អីយ៉ា...អេ​ឡិច​ ច័ន្ទត្រា ដូរ​ថ្មី​ទៀត​ហើយ!

  • 2015-03-26 17:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ចម្រៀង អេ​ឡិច​  ច័ន្ទត្រា បាន​ផ្លាស់​ប្ដូរ​ដៃ​គូ​​ថ្មី​ម្នាក់​ទៀត​ហើយ​នៅ​ដើម​ឆ្នាំ២០១៥​នេះ។ដៃ​គូ​​ថ្មី​ថ្មោង​​របស់​លោក​គឺ​តារា​ចម្រៀង និង​សម្ដែង​សាច់​ស​ខ្ចី ធី ណា​តា។

 

ការ​ចាប់ដៃ​គូ​ជា​ថ្មី នេះ​បន្ទាប់​ពី​លោក​ និង ធី ណាតា ទើប​វិល​ត្រឡប់​មក​ពី​សម្ដែង​រួម​គ្នា​នៅ​ប្រទេស​អូស្ត្រាលី ហើយ​បាន​ប្រកាស​នៅ​លើ​កញ្ចក់​ទូរទស្សន៍ MyTV ថ្មី​ៗ។ តារា​ប្រុស​កូន​កាត់​ចិន​រូប​នេះ ប្រាប់​ថា លោក​ធ្វើ​បែប​នេះ​ដើម្បី​ផ្ដល់​ភាព​ប្លែក​ភ្នែក​មួយ​ទៀត​ដល់​ទស្សនិកជន។

 

 

អេ​ឡិច​  ច័ន្ទត្រា ប្រាប់ Sabay តាម​ទូរស័ព្ទ​ ចំពោះ​ដំណើរ​ដើម​ទង​ដែល​នាំ​ឲ្យ​លោក ចាប់​ដៃ​គូ​ជាមួយ ធី ណាតា ថា លោក​បាន​ចេញ​ទៅ​សម្ដែង​នៅ​ប្រ​​ទេស​អូស្ត្រាលី​ ជាមួយ ណា​តា កាល​ពី​ឆ្នាំ​២០១៤។ គ្រា​នោះ លោក និង​ណាតាត្រូវ​បាន​តម្រូវ​ឲ្យ​សម្ដែង​ឈុត ឆាក ទុំទាវ ជាមួយ​គ្នា។

 

អេឡិច ប្រាប់​ទៀត បន្ទាប់​ពី​សម្ដែង​ឈុត​នោះ​ហើយ ទើប​លោក​បាន​មើល​ឃើញ​ពី​ទេពកោសល្យ​​របស់​កញ្ញា ណាតា ចំពោះ​ការ​ច្រៀង និង​សម្ដែង។ ពេល​នោះ នាង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​​មែន​ទែន ពី​សំណាក់​បង​ប្អូន​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ។ បូករួម​ទាំង​​ចរិត​ល្អ​ស្លូត​បូត​ចេះ​ជួយ​ទុក្ខ​ធុរៈ​​គ្នា​ផង​នោះ ទើប​ធ្វើ​ឲ្យ​លោក​សំ​រេច​ចិត្ត​ជ្រើស​រើស​ចាប់​ដៃ​គូ​ជាមួយ​នាង​តែ​ម្ដង។

 

 

 តារា​ចម្រៀង ធី ណាតា

 

ម្យ៉ាង​វិញ​ទៀត ក៏​ចង់​ជួយ​ដៃគូ​ថ្មី​នេះ​ដែរ ខណៈ ណាតា ត្បិត​ជា​​តារា​ចម្រៀង និង​តារា​សម្ដែង​មែន ប៉ុន្តែ​បង​ប្អូន​មិន​ទាន់​បាន​ស្គាល់​​គាត់​ពី​មុន​មក​ទេ។​អ្វី​ដែល​សំ​ខាន់​បំផុត​នោះ​គឺ​​លោក​ចង់​ធ្វើ​អ្វី​ឲ្យ​ប្លែក​ថ្មី​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​​ក្នុងឆ្នាំ២០១៥នេះ។លោក​បាន​បន្ត​ទៀត​ថា​លោក​មាន​ក្ដី​រំពឹង​ទុក​ថា​ពុក​ម៉ែ​បង​ប្អូន​នឹង​ចូល​ចិត្ត​គាំ​ទ្រ​លោក​និង​ដៃគូ​របស់​លោក។​​​​​

 

​​​​​​​​​​​​​​​​​​​​​លឹម ប៉ោស្រ៊ុន ឬ អេ​ឡិច​  ច័ន្ទត្រា បាន​ចាប់​ដៃ​គូ​ជា​មួយ​កញ្ញា ​ណា​តា តាំង​ពី​​ដើម​ខែ​មករា​​ឆ្នាំ​២០១៥​មក​ម្ល៉េះ ​ហើយ​កញ្ញា​ជា​ដៃ​គូ​ទី​៤​របស់​តារា​ប្រុស​រូប​នេះ ​ក្នុង​នោះ​តារា​ស្រី​ៗ​ដែល​ធ្លាប់​ធ្វើ​ជា​ដៃ​គូ​របស់​លោក​មាន​ដូច​ជា​អ្នកនាង ឆ័យលី ដាឡែន គឹម​ លីហ្សា និង​ កញ្ញា​ ទឹម​ រដ្ធា៕

 

អត្ថបទ៖ គុយ សុវណ្ណសិលា​