No More លែងហ៊ានគិតរឿងស្នេហា
- 2015-03-26 22:03:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
No More លែងហ៊ានគិតរឿងស្នេហា
ចន្លោះមិនឃើញ
«មួយរយៈកាលនេះ មានការរវល់ដកឃ្លាមិនចង់រួច រកតែពេលញ៉ាំបាយមិនបានផង គ្មានពេលណាគិតរឿងស្នេហាទេបងអើយ និយាយអីចឹង មិនមែនគ្មានអ្នកតាមស្រលាញ់ទេ ប៉ុន្តែលែងហ៊ានគិតគូររឿងហ្នឹងហ្មង»។
បើទោះជាមានអ្នកតាមស្រលាញ់មានទាំងចាស់ទាំងក្មេងច្រើនប៉ុណ្ណាក៏ដោយ អន រ៉ាស៊ីសុមេត្តាហៅ No More ប្រាប់ថា មិនអើពើឆ្លើយតបទៅបុរសទាំងអស់នោះឡើយ។ នាង បញ្ជាក់ថា មានហេតុផលមួយចំនួន ដែលចងនាងមិនឲ្យងាកមកគិតរឿងនេះបានក្នុងពេលនេះ។
ទី១ គឺនាងកំពុងតែមានការរវល់នឹងការងារសិល្បៈខ្លាំងណាស់ ក្នុងនោះក្រៅពីការងារសម្ដែងភាពយន្ត ខារ៉ាអូខេ និងស្ប៉តពាណិជ្ជកម្ម នាងទើបចាប់បានអាជីពជាពិធីការិនីលើកដំបូងទៀតនៅទូរទស្សន៍ថ្មី MSJ HDTV។ ហេតុផលទី២ គឺចាប់តាំងពីឪពុកលាចាកលោកទៅ មានតែអ្នកម្តាយជាអ្នករ៉ាប់រងនៅក្នុងគ្រួសារ ដូច្នេះខ្លួនមានបន្ទុកធ្ងន់ ត្រូវរកលុយជួយគ្រួសារសិន។
ម្យ៉ាងវិញទៀត នាងក៏ចង់ទុកពេល អភិវឌ្ឍន៍ខ្លួនជាតារា ដ៏ល្បីមួយសិនដែរ។ No More ថ្លែងថា "ទាន់នៅមានឱកាស អីចឹងត្រូវប្រឹងការងារសិនហើយ រឿងស្នេហាអីហ្នឹង អត់ទាន់ដល់ពេលទេ(សើច)!"។
No More ចូលរួមកម្មវីធីត្រៀមអបអរបុណ្យចូលឆ្នាំខ្មែរឲ្យសមាគមទូរទស្សន៍ម្សិលមិញនៅ CTN
ប្រការគួរកត់សម្គាល់មួយ កាលពីថ្ងៃបុណ្យនៃក្ដីស្រឡាញ់ តារាស្រីវ័យ ២១ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ទទួលបានកាដូពិសេសពីបុរសម្នាក់។ ពាក់ព័ន្ធទៅនឹងបុរសម្ចាស់កាដូចិញ្ចៀនពេជ្រនោះ No More បានប្រាប់ Sabay តាមរយៈទូរសព្ទថា មិនមែនជាស្នេហាទេ។ "មិនមែនជាស្នេហាទេបង ខ្ញុំទុកគាត់ជាបងប្រុសអីចឹង ក៏មិនស្អប់ខ្ពើមអីដែរព្រោះគាត់ជាមនុស្សល្អហើយគាត់ដឹងថាខ្ញុំមិនចេះរញ៉េរញ៉ៃនឹងរឿងស្នេហាទេ ហើយបើគេស្រលាញ់យើងស្មោះមែន គេនឹងតាមយើងច្រើនឆ្នាំ ទោះបីជាយើងមិនរវល់នឹងគាត់ក៏ដោយ(សើច)"។
អន រ៉ាស៊ីសុមេត្តា ហៅNo More មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ នាងតារាសម្ដែងមួយរូបដែលធ្លាប់បានថតស្ប៉តពាណិជ្ជកម្ម Beeline ទឹកផ្លែឈើ Freshie និងភាពយន្តមួយចំនួន ដូចជារឿង "ក្រឡអីហ្នឹង" វគ្គ១ និងវគ្គ២ និងសម្ដែងខារ៉ាអូខេមួយចំនួនទៀត។ ថ្មីៗនេះ នាងទើបក្លាយជាពិធីការនីនៅប៉ុស្តិ៍ទូរទស្សន៍ថ្មីមួយទៀត ដែលគ្រោងនឹងដំណើរការនាដើមខែមេសានេះ៕
អត្ថបទ៖ ថា ម៉ាលីដា