៥ វិធី ជោគជ័យឲ្យគេបើកចិត្តឆ្លើយ ព្រមប្រាប់ការពិតគ្រប់យ៉ាងមិនលាក់លៀម
- 2015-03-20 17:27:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធី ជោគជ័យឲ្យគេបើកចិត្តឆ្លើយ ព្រមប្រាប់ការពិតគ្រប់យ៉ាងមិនលាក់លៀម
ចន្លោះមិនឃើញ
ពេលអ្នកចង់ដឹងរឿងអ្វីមួយ អ្នកប្រាកដជាអន្ទះសា ក្នុងចិត្តចង់ឲ្យគេប្រាប់អ្នកនូវការពិតគ្រប់យ៉ាង។ តែទាស់ត្រង់ថា មិនដឹងត្រូវសួរពេលណា ហើយត្រូវសួរដោយរបៀបណា ឲ្យគេចង់ឆ្លើយដោយមិនកុហក។
ខាងក្រោមនេះ ជាវិធីងាយៗជួយឲ្យអ្នកអាចសន្ទនាជាមួយគេដោយរីករាយព្រមប្រាប់គ្រប់យ៉ាងដល់អ្នក៖
រូបតំណាង
ស្គាល់ពេលវេលាក្នុងការសួរ
សុផា និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកច្បាប់ ប្រាប់ថា ត្រូវមើលថា ពេលណាគេទំនេរ។ បើពេលគេកំពុងសិក្សា ឬធ្វើការងារ មិនគួរសួរឡើយ ព្រោះមិនត្រឹមតែគេមិនឆ្លើយទេ គេថែមទាំងធុញថែមទៀត។ និស្សិតស្រីរូបនេះបន្ថែមថា "ពេលយើងចង់ដឹងការសំងាត់អ្វីមួយ ដែលយើងគិតថា គេបានដឹង យើងក៏ទៅសួរគេដើម្បីដឹងរឿងខ្លះ។ ពេលវេលាក្នុងការសួរសំនួរ ជារឿងសំខាន់ព្រោះពេលនិយាយគ្នា ប្រាកដជាចង់និយាយយូរមិនចង់មានអ្វីរំខាន បើនិយាយគ្នាកំពុងចូលសាច់រឿងសុខៗ ស្រាប់តែគេថា អូ! ប៉ុណ្ណឹងបានហើយ ខ្ញុំរវល់ ក៏មិនសូវល្អដែរ"។
សួរដោយអារម្មណ៍មិនតានតឹង
បុគ្គលិកនៅក្រុមហ៊ុន Beeline លោក សុភា និយាយថា បើទៅសួរគេទាំងអារម្មណ៍មួលម៉ៅ គ្មានអ្នកណាចង់ឆ្លើយទេ។ ជាក់ស្ដែងរឿងរ៉ាវខ្លះ គឺត្រូវប្រើអារម្មណ៍ដើម្បីឆ្លើយ បើគេឃើញអ្នកសួរសំនួរមិនទំនង គ្មានហេតុផល គេក៏មិនចង់និយាយជាមួយដែរ។ លោកសុភា លើកឧទាហរណ៍ថា "ចៃដន្យយើងឃើញគេជិះជាមួយមនុស្សប្រុសផ្សេង យើងជាសង្សារខឹងខ្លាំងគិតថា គេប្រហែលមានថ្មី ក៏ចូលទៅសួរគេទាំងមុខក្រញ៉ូវ។ ដូច្នេះយើងមិនត្រឹមតែមិនដឹងចម្លើយទេ ថែមទាំងត្រូវគេស្អប់ទៀត"។ ត្រូវសួរដោយចិត្តត្រជាក់ ដើម្បីឲ្យគេប្រាកដក្នុងចិត្តថា មិនមែនមករករឿង តែគ្រាន់តែចង់ដឹងឲ្យច្បាស់ប៉ុណ្ណោះ។
មិនសួរសំនួរដូចសួរចម្លើយ
ចំពោះ សត្យា និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញទេសចរណ៍ ប្រាប់ថា វិធីមួយដែលអាចឲ្យគេចង់ប្រាប់គ្រប់យ៉ាងដល់អ្នកសួរ គឺទាល់តែអ្នកសួរហ្នឹងចេះបង្កើតការសន្ទនាឲ្យរីករាយ មិនចាត់ទុកគេដូចអ្នកទោសឡើយ ។
រូបតំណាង
ផ្ដល់ភាពទុកចិត្ត
ចំណុចមួយទៀតជួយឲ្យអ្នកដទៃបើកចិត្តចង់ប្រាប់ គឺការផ្ដល់ភាពទុកចិត្ត។ នេះបើតាមការអះអាងពី សោភ័ណ តារា និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញច្បាប់ ។
តារា បន្តថា ជួនកាលរឿងសំងាត់ខ្លះ គេមិនចង់ឲ្យអ្នកផ្សេងដឹងឡើយ ហើយគេសុំមិនឲ្យប្រាប់អ្នកណាបន្ត តែបើអ្នកមាត់រអិលទៅនិយាយសុះសាយ ថ្ងៃក្រោយគេមិនទុកចិត្ត គេមិនប្រាប់អ្វីទាំងអស់។
មើលទីតាំង
មនុស្សភាគច្រើនគឺអៀន បើមានមនុស្សនៅក្បែរជុំវិញច្រើន គេប្រាកដជាពិបាកធ្វើចិត្តនិយាយការពិតណាស់។ យ៉ាង ចរិយា និស្សិតសាកលវិទ្យាល័យន័រតុន ថា ទីតាំងក៏អាចជួយឲ្យគេបើកចិត្តចង់ឆ្លើយការពិតដែរ។ ជាអ្នកសួរត្រូវមើលថា កន្លែងហ្នឹងសមរម្យឲ្យគេឆ្លើយសំនួរបែបនេះបានអត់ វាអាចជាកន្លែងស្ងាត់ មិនមានសំឡេងរំខាន។ បើសួរគេរឿងសំងាត់ផ្ទៃក្នុងណាមួយនៅកន្លែងមនុស្សច្រើន គេមិនឆ្លើយការពិតទេ។
ចំពោះអ្នកវិញ នៅពេលចង់សួរគេ បានប្រើវីធីណាដើម្បីឲ្យគេព្រមឆ្លើយការពិតមិនលាក់លៀម ?
សូមអាន ៖ ៦ យ៉ាងនារីមិនគួរធ្វើ បើហ៊ានប្រថុយច្បាស់ជាសង្សារលួចមើលងាយ
អត្ថបទ៖ លឹម សុនា