កញ្ចប់ថង់តែតូចៗ មានអត្ថប្រយោជន៍ហួសស្មាន
- 2015-03-24 13:00:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ចប់ថង់តែតូចៗ មានអត្ថប្រយោជន៍ហួសស្មាន
ចន្លោះមិនឃើញ
តែគឺជាភេសជ្ជៈដ៏អស្ចារ្យមួយប្រភេទដែលអាចព្យាបាលជំងឺ និងជួយឲ្យសម្រស់មានភាពស្រស់ស្អាត ប៉ុន្តែអត្ថប្រយោជន៍របស់វាមានហួសពីនេះទៅទៀត សូម្បីតែថង់ឆុតតែតូចៗ ក៏ីមានអត្ថប្រយោជន៍ច្រើនដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ថង់តែ ដែលអ្នកអាចមិនធ្លាប់ដឹងពីមុនមក៖
១. ព្យាបាលការរលាក
ដាក់ថង់តែត្រជាក់នៅលើស្នាមរលាកប្រហែល២០នាទី។ គុណសម្បត្តិនៃភាពត្រជាក់ និងជាតិតែនោះនឹងជួយបន្ថយការឈឺចាប់ ហើយការព្យាបាលបែបនេះមានភាពរហ័សជាងថ្នាំផ្សេងៗទៀត។
២. ព្យាបាលសត្វល្អិតទិច ឬខាំ
តែមានលក្ខណៈសម្បត្តិពិសេសគឺអាចប្រឆាំងនឹងការរលាក និងជាឱសថបុរាណព្យាបាលសត្វល្អិតទិច ឬខាំដោយអាចកាត់បន្ថយការរមាស់ ក្រហម និងស្បែកហើមបាន។ ដោយគ្រាន់តែដាក់កញ្ចប់ថងតែលើតំបន់នោះប្រហែល១០នាទីតែប៉ុណ្ណោះ។
៣. ទប់ស្កាត់ការហូរឈាមអញ្ចាញធ្មេញ
ឥឡូវនេះលោកអ្នកអាចទប់ស្កាត់ការហូរឈាមតាមអញ្ចាញ និងការឈឺធ្មេញបានដោយគ្រាន់តែដាក់កញ្ចប់តែលើកន្លែងដែលឈឺក្នុងមាត់របស់អ្នក មួយសន្ទុះក្រោយមកនឹងបាត់ឈឺបន្តិចម្ដងៗ។
៤. ពពែភ្នែក
ដើម្បីកាត់បន្ថយការហើម និងចង់ឲ្យវាឆាប់បែកហូរមេរោគចេញមកក្រៅ ចូរយកកញ្ចប់ទឹកតែក្ដៅអ៊ុនៗដាក់លើពពែភ្នែកនោះប្រហែល១៥នាទី បីដងជារៀងរាល់ថ្ងៃ។ ធ្វើបែបនេះជាតិថ្នាំដែលមានក្នុងតែនឹងបញ្ចេញឥទ្ធិពលកម្ចាត់បាក់តេរី និងជួយសម្លាប់មេរោគនេះចេញ។
៥. ធ្វើឲ្យសក់ភ្លឺរលោង
ប្រសិនបើអ្នកធុញទ្រាន់នឹងសក់ដែលគ្មានជីវិតទេ សូមព្យាយាមប្រើថង់តែតូចៗនេះវិញ។ វិធីធ្វើងាយៗដោយគ្រាន់តែឆុង រួចយកទៅដាក់លើសក់រហូតដល់ត្រជាក់ បន្ទាប់មកលាងជម្រះជាមួយសាប៊ូ។
៦. ជើងស្អុយ
ដើម្បីបំបាត់ក្លិនជើងមិនល្អ វិធីដ៏ល្អបំផុតនោះគឺតែនេះឯង។ យកថង់តែចាស់ៗមួយ ឬពីរកញ្ចប់ ដាក់ជាមួយទឹកក្ដៅមួយកូនធុងហើយត្រាំជើងរបស់អ្នកក្នុងនោះ២០នាទីជារៀងរាល់ថ្ងៃ។ ធ្វើបែបនេះជាតិថ្នាំដែលមានក្នុងតែនឹងសម្លាប់បាក់តេរី និងផ្សិតដែលបណ្ដាលឱ្យមានក្លិន។
៧. បំបាត់រង្វង់ភ្នែកខ្មៅ
នេះជាបញ្ហាដែលមនុស្ស្សរីគ្រប់រូបតែងតែបារម្ភ តែឥឡូវនេះមិនចាប់ខ្វល់ទៀតទេ។ យកតែពីរកញ្ចប់តូចដែលឆុងរួចនៅក្ដៅអ៊ុនៗ មកបិតពីលើភ្នែក២០នាទី។ អនុវត្តន៍វិធីនេះពីរ ទៅបីដងក្នុងមួយសប្ដាហ៍នឹងជួយលុបស្នាមខ្មៅនៅរង្វង់ភ្នែកបានជាមិនខាន។
៨. ជាជីដ៏មានជីវជាតិ
កាកតែអាចធ្វើជាជីកុំប៉ុសដ៏មានជីវជាតិសម្រាប់បន្លែបង្ការ ឬដំណាំផ្សេងៗទៀតជាច្រើន៕
ប្រែសម្រួល៖ ទ្រី រ៉ាវី ប្រភព៖ positivemed