កុំកុំ​ថា ​នឹង​ឈប់​សម្ដែង​រឿង​វាយ​តប់​ក្រោយ​ថត​ចប់​រឿង​ "Ip Man 3"

  • 2015-03-30 17:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសន្និសីទកាសែត​មួយ​ក្នុង​​ទីក្រុង​សៀងហៃ​ថ្មីៗ​នេះ តារា​ក្បាច់គុន កុំកុំ បាន​ប្រកាស​ប្រាប់​មហាជន​ថា លោក​នឹង​ដក​ខ្លួន​ពី​ខ្សែ​ភាពយន្ត​បែប​វាយ​ប្រហារ ហើយ " Ip Man 3” អាច​ជា​រឿងចុង​ក្រោយ​របស់​លោក។

 

 

ពេល​បង្ហាញ​មុខ​ក្នុង​​សន្និសីទកាសែត​ Donnie Yen ត្រូវ​គេ​មើល​ឃើញ​ថា មាន​រាងកាយ​ស្គម​បន្តិច ដែល​បញ្ហា​នេះ​តារា​ក្បាច់គុនហុងកុង ​បាន​ពន្យល់​​ថា លោក​​ធ្វើ​តាម​សំណើ ​របស់អ្នកដឹកនាំ​រឿង​ Wilson Yi។ លោក Wilson យល់​ថា ​ក្នុង​ភាពយន្ត​ចុងក្រោយ​នេះ តួអង្គ Ip Man គួរ​តែ​មាន​រាង​ស្គម​​​ថែម​ទៀត​ទើប​ល្អ។

 

ពេល​​សួរ​ថា​ តើ​លោក​នឹង​បន្ត​សម្ដែង ​ខ្សែភាពយន្ត​បែប​វាយប្រហារ ​រហូត​ដល់​ចាស់ឬយ៉ាងណា​នោះ? តារា​សម្ដែង កើត​នៅ​​ទីក្រុង Guangzhou ខេត្ត Guangdong តប​ថា " Ip Man 3” អាច​ជា​ភាពយន្ត​ចុងក្រោយ​របស់​​លោក "ឥលូវ​សំណួរ​សំខាន់​បំផុត​សម្រាប់​ខ្ញុំ គឺ​​មិន​មែន​ថា​រាងកាយខ្ញុំ អាច​សម្ដែង​បាន​ទៀត​ឬ​អត់​នោះ​ទេ តែ​​អ្វី​ដែ​សំខាន់​ថាតើ​ខ្សែភាពយន្ត​​ មាន​អ្វី​ថ្មី​ទៀតឬ​អត់? ម្ល៉ោះហើយ “Ip Man 3" អាច​ជា​រឿង​ចុង​ក្រោយ​របស់​ខ្ញុំ​ហើយ"។

 

តួឯក​រឿង"Dragon Tiger Gate" បញ្ជាក់​បន្ថែម​ថា ពេល​លោក​ធ្វើ​ដំណើរ​ទៅ​បរទេស អ្នកគាំទ្រ​ជាច្រើន​ហៅ​លោក​ថា Ip Man “ ខ្ញុំ​ក្លាយ​ជា​តារា​ល្បី ដោយសារ​​រឿង "Ip Man” ដូច្នេះ​បើ​សិនខ្ញុំ​ឈប់​សម្ដែង ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នៅ​ជាប់​ឈ្មោះ​ជាមួយ​ Ip Man ដដែល"។

 

ប៉ុន្មាន​ឆ្នាំ​មក​នេះ អ្នក​ដឹកនាំ​រឿង​កូន​បី​វ័យ៥១​ឆ្នាំ​ កុំកុំ បាន​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់ លើ​ការ​សម្ដែង​​រឿង "Ip Man"។

 

ថ្មីៗ​នេះ​តារា​សម្ដែង អ្នកដឹកនាំ​រឿង និង​ផលិតករ​​រូប​នេះ បាន​ជ្រើស​រើស​អតីត​កីឡាករ​ប្រដាល់​ទង្ងន់​ធ្ងន់ ម៉ៃ ថៃសាន់ មក​សម្ដែង​ជាមួយ​ក្នុង​រឿង "Ip Man 3” ហើយ​ក្នុង​រឿង​នេះ​ក៏មាន​តួអង្គ លី សៀវឡុង​ផង​ដែរ។  ភាពយន្ត​នេះនឹង​មាន​ចាក់​បញ្ចាំង​ នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន ឆ្នាំ​២០១៦៕

 

 

ស្អែក Mike Tyson ទៅចិន​ថត​រឿង “Ip Man 3” របស់​​កុំកុំ​

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars