Alibaba និង​​ក្រុម​ហ៊ុន​​​​ចិន​ពីរ​ទៀត អាច​ផលិតឡាន​​​ប្រជែង Apple ​បាន​​​អត់?

  • 2015-03-16 19:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ ក្រុមហ៊ុន Apple កំពុង​តែ​ស្រវាស្រទេញ​​ជា​ខ្លាំង​ក្នុង​ការ​ស្វែង​រក​ធនធាន (បុគ្គលិក)​ ដែល​មាន​ជំនាញ​ផ្នែក​រថយន្ត​ ដើម្បី​ជួយ​សម្រេច​​គម្រោង​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់​ខ្លួន​សម្រាប់​​ឆ្នាំ ២០២០។ ទន្ទឹម​នឹង​នេះ​ នៅ​មាន​ក្រុមហ៊ុន​អេឡិចត្រូនិក​ចិន​ចំនួន​បី​ទៀត  ​គ្រោង​នឹង​ផលិត​រថយន្ត​ទំនើប​សម្រាប់​ពេល​អនាគត​ មិន​ឱ្យ​ចាញ់ Apple នោះ​ឡើយ​ ហើយ​ក្នុង​នោះ​​​ក៏​មាន​ក្រុមហ៊ុន​លក់​ទំនិញ​ដ៏​ធំ​លើ​ពិភពលោក Alibaba ​ផង​ដែរ។

 

 

១. Alibaba

 

 

Alibaba ដែល​មាន​មហាសេដ្ឋី Jack Ma ជា​ម្ចាស់​ក្រុមហ៊ុន បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​​ដ៏​ធំ​មួយ​របស់​ចិន​ឈ្មោះ​ SAIC Motor Corp Ltd ដោយ​វិនិយោគ​ទឹក​ប្រាក់​ចំនួន ១ពាន់​លាន​យាន់​ (ស្មើ ១៦០លានដុល្លារ)​ ដើម្បី​ផលិត​រថយន្ត​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត (Internet-connected car)​ ​ដំបូង​​​គេ​បង្អស់​របស់​ប្រទេស​​ចិន​ សម្រាប់​ឆ្នាំ ២០១៦។

 

២. Baidu

 

លោក Robin Li ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Baidu 

 

Baidu ដែល​ជា​ក្រុមហ៊ុន​ Search Engine ដ៏​ធំ​បំផុត​របស់​ចិន បង្កើត​ឡើង​ក្នុង​​ឆ្នាំ ២០០០ កំពុង​តែ​ស្រាវជ្រាវ​ពី​វិធីសាស្ត្រ​ក្នុង​ការ​ផលិត​រថយន្ត​វៃ​ឆ្លាត ហើយ​បច្ចុប្បន្ន​ក៏​កំពុង​តែ​សហការ​ជាមួយ​អ្នក​ជំនាញ​ផលិត​រថយន្ត​ជា​ច្រើន​។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​នាយក​ប្រតិបត្តិ Robin Li ក្រុមហ៊ុន​របស់​លោក​អាច​នឹង​ណែនាំ​រថយន្ត​វៃ​ឆ្លាត​ដំបូង​របស់​ខ្លួន​​នៅ​ឆ្នាំ​នេះ​។

 

៣. Leshi 

 

គំរូ​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន Leshi

 

ប្រធាន​គ្រប់គ្រង​គម្រោង​ផលិត​​រថយន្ត​របស់​ក្រុមហ៊ុន Leshi Internet Information & Technology  Corp.,   លោក Allen Lu បាន​ប្រាប់​ទៅ​សារព័ត៌មាន Bloomberg ថា​ Leshi នឹង​​វិនិយោគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ ដើម្បី​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ហើយ​​​អាច​នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ​អាមេរិក​ថែម​ទៀត​ផង​ ក្រោយ​ពេល​ទទួល​បាន​​ជោគជ័យ​។ ក្រុមហ៊ុន​នេះ​នឹង​​​ប្រើ​បុគ្គលិក​ជាង ២៦០​នាក់​ ដើម្បី​សម្រេច​គម្រោង​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នា​ពេល​ខាង​មុខ​​របស់​ខ្លួន​សម្រាប់​ពេល​ខាង​មុខ៕

 

អាន៖ Apple គ្រោង​នឹង​ផលិត​រថយន្ត​ដើរ​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ ២០២០

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ china.org ​​​​​​​​​​​​​​​​​​​