មិន​ធម្មតា...បទ​ចម្រៀង​របស់ AGO ល្បី​ដល់​អាមេរិក​ទៀត!

  • 2015-03-23 20:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ស្រុក ប៉ុន្តែ​បទ  "ស្ដាយ​ស្នេហ៍​អភ័ព្វ" សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត និង Remix ភ្លេង​ថ្មី​ដោយ​ផលិតកម្ម KlapYaHandz ច្រៀង​ដោយ AGO កំពុង​ទទួល​ការ​គាំទ្រ​នៅ​អាមេរិក​ទៀត។

 

 

 ភុន ធារិទ្ធ ឬ AGO

 

AGO ដែល​មាន​ឈ្មោះ​ពិត​ថា ភុន ធារិទ្ធ ប្រាប់​ថា "ម៉ាក់​ខ្ញុំ​ដែល​សព្វ​ថ្ងៃ​គាត់​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ហ្នឹង គាត់​ទូរសព្ទ​មក​ប្រាប់​ថា បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ" របស់​ខ្ញុំ​ឥឡូវ​ហ្នឹង​កំពុង​ល្បី​ខ្លាំង​ណាស់​នៅ​អាមេរិក ពិសេស​កន្លែង​ដែល​គាត់​រស់​នៅ វ៉ាស៊ីនតោន តែ​ម្ដង គាត់​ថា ស្ទើរ​គ្រប់​ហាង​លឺ​តែ​ចាក់​បទ​ខ្ញុំ...ហ្នឹង​តាម​ដែល​ម៉ាក់​ខ្ញុំ​ប្រាប់​ណា​បង!"។

 

“ស្ដាយ​ស្នេហ៍​អភ័ព្វ" សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ជា​ប្រភេទ​បទ​រាំ​វង់។ បទ​នេះ​ត្រូវ​បាន​ផលិតកម្ម KlapYaHandz យក​មក Remix បទ​ភ្លេង​ថ្មី និង​បាន​ចេញ​ចរាចរណ៍​លើ​ប្រព័ន្ធ Youtube ថ្មី​ៗ​នេះ។ តាម AGO បាន​ប្រាប់​ថា អ្នក​ស្ដាប់​ជា​ច្រើន គាំទ្រ​បទ​ភ្លេង​ថ្មី​នេះ។

 

“ក្រោយ​ចេញ​បទ​ហ្នឹង បង​ប្អូន ពិសេស​មិត្តភ័ក្ដិ​ខ្ញុំ​អី ពួក​គេ​សួរ​រក​ថា​អ្នក​ណា​គេ​អ្នក​ធ្វើ​ភ្លេង​ថ្មី​ហ្នឹង ពួក​គេ​ថា​ពីរោះ​ណាស់ ហើយ​ខ្ញុំ​ប្រាប់​ថា​មេ​ខ្ញុំ...ហើយ​អ្នក​នៅ​អាមេរិក​ក៏​អីចឹង​ដែរ​បង គឺ​គេ​ថា​បទ​ភ្លេង​ថ្មី​ហ្នឹង​ពីរោះ ពិសេស​បរទេស​គេ​ចូល​ចិត្ត​ណាស់"។

 

 

 AGO សម្ដែង​ក្នុង​បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ"

 

AGO ឬ ភុន ធារិទ្ធ បាន​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម KlapYaHandz អស់​រយៈ​ពេល​៣-៤​ឆ្នាំ​មក​ហើយ។ ក្នុង​រយៈ​ពេល​នេះ ក្រៅ​ពី​បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ" លោក​មាន​បទ Remix ច្រើន​ទៀត ដែល​ទទួល​បាន​ការ​គាំទ្រ​ដូច​គ្នា មាន​ដូច​ជា "អនុស្សាវរីយ៍​សមុទ្រ​ព្រាត់" "លា​ហើយ​ប៉ារីស" "អក្ខរា​ដែល​បង​សរសេរ​ទៅ" និង​បទ "ពោះ​ម៉ាយ​ហ៊ឺហា" ជា​ដើម។

 

"ពី​មុន​ខ្ញុំ ចូល​ចិត្ត​ច្រៀង​តែ​បទ​ស្រែក​ៗ ដូច​បទ​លោក ព្រាប សុវត្ថិ សិរីមន្ត អី​ទេ ដល់​ឥឡូវ​ដូរ​មក​ច្រៀង​បទ Remix ថ្មី​វិញ ខ្ញុំ​ដូច​ដូរ​តាម​ដែរ គឺ​ចូល​ចិត្ត​បទ​អីចឹង​ៗ​វិញ"។ AGO ថ្លែង។

 

 

 AGO (រូប​ទី​២​រាប់​ពី​ឆ្វេង) និង​ក្រុម​ការងារ​ផលិត​វីដេអូ​ចម្រៀង​បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ"

 

មាន​កំណើត​នៅ​រាជធានី​ភ្នំពេញ AGO ជា​កូន​ពៅ​ក្នុង​ចំណោម​​បង​ប្អូន​៤​នាក់(ស្រី​២ ប្រុស​២)។ ចំពោះ​សិល្ប​ចម្រៀង តារា​ចម្រៀង​រូប​នេះ​ប្រាប់​ថា លោក​ចូល​ចិត្ត​​តាំង​ពី​ក្មេង​ៗ​មក។ ដោយ​សារ​តែ​បែប​នេះ អាយុ​ខ្ទង់ ១៤-១៥ ឆ្នាំ លោក ក៏​បាន​ចូល​ហាត់​ច្រៀង​នៅ​ក្លឹប​តារា​មាស(បច្ចុប្បន្ន​បិទ​ហើយ)​អស់​រយៈ​ពេល​ប្រមាណ​កន្លះ​ឆ្នាំ។

 

បន្ត​មក​ទៀត AGO បាន​ចូល​ប្រឡង​កម្មវិធី​នៅ​ស្ថានីយ​ទូរទស្សន៍​ជា​ច្រើន។ ការ​ប្រឡង​ចុង​ក្រោយ​របស់​តារា​ចម្រៀង​វ័យ ២៤​ឆ្នាំ​នេះ​រូប​នេះ គឺ​ក្នុង​កម្មវិធី "ពេជ្រ​កំពុង​ច្នៃ" របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ អំឡុង​ឆ្នាំ ២០១០ ប៉ុន្តែ​បាន​ត្រឹម​វគ្គ​ទី​២​ប៉ុណ្ណោះ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រោយ​មក​មាន​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ទាក់​ទង ប៉ុន្តែ AGO អត់​ទៅ​ដោយ​សារ​គេ​តម្រូវ​បង់​ប្រាក់​ច្រើន​ពេក។

 

ចុង​ក្រោយ ក៏​បាន​ចូល​រួម​ជាមួយ Klapyahandz នេះ​អំឡុង​ឆ្នាំ ២០១១ ហើយ​បាន​ចេញ​បទ Remix ជា​បន្តបន្ទាប់ ទទួល​បាន​ការ​គាំទ្រ​ច្រើន៕

 

តោះ...ស្ដាប់​បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ" ទាំង​អស់​គ្នា ហើយ​ចាំ​ប្រាប់​ថា ពីរោះ​អត់?

 

 

អត្ថបទ៖ ទារិកា