មាស សុខ សោភា ជួប​ទុក្ខ​ធំ

  • 2015-03-20 16:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង មាស សុខសោភា របស់​ផលិតកម្ម​ថោន កំពុង​តែ​ជួប​ទុក្ខ ក្រោយ​ចាស់​ទុំ​ក្នុង​គ្រួសារ​បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​ទី​១៩ មីនា ម្សិលមិញ។

 

សុខ​សោភា បាន​បង្ហោះ​រូប​យំ​ឱប​សព​យាយ​លើ​បណ្ដាញ​សង្គម ជាមួយ​សារ​ឧទ្ទិស​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ជីដូន​បាន​ដល់​ឋាន​សុគតិភព។ មក​ទល់​នឹង​ពេល​នេះ សព​កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ភ្នំ​បាសិត​ខេត្ត​កំពង់​ស្ពឺ​។ នេះ​បើ​តាម សាមី​ខ្លួន​ឆ្លើយ​ប្រាប់ Sabay មុន​នេះ។

 

 

 មាស សុខ​សោភា ក្រាប​លើ​សព​យាយ(រូបភាព​បង្ហោះ​លើ​បណ្ដាញ​សង្គមរបស់ សោភា)

 

សោភា ប្រាប់​បន្ត​ថា លោក​យាយ​របស់​នាង​ឈ្មោះ "យ៉ាន" មាន​ព្រះជន្ម ៨០​ឆ្នាំ ទទួល​អនិច្ចកម្ម​យប់មិញ​ដោយ​សារ​ជរាពាធ។ "តែ​មួយ​ភ្លែត​សោះ ខ្ញុំ​បាត់បង់​យាយ​អស់​ពីរ​នាក់​ហើយ ទើប​ធ្វើ​បុណ្យ​៧​ថ្ងៃ​យាយ​មួយ​ហើយ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ឥឡូវ​ដល់​យាយ​មួយ​ទៀត"។ ម្ចាស់​ពាន​អាណាចក្រ​តារា​២​ឆ្នាំ​ជាប់​គ្នា បន្ថែម។

 

ទោះ​យ៉ាង​ណា អតីត​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ​រូប​នេះ ប្រាប់​ថា លោក​យាយ​ទាំង​ពីរ​ដែល​ទទួល​អនិច្ចកម្ម​បន្តបន្ទាប់​គ្នា​ក្នុង​រយៈ​ត្រឹម​តែ​កន្លះ​ខែ​នេះ មិន​មែន​ជា​សាច់​ញាតិ​បង្កើត​របស់​នាង​ទេ។ "ខ្ញុំ​អត់​មាន​យាយ​បង្កើត​ទេ យាយ​បង្កើត​ខ្ញុំ​គាត់​ស្លាប់​តាំង​ជំនាន់​ប៉ុលពត​ម្ល៉េះ ខ្ញុំ​អត់​ទាំង​ដែល​បាន​ឃើញ​គាត់​មុខ​ផង តែ​ខ្ញុំ​គោរព​ស្រឡាញ់​គាត់​ទាំង​ពីរ​ដូច​យាយ​បង្កើត​អីចឹង"។

 

 

សោភា បញ្ជាក់​ថា យាយ​ទាំង​ពីរ គឺ​ជា​មិត្តភ័ក្ដិ​រាប់​អាន​ជិត​ស្និទ្ធ​ជាមួយ​យាយ​នាង​បង្កើត។ ដូច្នេះ​ហើយ​ទើប​ក្រោយ​មក នាង​គោរព​ប្រណិប័តន៍​ទុក​ដូច​ជា​សាច់​ញាតិ ពោល​គឺ​រាល់​ពេល​បុណ្យ​ទាន​ផ្សេង​ៗ នាង និង​គ្រួសារ​តែង​ជូន​លុយ​កាក់​នំ​ចំណី​ទុក​ដូច​ម្ដាយ ដូច​ជា​យាយ​បង្កើត និង​សូម្បី​ឈឺ​ថ្កាត់​ក៏​នាង​មើល​ថែ​ដែរ។

 

សព​លោក​យាយ "យ៉ាន" របស់ មាស សុខសោភា នឹង​បូជា​នៅ​រសៀល​នេះ​នៅ​ស្រុក​កំណើត។ តារា​ចម្រៀង​ស្រី​រូប​នេះ ប្រាប់​ថា មិត្តភ័ក្ដិ​ក្នុង​សិល្បៈ​មួយ​ចំនួន​បាន​ទូរសព្ទ​ចូល​រួម​រំលែក​ទុក្ខ​នាង​នា​ព្រឹក​នេះ៕

អត្ថបទ៖ ថ្ងៃ​​ទី​ពីីរ​នៃ​​​​មង្គលការ​​​អ្នក​ឧកញ៉ា​គិត ​ម៉េងចាប់ផ្តើម​​នៅ​ពេល​​បន្តិច​​ទៀត​​នេះ​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី