MC Bull៖ “ចេះ​ឈឺ​ចាប់​ទើប​រីក​ចម្រើន"

  • 2015-03-17 18:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វណ្ណ ពិសិដ្ឋ ហៅ​ MC Bull ដែល​ជា​អតីត​បេក្ខជន​ក្នុង​កម្មវិធី​ "ពេញ​ចិត្ត​ឬ​អត់" បាន​ប្រាប់​គេហទំព័រ Sabay ថា ការ​ឈឺ​ចាប់​គឺជា​មេរៀន​មួយ​ដ៏​​ប្រសើរ​សម្រាប់​អនាគត។ មនុស្ស​ជោគជ័យ​ គឺ​ចេះ​ឈឺចាប់​ហើយ​ចេះ​ប្រឹងប្រែង ទាំង​អស់​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​លោក​ប្រឹងប្រែង​បង្កើត​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​ពីគេ និង ការ​ពុះ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ។

  ម្ចាស់​បទ “សិល្បៈ​កូន​ខ្មែរ” MC Bull បាន​បង្កើត​បទ​ចម្រៀង​បាន​ចំនួន​ ៨ បទ​រួច​មក​ហើយ​ ក្រោយ​ពី​បាន​ចូល​ប្រលូក​ក្នុង​ពិភព​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ ២០១០។ បទ​ភាគ​ច្រើន​ដែល​បង្កើត​ឡើង​គឺជា​ស្នាដៃ​ផ្ទាល់​របស់​ Bull។

 

សូមចុចអាន​៖ ក្រុម DJ នៅ​ភ្នំពេញ​ បង្កើត​កម្មវិធី​ជួបជុំ ​រឹត​ចំណង​សាមគ្គីភាព

MC Bull ច្រៀង​បទ "សិល្បៈកូនខ្មែរ" ក្នុង​កម្មវិធី DJ Party កាល​ពី​ថ្ងៃទី ១២ មីនា ២០១៥

  MC Bull និយាយ​ថា ការ​ខ្មាសអៀន​បាន​ធ្វើ​ឲ្យ​មនុស្ស​ចេះ​ប្រឹង​តស៊ូ គ្រប់​កាលៈទេសៈ។ Bull បាន​ចាត់​ទុក​ថា ការ​លួច​ចម្លង​ស្នាដៃ​ពី​គេ​គឺជា​រឿង​ខ្មាសអៀន​មួយ ដូច្នេះ ហើយ​Bull បាន​សម្រេច​បង្កើត​នូវ​បទ​ចម្រៀង​ខ្លួន​ឯង​ទោះ​ពីរោះ​មិន​ពីរោះ​ ប៉ុន្ដែ វា​ជា​របស់​ខ្លួន​ឯង។

  MC Bull កើត​នៅ​ឆ្នាំ ១៩៩០ នៅ​ខេត្ត​កំពង់​ចាម។ នៅ​ចន្លោះ​ឆ្នាំ ២០០៧-២០១០ Bull ធ្លាប់​បាន​បួស​៣ ឆ្នាំ និង បាន​រៀន​សូត្រ​នៅ​សាលា​លោក ហើយ​ចេះ​តែង​កំណាព្យ​ និង ឆ្លៀត​រៀន​និពន្ធ​ទំនុក​ច្រៀង។ ក្រោយ​ពី​សឹក​ Bull បាន​រៀន​ធ្វើ​បទ​ភ្លេង​តាម​រយៈ​ YouTube។

  នៅ​ក្នុង​ខ្សែ​ជីវិត​ Bull ក្រៅ​ពី​ធ្លាប់​ បួស ​រៀន MC Bull ធ្លាប់​ធ្វើ​​ការ​ជា​កម្មករ​សំណង់, កម្មករ​រោងចក្រ, លាង​ម៉ូតូ, បញ្ចូល​បទ​ភ្លេង និង បុគ្គលិក​ខារ៉ាអូខេ​ នៅ​ម្ដុំ​ទួល​គោក។ ការងារ​នៅ​ខារ៉ា​អូខេ ជា​ផ្នែក​មួយ​បង្កើន​ចំណេះ​ដឹង​ផ្នែក​ស្ដាប់​ភ្លេង ដែល​ធ្វើ​ឲ្យ​ Bull កាន់​តែ​​ចេះ​ស្ដាប់​ទំនុក​ភ្លេង និង បង្កើត​ភ្លេង​ថ្មី ក្រោយ​ពី​រៀន​សូត្រ​​តាម​ YouTube បន្ថែម។ MC Bull និយាយ​ប្រាប់។

  MC Bull បាន​និយាយ​ថា "ខ្ញុំ​មាន​ទេពកោសល្យ​​ខាង​ Rap តាំង​ពី​នៅ​តូច តែ​ខ្ញុំ​ក៏​មាន​និស្ស័យ​ខាង​កំប្លែង ហើយ​ខ្ញុំ​ដាក់​ប្រលង​នៅ MYTV ហើយ​ខ្ញុំ​បាន​ធ្លាក់​នៅ​ជុំ​ផ្ដាច់​ព្រ័ត្រ គឺ​វគ្គ​ទី ៦ កាល​ពី​ឆ្នាំ ២០១៤"។ MC Bull បាន​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ បាន​និពន្ធ​បទ​ចម្រៀង និង ទំនុក​ភ្លេង​ថ្មី បាន​ចំនួន ៨ បទ ហើយ​ ៦ បទ​ទៀត​ត្រៀម​ចេញ​អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ៕

 

 

 

 

បទ​ចម្រៀង​ដែល​ជាស្នាដៃ​របស់​ MC Bull:

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា