ចូល​រួម​ពាន​ សហគ្រិន​ឆ្នើម ដើម្បី​ទទួល​​បាន​ផល​ចំណេញ​​សម្រាប់​អាជីវកម្ម​​​អ្នក

  • 2015-03-21 15:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ការ​ប្រកាស​​ថ្ងៃ​​ជ្រើសរើស​បេក្ខជន​​​​ម្សិល​មិញ អ្នក​ស្រី កែវ ចិន្តា ប្រធាន​ផ្នែក​ជ្រើស​រើស​បេក្ខភាព​ពាន​ សហគ្រិន​វ័យ​​ក្មេង​កម្ពុជា​​ (CYEA 2015) ពន្យល់​ថា​​ពាន​រង្វាន់​នេះ​​នឹង​ផ្ដល់​​គុណប្រយោជន៍​​ជា​ច្រើន​​ដល់​ បេក្ខជន​​ ក្រៅ​​តែ​ពី​​សហគ្រិន​អាច​​​​​​បង្កើន​បណ្ដាញ​​ថ្មី​ៗ​ ជាមួយ​ក្រុម​​​ពាណិជ្ជករ​​​​​ឆ្នើម​​ៗ​​ក្នុង​​​សង្គម​​​​ពាណិជ្ជកម្ម​​​កម្ពុជា​​​។ ​អ្នក​ស្រី​លើក​យក​​​អត្ថប្រយោជន៍​​​ធំៗ​​ ដែល​បេក្ខជន​ចូល​រួម​អាច​ទាញ​ផល​ចំណេញ​​លើ​អាជីវ​កម្ម​ខ្លួន​ដូច​ជា៖

 

 

-ផ្សព្វផ្សាយ ​​យីហោ​អាជីវកម្ម​ និង​សក្ដានុពល ក្នុង​ភាព​ជា​បុគ្គល​លេច​ធ្លោ​​​​​​​ -ឱកាស​​ទទួល​បាន​​​​ការ​​ផ្ដល់​ជូន អត្រា​​​​ការ​ប្រាក់​ពិសេស​​ និង​ទាក់​ទាញ​សម្រាប់​ការ​វិនិយោគទុន​ដែល​​ជា​ប្រយោជន៍​​ដល់​អាជីវកម្ម ​-​​ទទួល​បាន​​ការ​​ចែក​រំលែក​ពិសោធន៍​ពី​ជន​ឆ្នើមៗ​​​ផ្នែក​អាជីវកម្ម​​ នៅ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ​-​ការ​បណ្ដុះ​បណ្ដាល​ពិសេស​​ផ្នែក​ហិរញ្ញវត្ថុ​​ពី​ក្រុម​ជំនាញ​​ ​-​ដឹង​ពី​​ចំណុច​ខ្វះ​ខាត​​ផ្នែក​គ្រប់​គ្រង​អាជីវ​កម្ម​របស់​ខ្លួន​​ដើម្បី ​​​បំពេញ​បន្ថែម​ -​ឈាន​ទៅ​ចាប់​​​​យក​ឱកាស​ថ្មី​ៗ​សម្រាប់​​អាជីវកម្ម

 

​លោក​ តា ជាសុខ​ ​​ប្រធាន​​​សាខា​ធនាគារ​​ ហ្វីលីព ដែល​​គាំទ្រ​ដល់​​​ការ​រៀប​ចំ​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​​កម្ពុជា​​ (CYEA) ​ថា​ធនាគារ​លោក លើក​ទឹក​ចិត្ត​ខ្ពស់​ដល់​សហគ្រិន​​វ័យ​ក្មេង​ទាំង​ឡាយ​​ចូល​រួម​ក្នុង​កម្មវិធី​។ ធនាគារ​នឹង​ផ្ដល់​ជូន​​​ការ​បញ្ចុះ​ការ​ប្រាក់​ ដល់​​បេក្ខជន​​ ពិសេស​បេក្ខជន​​​​ជាប់​បញ្ជី​១០​នាក់​ចុង​ក្រោយ​​ត្រឹម​៨%​ ក្នុង​មួយ​ឆ្នាំ​​សម្រាប់​ឥណទាន​​គ្មាន​ការ​កំណត់​។ ​

នេះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​ក្នុង​​​​វិស័យ​ធុរកិច្ច​​ ដែល​​មាន​ការ​បង្កើន​ពាន​រង្វាន់​សម្រាប់​​​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​នៅ​កម្ពុជា។ ​ប្រវត្តិ​​​​បេក្ខជន​ឆ្នើម​ៗ​នឹង​ត្រូវ​កត់​ត្រា​​ និង​បង្ហាញ​ជា​សាធារណៈ​ ទុក​ជា​គំរូ​​ដល់​យុវជន​ជំនាន់​ក្រោយ​។

លោក គូច ផេង ប្រធាន​សភា​យុវ​​ពាណិជ្ជករ​​​​​អន្តរជាតិ​កម្ពុជា​​ ដែល​​ជា​​ស្ថាប័ន​ ចាប់​ដៃ​​ជាមួយ​​​ សមាគម​​​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ​សម្រាប់​គម្រោង​​បង្កើត​​ឲ្យ​មាន​​ពាន CYEA ឡើយ ថាគម្រោង​​បង្កើត​ពាន​នេះ គឺ​មាន​​​តាំង​​ពី​​​ប៉ុន្មាន​ឆ្នាំ​មុន​​ម៉្លេះ តែ​ទើប​​​អាច​ធ្វើ​​​ឲ្យ​ក្លាយ​ជា​ការ​ពិត​ លេច​រូប​រាង​ឡើង​ឆ្នាំ​នេះ។

លោក​ថា​កន្លង​មក​ សហគ្រិន​ក្មេងៗ​ថ្មីៗ មិន​សូវ​ទទួល​បាន​ការ​​​​លើក​ទឹក​ចិត្ត​ គឺ​មាន​តែ​​ពាណិជ្ជករ​ធំៗ​ ដែល​មាន​គេ​ស្គាល់​ជា​សាធារណៈ​ច្រើន​ ហើយ​​​​ការ​បើក​ប្រវត្តិសាស្ត្រ​ពាន​នេះ​ គឺ​ជា​ការ​ជំរុញ​​​ទឹក​ចិត្ត​​យុវ​សហគ្រិន​ទាំង​ឡាយ។ ​លោក​ថា​ សហគ្រិន​ក្មេងៗ​​​ជា​ច្រើន​​​ បាន​​ចូល​រួម​​​ក្នុង​​បង្កើត​​ការ​ងារ​ ដែល​ជា​​ផ្នែក​ជំរុញ​​​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ជាតិ​ ហើយ​​ពួក​គេ​​​គួរ​​តែ​ទទួល​បាន​អ្វី​តប​ស្នង​វិញ​​។

ពាន​​រង្វាន់​​ឆ្នើម​ៗ​៤​​នឹង​ផ្ដល់​សហគ្រិន​​​​

-​ ពាន​​រង្វាន់ អាជីវកម្ម​លេច​ធ្លោ

  • ​ពាន​រង្វាន់​​​​សហគ្រិន​ស្ត្រី​ឆ្នើម -​ ពាន​រង្វាន់​ជីវកម្ម​​ទ្រទ្រង់​​សង្គម​
  • ពាន​រង្វាន់ អាជីវកម្ម​​​ប្រើ​បច្ចេកវិទ្យា​ខ្ពស់
CYEA ​បើក​ឲ្យ​​សហគ្រិន​ទូទៅ​​ បំពេញ​សំណុំ​​​បែប​បទ​​ដាក់​ពាក្យ​​​​តាំង​ពី​ថ្ងៃ​​ទី​​២៨​​ ខែ​មករា ហើយ​នឹង​បិទ​នៅ​ថ្ងៃ​ទី​៣១​​មីនា​។ គណៈកម្មការ​​មាន​​ជំនាញ​និង​បទពិសោធន៍ នឹង​វាយ​តម្លៃ​សម្រិតសម្រាំង​យក​​​បេក្ខជន​សហគ្រិន​​​លេច​ធ្លោ​បំផុត​១០​នាក់​នៅ​ថ្ងៃ​ទី​​​២៨​មេសា ដើម្បី​ធ្វើ​​ប្រវត្តិ​រូប​ និង​រៀប​រាប់​អាជីវកម្ម​ពួក​គេ​ជា​វីដេអូ ចេញ​ផ្សាយ​ជា​សាធារណៈ។ ​ដំណាក់​កាល​បន្ទាប់​​គឺ​ការ​​​​​​វាយ​តម្លៃ​​​សហគ្រិន​១០​នាក់​​នោះ ស្វែង​រក​សហគ្រិន​ល្អ​​​​​ជាង​គេ​៤​នាក់ ដែល​ស័ក្ដិសម​បំផុត​​​​​តាម​ប្រភេទ​​ពាន​ទាំង​៤​ខាង​លើ ហើយ​​នឹង​ប្រកាស​ឲ្យ​ឈ្នះ​​ពាន​​​​ទាំង​នោះ​នៅ​ថ្ងៃ​ទី​​​៣០​ឧសភា​​២០១៥។

សហគ្រិន​​ដែល​អាច​​ចូល​រួម​ក្នុង​​ការ​ប្រជែង​ពាន​​រង្វាន់​​​វិស័យ​ធុរកិច្ច​​ជា​ប្រវត្តិសាស្ត្រ​ដំបូង​​នៅ​កម្ពុជា​លុះ​ត្រា​តែ៖

  • ​មាន​អាយុ​​ចាប់​ពី​១៨​ដល់​​៤០​ឆ្នាំ​​
  • បាន​បើក​អាជីវកម្ម​យ៉ាង​តិច​ពីរ​ឆ្នាំ​
  • មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ស្រប​ច្បាប់
  • មាន​សញ្ជាតិ​កម្ពុជា​
  • មាន​ក្រុមហ៊ុន​យ៉ាង​តិច​មាន​បុគ្គលិក​៥​នាក់​
  • អាជីវកម្ម ឬ​ក្រុមហ៊ុន​ ដែល​មិន​ផ្ដល់​សេវាកម្ម​ទាក់​ទង​នឹង​ល្បែង​ស៊ី​សង ជួញ​ដូរ​ឈើ​ខុស​ច្បាប់ ថ្នាំ​ជក់​ និង​គ្រឿង​ស្រវឹង​
  • មិន​មែន​សមាជិក​​គណៈកម្មការ​រៀប​ចំ​​កម្មវិធី ​​
  • សហគ្រិន​វ័យ​ក្មេង​ដែល​ជា​នារី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​​

សហគ្រិន​ទាំង​ឡាយ​ចង់​ចូល​រួម​កម្មវិធី​​ក្នុង​កម្មវិធី​ពាន​​​អាជីវកម្ម ទំព័រ​ដំបូង​បំផុត​​នៅ​កម្ពុជា​មួយ​នេះ អាច​ទាក់​ទង​តាម​ទូរសព្ទ​លេខ ០៧១​ ៣១៧ ៣៣៣៣ ឬ ០៧១ ៣១៧ ៣៣៣៣៕ អត្ថបទ៖ ប៉ែន សុផាន់ណា​​​

អត្ថបទថ្មី