រឿងរ៉ាវ​នានា​​មុន​ Beeline ឈាន​ដល់​​ការ​ដួល​រលំ

  • 2015-03-25 18:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sotelco (Beeline) បាន​​បញ្ចប់​​ប្រតិបត្តិការ​អាជីវកម្ម​​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​នៅ​កម្ពុជា និងសម្រេច​លក់​ទ្រព្យសម្បត្តិ​និង​អាជ្ញាបណ្ណ​សេវា​ទូរសព្ទ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ Viettel (Metfone)។

 

 

ការ​សម្រេច​ចិត្ត​បិទ​អាជីវកម្ម​របស់​ក្រុមហ៊ុន Beeline ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង និង​នាំ​ឲ្យ​​មជ្ឈដ្ឋាន​នានា​មាន​ការ​ចាប់​អារម្មណ៍​​។ ​មុន​ពេល​ដែល Beeline សម្រេច​ចិត្ត​បិទ​ទ្វារ ប្រិយមិត្ត​មួយ​ចំនួន​អាច​ចង់​ដឹង​ពី​​ដំណើរ​ដើម​ទង​​របស់​ក្រុមហ៊ុន​ Beeline ក្នុង​ការ​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​រឿង​រ៉ាវ​នានា​​មុន​ពេល​ក្រុមហ៊ុន​នេះ​​ឈាន​ដល់​ការ​ក្ស័យធន។

 

ក្រុមហ៊ុន Sotelco (Beeline) បាន​បើក​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែ​ឧសភា ឆ្នាំ២០០៩ ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ក្រុមហ៊ុន​មេ Vimple Com ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុល្លង់ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​កាល​ពី​ខែ កក្កដា ២០០៨ ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ក្រុមហ៊ុន Sotelco និង​យីហោ Beeline។

 

ការ​ចាប់​ដំណើរការ​អាជីវកម្ម​ដំបូង ក្រុមហ៊ុន​បាន​សម្រេច​ជោគជ័យ​ដោយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ ក្នុង​ការ​ផ្តល់​សេវា​ទូរសព្ទ​លំ​ដាប់​​ខ្ពស់​ដល់​អតិថិជន។ យ៉ាង​ណា​ស្ថានភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចាប់ផ្ដើម​វិវត្ត​ទៅ​រក​ស្ថានភាព​​មិន​សូវ​ល្អ​នៅ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​។

 

កាល​ពី​ឆ្នាំ​២០១២ ក្រុមហ៊ុន​ប៊ីឡាញ (Beeline) បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​៣ របស់​ខ្លួន ដែល​បាន​ចុះ​ផ្សា​នៅ​លើ​បណ្ដាញ​សារព័ត៌មាន Thekhmerdailyថា​ចំនួន​អតិថិជន​ប្រើប្រាស់​សេវា​ទូរសព្ទ​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​អស់​ជាង ១០០.០០០ នាក់​នៅ​ក្នុង​ត្រី​មាស​ទី​ពីរ​ហើយ​ប្រាក់​ចំណូល​ជា​មធ្យម​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​មក​នៅ​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ។

 

បើ​យោង​តាម​តួលេខ​ពី​ក្រុមហ៊ុន បាន​បង្ហាញ​ថា​ចំនួន​អ្នក​ប្រើប្រាស់​សេវា​ទូរសព្ទ​នៅ​ឯ​ក្រុមហ៊ុន​បម្រើ​សេវា​ទូរសព្ទ​របស់​ខ្លួន​ក្នុង​ប្រទេសកម្ពុជា បាន​ធ្លាក់​ចុះ​អស់​ចំនួន ១០៦.០០០ នាក់​ពោល​គឺ​ចុះ​មក​នៅ​ត្រឹម​ចំនួន​ជាង ១ លាន​នាក់​នៅ​ចន្លោះ​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា ឆ្នាំ ២០១២។ ចំណែក​ការ​ចំណាយ​ជា​មធ្យម​ដោយ​អតិថិជន​ម្នាក់ៗ​របស់​ក្រុមហ៊ុន​ក៏​បាន​ធ្លាក់ចុះ​ពី​ចំនួន ១,៧ ដុល្លារ​អាម៉េរិក​នៅ​ត្រី​មាស​ទី​២​មក​នៅ​ត្រឹម​ចំនួន១,៥ដុល្លារ​អាមេរិក។

 

ក្នុង​របាយការណ៍​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​គិត​ត្រឹមដំ​ណាច់​ឆ្នាំ ២០១២ ក៏​បង្ហាញ​ដែរ​ថា ចំនួន​អ្នក​ប្រើប្រាស់​សេវា​ទូរសព្ទ​របស់ Beeline នៅ​ប្រហែល​ជិត ៦ សែន​នាក់​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ៥ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ៨ ដែល​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា។

 

ដោយ​មិន​អាច​បន្ត​ដំណើរការ​អាជីវកម្ម​ទៅ​មុខ​ទៀត​បាន ក្នុង​ឆ្នាំ ២០១៣ ក្រុមហ៊ុន Vimple Com ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Beeline ក៏​សម្រេច​លក់​ភាគហ៊ុន​ខ្លួន​ទាំង​ស្រុក​ដល់​ដៃគូ​ក្នុង​ស្រុក ដើម្បី​បន្ត​​គ្រប់គ្រង​អាជីវកម្ម​ស្លាក​សញ្ញា​ក្រុមហ៊ុន​ឲ្យ​ដំណើរ​ការ​ទៅ​មុខ​កាន់​តែ​ល្អ​ប្រសើរ។ ជាមួយ​ការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​ថ្មី​នេះ ក្រុមហ៊ុន​ ក៏​បាន​ខិតខំ​អភិវឌ្ឍ​បច្ចេកវិទ្យា​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ឡើង​វិញ ជាពិសេស​ការ​ណែនាំ​នៅ​បច្ចេកវិទ្យា​ 4G ដើម្បី​ឈាន​មុខ​លើ​ដៃគូ​ប្រកួតប្រជែង។  ទោះ​បី​​ជា​មាន​ការ​​ប្រឹងប្រែង​​​យ៉ាង​ខ្លាំង​ក្លា ​អន្តរកាល​របស់​ក្រុមហ៊ុន​​ក៏​បាន​បញ្ចប់​នៅ​ខែ​មីនា​នេះ ដោយ​ក្រុមហ៊ុន​បាន​ប្រកាស​ពី​ការ​បញ្ចប់​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា ដោយ​បាន​សម្រេច​លក់​ទ្រព្យសម្បត្តិ​និង​អាជ្ញា​សេវា​ទូរសព្ទ​ទៅ​ឲ្យ​ដៃគូ​ បន្ទាប់​ពី​មិន​អាច​បន្ត​ដំណើរការ​ទៅ​មុខ​ទៀត​បាន។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា