បកស្រាយភាពសង្ស័យ ហេតុអ្វីបិទភ្លើងមួយម៉ោងអាចទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
- 2015-03-19 18:01:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បកស្រាយភាពសង្ស័យ ហេតុអ្វីបិទភ្លើងមួយម៉ោងអាចទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
ចន្លោះមិនឃើញ
អង្គការ WWF បានរៀបចំទិវាមួយហៅថា "ទិវាមួយម៉ោងសម្រាប់ភពផែនដី" ដែលតម្រូវឲ្យបិទភ្លើងរយៈពេលមួយម៉ោងនៅវេលាម៉ោង ៨: ៣០-៩:៣០ យប់ នៅថ្ងៃ ២៨ មីនា ២០១៥ ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ក៏មានសាធារណជនជាច្រើនឆ្ងល់ថា តើគ្រាន់តែបិទភ្លើងបែបនេះពិតជាអាចទប់ស្កាត់មែនឬយ៉ាងណា ចុះស្ថាប័នផ្សេងៗដូចជាមន្ទីរពេទ្យជាដើមនឹងអាចប៉ះពាល់ដែរទេ ប្រសិនបើបិទភ្លើងដល់ទៅមួយម៉ោង?
ដើម្បីស្រាយចម្ងល់ខាងលើនេះ លោក អ៊ុន ចក្រី អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង នៃអង្គការ WWF ប្រចាំកម្ពុជា ប្រាប់ Sabay ថា ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ មានន័យថា មនុស្សម្នាក់ៗមានឥទ្ធិពលអាចទប់ស្កាត់បម្រែបម្រួលអាកាសធាតុតាមរយៈការសន្សំសំចៃដែលកើតចេញពីសកម្មភាពប្រចាំថ្ងៃ។
បិទភ្លើងមួយម៉ោង ពិតជាមិនអាចទប់ស្កាត់ទាំងស្រុងលើការប្រែប្រួលអាកាសធាតុបាននោះទេ ប៉ុន្តែ វាអាចជាសារមួយបញ្ជាក់ថា រយៈពេលមួយម៉ោងនេះ គាត់អាចជួយអ្វីខ្លះដល់បរិស្ថាន។ ប្រភពដែលផលិតអគ្គិសនី សុទ្ធសឹងជាធនធានធម្មជាតិ ដូចជា សង់ទំនប់វារីអគ្គិសនីបើមិនត្រឹមត្រូវវាអាចប៉ះពាល់បរិស្ថាន ត្រី ព្រៃឈើជាដើម ដែលទាំងអស់នេះ ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន។ សកម្មភាពប្រចាំថ្ងៃ នៃការប្រើប្រាស់អគ្គិសនីមិនចាំបាច់ក្នុងមួយម៉ោង បានសន្សំសំចៃច្រើន មានន័យថា មនុស្សតែម្នាក់បិទភ្លើងមួយម៉ោងជួយបានប៉ុណ្ណឹង ចុះទម្រាំមនុស្សរាប់លាននាក់អាចជួយបានច្រើនប៉ុណ្ណា។
សម្រាប់ការបិទភ្លើងនេះទៀតសោត មិនសំដៅតែអំពូលម៉ែត្រទេ តែគ្រប់ឧបករណ៍ដែលប្រើប្រាស់បណ្ដាញអគ្គីសនី មានដូចម៉ាស៊ីនត្រជាក់ ទូទឹកកកជាដើម ដែលឧបករណ៍ទាំងនោះអាចធ្វើឲ្យភពផែនដីកើនឡើងកម្ដៅ។ លោក អ៊ុន ចក្រី និយាយ។
ចំពោះការបិទភ្លើងក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ មិនបង្ខំគ្រប់សាធារណជន ឬស្ថាប័នទាំងអស់ត្រូវតែចូលរួមទេ គឺជា ការស្ម័គ្រចិត្ត ដើម្បីបង្ហាញពីការចូលរួមគិតគូរពីបរិស្ថាន។ ប្រសិនបើប្រជាជន ឬស្ថាប័នមិនអាចចូលរួមបាន ខាងលោកក៏មិនបង្ខិតបង្ខំឡើយ។ តែការចូលរួមនេះ វាគ្រាន់ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការតាំងចិត្តមួយចំណែកពីសកម្មភាពប្រើប្រាស់អគ្គិសនី ដែលមិនចាំបាច់ឬខ្ជះខ្ជាយ មកជាការសន្សំសំចៃដូចជាបិទភ្លើងមួយម៉ោង ឬ មិនប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនក្នុងពេលតែមួយនៅបន្ទប់តូច ឬអ្វីផ្សេងៗទៀត ដែលទាំងនេះជារឿងងាយស្រួលធម្មតា តែវាមានប្រយោជន៍សំខាន់ចំពោះបរិស្ថាន។
ដោយឡែក សកម្មភាពនេះ មិនមែនតែកម្ពុជាទេ ដែលនឹងប្រារព្ធធ្វើ បណ្ដាលប្រទេសនានាជាង ១៦២ និង ៧០០០ ទីក្រុងជុំវិញពិភពលោកក៏ចូលរួមដែរ ដែលវាជាលើកទី ៧ ហើយ ដែលទិវានេះបង្កើតឡើងដំបូងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីតាំងពីឆ្នាំ២០០៧ម្ល៉េះ។ លោក អ៊ុន ចក្រី ប្រាប់ឲ្យដឹង។
ជាចុងក្រោយ លោក ចក្រី បានអំពាវនាវដល់ប្រជាជនទាំងអស់ចូលរួមទិវាមួយម៉ោងសម្រាប់ភពផែនដី ទាំងអស់គ្នានៅថ្ងៃ ២៨ មីនា ២០១៦ ដើម្បីការពារភពផែនដីពីការឡើងកម្ដៅ និង ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ក៏ដូចជាសម្លឹងឡើងវិញពីការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ដែលផ្ដើមចេញពីមនុស្សម្នាក់៕
សូមអាន ៖ តុក្កតាវីដេអូខ្មែរអប់រំពីបរិស្ថានមិនប្រើថង់ប្លាស្ទិក
អត្ថបទ៖ លឹម សុនា