គីម ជុងអ៊ុន ធ្វើ​ដំណើរ​ទស្សនកិច្ច​បរទេស​លើក​ដំបូង​ទៅ​រុស្ស៊ី

  • 2015-03-18 17:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំវ័យក្មេង​​របស់​កូរ៉េខាងជើង គីម ជុងអ៊ុន នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​បរទេស​លើក​ដំបូង​ទៅ​កាន់​ប្រទេស​រុស្ស៊ី បន្ទាប់​ពី​ឡើង​កាន់​អំណាច​អស់​រយៈ​ពេល​ជាង ៣​ឆ្នាំ​កន្លង​មក។ ដំណើរ​ទស្សនកិច្ច​នេះ តប​ការ​អញ្ជើញ​របស់​លោក វ៉្លាឌីមៀរ ពូទីន ដែល​ជា​ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី ក្នុង​គោល​បំណង​ប្រារព្ធ​ខួប ៧០​ឆ្នាំ នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា​ខាង​មុខ។

 

មេដឹកនាំវ័យក្មេង​​របស់​កូរ៉េខាងជើង គីម ជុងអ៊ុន

 

លោក គីម ជុងអ៊ុន ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ពិភពលោក​ទាំង ២៦រូប ដែល​យល់​ព្រម​ចូលរួម​ប្រារព្ធ​ខួប ៧០​ឆ្នាំ ក្នុង​ពេល​សហភាពសូវៀត (បច្ចុប្បន្ន​រុស្ស៊ី) យក​ជ័យ​ជម្នះ​លើ​ក្រុម​ណាស៊ី​អាល្លឺម៉ង់ ដើម្បី​បញ្ចប់​សង្គ្រាម​លើក​ទី​ពីរ​កាល​ពី​ឆ្នាំ​១៩៤៥។ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក Sergey Lavrov បាន​​បញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង​​ហើយ ប៉ុន្តែ​កូរ៉េខាងជើង​ផ្ទាល់​មិន​បាន​និយាយ​អ្វី​ទាក់​ទង​នឹង​គម្រោង​នេះ​ទេ។

 

ការ​ប្រកាស​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​វត្តមាន​ជា​ថ្មី​នៃ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បន្ទាប់​ពី​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​អស់​រយៈពេល ១០​ថ្ងៃ​មក។ បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី នៅ​ថ្ងៃ​ប្រារព្ធ​ពិធី នឹង​មាន​ព្យុហយាត្រា ដែល​ចូលរួម​ពី​ទាហាន ១៥០០០​នាក់ លើ​ទីលាន​ក្រហម។

 

​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន

 

មេដឹកនាំ​បស្ចិមប្រទេស​ជា​ច្រើន មិន​បាន​ឆ្លើយ​តប​រឿង​ចូល​រួម​ព្រឹត្តិការណ៍​ដ៏​ធំ​​របស់​រុស្ស៊ី​នេះ​ទេ ដោយសារ​គោលជំហរ​រឿង​ជម្លោះ​ជាមួយ​អ៊ុយក្រែន។ មេដឹកនាំ​ប្រទេស​ផ្សេង​ទៀត ដែល​នឹង​បង្ហាញ​ខ្លួន​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន អាច​មាន ប្រទេស​ចិន គុយបា ឥណ្ឌា ម៉ុងហ្គោលី អាហ្វ្រិកខាងត្បូង និង​វៀតណាម ដែល​ទទួល​យក​ការ​អញ្ជើញ​រួច​ហើយ​នោះ៕

 

ចុចអាន៖ កូរ៉េខាងជើង​បាញ់​មីស៊ីល ៧​គ្រាប់​ចំ​ពេល​សមយុទ្ធ​រវាង​កូរ៉េខាងត្បូង និង​អាមេរិក

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail​​