​ស្ដាប់​ការ​អត្ថាធិប្បាយ​​រឿង​ ស៊ន សៀវម៉ី តាម​វិទ្យុ​ក៏​រំជួល​ចិត្ត​ស្ទើរ​ស្រក់​ទឹក​ភ្នែក

  • 2014-10-08 15:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«គ្រាន់​តែ​ស្ដាប់​ ​ព័ត៌មាន​  ពេល​គេ​ចាក់​សំឡេង​តាម​​វិទ្យុ​​ ក៏​​ខ្ញុំ​រំជួល​ចិត្ត​បាត់​ហើយ​​ ព្រោះ....រំភើប​ពេក​ មិន​​ដែល​មាន​អីចឹង​​ពី​មុន​ទេ​។ ខ្ញុំ​មាន​មោទន​ភាព​ណាស់​ ជា​កូន​ខ្មែរ​ម្នាក់​ដែរ»។ នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន​ គូ​ សុជាតិ​ និស្សិត​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា។

 

សុជាតិ​ យល់​ឃើញ​ថា​ នេះ​ជា​មោទនភាព​មួយ​ដ៏​ធំធេង​របស់​ខ្មែរ​ ពីព្រោះ​កម្ពុជា​មិន​ដែល​ឈ្នះ​មេដាយ​មាស​ទេ​ពី​មុន​មក។ និស្សិត​រូប​នេះ​បន្ត​ថា​ ពេល​ដែល​បាន​ស្ដាប់​ការ​ពិពណ៌នា​របស់​អ្នក​អាន​ព័ត៌មាន​នៃ​វិទ្យុ​អន្តរជាតិ​ជា​ខេមរភាសា​អម​ដោយ​ការ​ចាក់​សំឡេង​ដើម​ផ្ទាល់​ទៀត​នោះ​ បាន​ធ្វើ​ឲ្យ​រូប​គេ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​ទៅ​ហើយ។

 

ស្រដៀង​គ្នា​នេះ​ដែរ​ យុវជន​ ផាន​ សុភក្ដិ​ បុគ្គលិក​នៃ​សាកល​វិទ្យាល័យ​ខាង​លើ​បន្ថែម​ថា​ ៖«អស្ចារ្យ​​​ណាស់ ​មោទនភាព​មែន​​ ​វិទ្យុ​ និង​ទូរទស្សន៍​អន្តរជាតិ​ជា​ច្រើន​សុទ្ធ​តែ​ផ្សាយ​ពី​ឈ្មោះ​ស៊ន សៀវម៉ី។ គ្រាន់​តែ​​ស្ដាប់​តាម​វិទ្យុ​ ខ្ញុំ​​​រំភើបហួស​...»។ យុវជន​រូប​នេះ​បន្ត​ថា​ នេះ​ជា​លើក​ទី​១​ ហើយ​ដែល​រូប​គេ​ឃើញ​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កីឡា​ការិនី​ខ្មែរ​ យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ដូច្នេះ។

 

រូប​គេ​បន្ត​ថា​ ប៉ុន្មាន​ថ្ងៃ​នេះ​ទៅ​ណា​មក​ណា​ក៏​លឺ​តែ​គេ​និយាយ​ពី​ឈ្មោះ​ ស៊ន​ សៀវម៉ី​ ដែរ​ វា​ជា​កិត្តិយស​ដែល​នាង​សម​នឹង​ទទួល​បាន​ខ្លាំង​ណាស់។

 

ទស្សនិកជន​មួយ​ចំនួន​ធំ​ប្រាកដ​ជា​បាន​ទស្សនា​រួច​មក​ហើយ​នូវ​វីដេអូ​នៃ​ដំណើរ​វិល​ត្រឡប់​របស់​វីរៈ​នារី​ ម្ចាស់​មេដាយ​មាស​ ស៊ន​ សៀវម៉ី​ និង​ក្រុម​អត្តពលិក​ខ្មែរ​ពី​ទីក្រុង​អ៊ីនឆន​ ប្រទេស​កូរ៉េខាងត្បូង​ ដោយ​ក្នុង​ខ្សែ​វីដេអូ​នោះ​ម្ចាស់​មេដាយ​មាស​រំភើប​ចិត្ត​រហូត​ដល់​ទឹក​ភ្នែក​ស្រក់​ចុះ​ទាំង​មិន​ដឹង​ខ្លួន​ ហើយ​មាន​អ្នក​ខ្លះ​ក៏​រំភើប​យំ​តាម​ រីឯ​អ្នក​ខ្លះ​ទៀត​ក៏​ភ្នែក​ឡើង​រលីង​រលោង​ដែរ។

 

ចុះ​ទស្សនិកជន​វិញ​មាន​អារម្មណ៍​ដូច​អ្នក​ទាំង​ពីរ​ខាង​លើ​ដែរ​ឬ​ទេ?

 

អត្ថបទ៖ អៀង សូទ្រី

អត្ថបទពេញនិយម