសអើងភាពយន្តខ្លះ ការកំណត់គុណភាពភាពយន្តខ្ពស់ពេក ដែលធ្វើភាពយន្តខ្មែរដែលផលិតរួចមួយចំនួនពិបាកជ្រៀតខ្លួនចូល និងប្រសិនបើគ្រាន់តែជាមហោស្រពដាក់បង្ហាញ មិនប្រកួតប្រជែង ក៏មិនបានផលដែរ។
ជាមួយគ្នានេះ ផលិតកររឿង "ឃ្លាតទៅសែនឆ្ងាយ" រូបនេះ ស្នើឲ្យមានការបើកទូលាយចំពោះការចូលរួម។ សំខាន់មួយទៀត គឺមហោស្រពគួរមានគណៈកម្មការមួយដែលមានឯករាជ្យភាព និងជំនាញច្បាស់លាស់ផង។
វិលមកផលិតករ ទិត្យ ធារិទ្ធ ថ្លែងថា មហោស្រពកន្លងមកដូចជាមិនបានហុចផ្លែផ្កាដល់ឧស្សាហកម្មភាពយន្តប៉ុន្មានឡើយ ដោយសារប្រព័ន្ធជ្រើសរើសជយលាភីនៅមានបញ្ហាតិចតួច។ ក្រៅពីនេះ លោកលើកឡើងថា មហោស្រពគួរតែមានប្រធានបទច្បាស់លាស់។
"នៅស្រុកគេ គេមានប្រធានបទសម្រាប់មហោស្រពថា ធ្វើអី ពីសង្គម ឬពីអ្វីផ្សេង អីចឹងផលិតករនឹងធ្វើទៅតាមនោះ តែភាពយន្តដែលយើងមានស្រាប់ជាប្រភេទបម្រើឲ្យទីផ្សារ មិនបម្រើឲ្យមហោស្រពទេ ដូចរឿងខ្មោច រឿងកំប្លែងអី ដាក់មហោស្រពម៉េចកើត គឺអត់កើតទេ"។ លោក ទិត្យ ធារិទ្ធ ថ្លែង។
ឆ្លើយតបនឹងក្ដីបារម្ភខាងលើ លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យដឹងថាមហោស្រពដែលនឹងបង្កើត គឺជាកន្លែងប្រកួតប្រជែង និងបើកចំហមិនមានប្រធានបទឡើយ។ លោកថា ការកំណត់ប្រធានបទ អាចជារនាំងធ្វើឲ្យភាពយន្តចូលរួមប្រកួត មានចំនួនតិចតួចទៅវិញ។ វិលមករឿងផលិតករបារម្ភពីសុក្រឹតភាពនៃការជ្រើសជយលាភី លោកទទួលស្គាល់ ព្រោះនោះជារឿងលំបាកមួយក្នុងសង្គមខ្មែរយើង។
យ៉ាងណាក៏ដោយ លោកអះអាងថា គណៈកម្មការមួយដែលជំនាញពិតប្រាកដ មកពីផ្នែកផ្សេងគ្នានឹងត្រូវបង្កើតឡើង។ ដោយឡែកលក្ខខណ្ឌនានាសម្រាប់ការចូលរួម មិនទាន់បានសិក្សានៅឡើយទេ។ "យើងអត់ទាន់បានពិភាក្សាគ្នា ចាំបង្កើតបានជាគណៈកម្មការហើយយើងនឹងសិក្សាថាយ៉ាងម៉េចៗ ហើយយើងនឹងខិតខំធ្វើឲ្យការវាយតម្លៃ មានភាពសុក្រឹត"។
មហោស្រពភាពយន្តថ្នាក់ជាតិត្រូវបានប្រារព្ធធ្វើ៣ដងរួចមកហើយ លើកដំបូងបំផុតនៅឆ្នាំ១៩៩០ លើកទី២នៅឆ្នាំ ២០០៥ និងទី៣ឆ្នាំ ២០០៨ ហើយនេះជាលើកទី៤។ ប្រធាននាយកដ្ឋានបញ្ជាក់ទៀតថា ពានតារាសម្ដែង អ្នកដឹកនាំរឿង អ្នកថត បច្ចេកទេសជាដើម នឹងត្រូវផ្ដល់ជូនដូចនឹងមហោស្រព៣លើកមុនដែរ៕
អត្ថបទ ៖លទ្ធផលជំរុញការផលិតភាពយន្តចេញហើយ ក្រោយសម្ដេច ហ៊ុន សែន ដាក់បញ្ជា!
អត្ថបទ៖ ទារិកា