ទស្សនានិងភ្លក់ម្ហូបខ្មែរ៧០មុខល្បីៗតាមខេត្ត ក្នុងពិព័រណ៍នៅស្តាតអូឡាំពិកសប្ដាហ៍ក្រោយនេះ
- 2015-03-29 20:49:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនានិងភ្លក់ម្ហូបខ្មែរ៧០មុខល្បីៗតាមខេត្ត ក្នុងពិព័រណ៍នៅស្តាតអូឡាំពិកសប្ដាហ៍ក្រោយនេះ
ចន្លោះមិនឃើញ
រាត្រីពិព័រណ៍ម្ហូបអាហារខ្មែរដ៏ធំបំផុតប្រចាំឆ្នាំ របស់អង្គការភាពញញឹមនៃកុមារ PSE នឹងនាំយកម្ហូបខ្មែរល្បីៗ ប្លែកៗចំនូន ៧០មុខ ប្រចាំខេត្តក្រុងនានាជុំវិញកម្ពុជា ដាក់តាំងបង្ហាញនិងលក់ជូនពិសាដើម្បីប្រមូលថវិកាសប្បុរសធម៌ទៅផ្គត់ផ្គង់អាហារប្រចាំថ្ងៃដល់កុមារក្រីក្រនៅក្នុងអង្គការចំនួន ១០ម៉ឺនពេល។
ពិព័រណ៍ម្ហូបខ្មែររយៈពេល២ថ្ងៃនេះ នឹងធ្វើនៅរាត្រីថ្ងៃទី ៣និង៤មេសាសប្ដាហ៍ក្រោយ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង៥ល្ងាច ដល់យប់ជ្រៅ។ ក្រៅពីការតាំង និងលក់នំចំណី ម្ហូបខ្មែរឆ្ងាញ់ៗ មានទាំងម្ហូបល្បីៗតាមតំបន់ខ្លះដែល គេមិនធ្លាប់ឮមិនធ្លាប់ទទួលទាននោះ ព្រឹត្តិការណ៍សប្បុរសធម៌ដែលគាំពារការរស់នៅក្មេងក្រីក្រនៅ PSE ជាង៧ពាន់នាក់នេះ នឹងមានការសម្ដែង សិល្បៈ របាំបូរាណ និងចម្រៀងសម័យ ឲ្យភ្ញៀវចូលរួមអាចកម្សាន្តសប្បាយ រាំរែកទៀតផង។
លោក អ៊ុក សុវណ្ណ នាយករងកម្មវិធីអង្គការដើម្បីភាពញញឹមនៃកុមារ ថាកម្មវិធីដែលទទួលការគាំទ្រពីភ្ញៀវជាតិនិងអន្តរជាតិជិតមួយម៉ឺននាក់កាលឆ្នាំមុនមួយនេះ គឺ
ពិព័រណ៍ម្ហូបខ្មែរថ្នាក់ជាតិ និង តំបន់ ដែលផ្សព្វផ្សាយម្ហូបខ្មែរ។ ម្ហូបខ្មែរសម្បូរបែប គឺជាតម្លៃនៃវប្បធម៌រស់នៅរបស់ប្រជាជនខ្មែរ នៅតាមតំបន់ផ្សេងៗ តាំងពីយូរយារមក។
លោកថាកម្មវិធីជោគជ័យលុះណាតែមានការចូលរួមពីក្រុមហ៊ុនឧបត្ថម្ភ និងប្រជាជនគ្រប់រូប។ លោកថាគ្មានទេ ទឹកចិត្តសប្បុរសដែលអាចកើនមាន បើពុំមានការចូលរួមទាំងនេះ។ «ដូចពាក្យខ្មែរថា [អ្នកមានរក្សាខ្សត់ ដូចសំពត់បត់ពីក្រោយ] គឺពាក្យខ្មែរដែល ថា អ្នកមាន ជួយអ្នកក្រ។ ពាក្យដែលទូន្មានយូរហើយ គឺយើងមិនអាចរស់នៅសហគមន៍មួយដែលជិតផ្ទះយើងមានអ្នកក្រ យើងអាចសប្បាយចិត្តពេលដែលយើងមានអាហារឆ្ងាញ់ហើយកុមារដទៃគ្មានអីហូបទេ។ គឺ PSE តែងប្រកាន់បែបនេះ»។ លោកពន្យល់ឲ្យការចូលរួមច្រើនពីជនរួមជាតិកម្ពុជា ក្នុងរាត្រីពិព័រណ៍។
ពិព័រណ៍ដើម្បីសប្បុរសធម៌នេះ ទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រុមហ៊ុនឧបត្ថម្ភធំ ថ្នាំលាបខែមភេន និងដៃគូឧបត្ថម្ភជាច្រើនទៀត រួមនឹង Sabay ផង។
លោក សោម សប្បត្តិ អគ្គនាយកក្រុមហ៊ុន ថ្នាំលាបខែមភេន ដែលជាក្រុមហ៊ុនធំគាំទ្រកម្មវិធីតាំងពីឆ្នាំមុន រហូតឆ្នាំនេះនិងឆ្នាំក្រោយទៀតផង ថាកាដែលក្រុមហ៊ុនលោក និងក្រុមហ៊ុនផ្សេងៗ ចូលរួមធ្វើឲ្យកម្មវិធីនេះកើតមានឡើង គឺមិនមែនតែដើម្បីសម្លឹងផលចំណេញត្រលប់វិញទេ។ វាជាការរួមដៃគ្នាបង្កើតសកម្មភាពដើម្បីសង្គម គឺជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនអាជីវកម្មសម្រាប់សង្គម។ «ចុះ ខែមភេន ចូលរួមចង់បានអ្វីត្រលប់មកវិញ? គឺខ្ញុំបញ្ជាក់ថា គឺដើម្បីញ៉ាំងស្មារតីជនរួមជាតិចាប់ផ្ដើមមានគំនិតលះបង់ភាព កំណាញ់ ដើម្បីឲ្យក្លាយជាមនុស្សមានចិត្តទូលាយ មនុស្សចេះជួយគ្នា។ យើងត្រូវចេះជួយគ្នា បើចាំបរទេសគេជួយយើង គេជួយរហូត ឯយើងមិនជួយយើងផង គេឯមានកម្លាំងចិត្តជួយរហូតនោះ»។ លោក សម្បត្តិរៀបរាប់។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថាក្រៅពីលើកកម្ពស់ម្ហូបខ្មែរក្នុងសម័យអាហារបរទេសលុកលុយ កម្មវិធីនេះមានតម្លៃដែលជួយដល់កុមារក្រីក្រ។ អាថ៌កំបាំងម្ហូបខ្មែរជាច្រើនមុខ នឹងបើកបង្ហាញនៅទីនោះ ពិសេសម្ហូបខ្មែរប្លែក ល្បីៗ ដែលគេមិនសូវឬមិនធ្លាប់ឮឬទទួលទានផង។ ប៉ុន្តែលោកក៏សង្កត់លើការយកចិត្តដាក់ផ្ដល់ជូននូវ គុណភាព អនាម័យ ដើម្បីភ្ញៀវជាតិនិងបរទេសទទួលបាននូវអាហារមានសុវត្ថិភាពក្នុងកម្មវិធីនេះ។
ពិព័រណ៍ម្ហូបខ្មែរនឹងចាប់ផ្ដើមពីម៉ោង៥ល្ងាចដល់យប់ជ្រៅថ្ងៃទី៣និង៤មេសាសប្ដាហ៍ក្រោយនៅ ពហុកីឡដ្ឋានជាតិ។ សំបុត្រចូលរួមកម្មវិធី ដែលលក់ដើម្បីប្រមូលថវិកាជួយដល់ការហូបចុកក្មេងៗនៅ PSE ១សន្លឹក៣ដុល្លារ កំពុងដាក់លក់នៅតាមស្ថានីយប្រេង Total ហាងកាហ្វេ Brwon ភោជនីយដ្ឋានទូលូសប្លង់ បណ្ដោយផ្លូវ ប៉ាស្ទ័រ និងមុខពហុកីឡដ្ឋានជាតិ។ ឬទូរសព្ទសាកសួរតាមលេខ ០១៧ ៧៧ ៦១ ៤៤ និង ០៨៦ ៨៤ ៤៤ ១១៕
អត្ថបទ៖ ប៉ែន សុផាន់ណា