លោក​ជំទាវ​អូបាម៉ា មក​កម្ពុជា អស់​ថ្លៃ​សណ្ឋាគារ​ជាង ២៤​ម៉ឺន​ដុល្លារ

  • 2015-03-31 17:28:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​វប្បធម៌​ជា​ផ្លូវការ​រយៈ​ពេល ៣​ថ្ងៃ ២យប់ របស់​លោក​ជំទាវ​ទី​មួយ​សហរដ្ឋ​អាមេរិក មីស៊្ហែល អូបាម៉ា មក​កម្ពុជា ថ្លៃ​សណ្ឋាគារ​ត្រូវ​ចំណាយ​អស់ ២៤២ ៥០០​ដុល្លារ។ នេះ​បើ​តាម​កិច្ច​សន្យា​រដ្ឋាភិបាល​ដែល​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រ និង​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Washington Free Beacon របស់​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

 

 

លោក​ជំទាវ​អូបាម៉ា និង​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​សហរដ្ឋអាមេរិក បាន​ស្នាក់នៅ​សណ្ឋាគារ Sofitel Angkor Phokeethra ដែល​មាន​ទីតាំង​ក្នុង​ខេត្ត​សៀមរាប។ ដំណើរ​ទស្សនកិច្ច​នេះ ត្រូវការ​បន្ទប់​គេង​គ្រែ​មួយ​​ដល់​ទៅ៨៥ បន្ទប់​គេង​ធំ​៥ បន្ទប់​ការិយាល័យ៥ និង​សាល​សន្និសីទ​មួយ សម្រាប់​រយៈ​ពេល ១៤​ថ្ងៃ ខណៈ​លោក​ជំទាវ​អូបាម៉ា ស្នាក់​នៅ​ត្រឹម ២​ថ្ងៃ​ប៉ុណ្ណោះ។ ​

 

ក្រៅ​ពី​ចំណាយ​ខាង​លើ ឯកសារ​បាន​បង្ហាញ​ពី​ចំណាយ​ផ្សេង​ទៀត​សម្រាប់​សណ្ឋាគារ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​មាន​ដូចជា​ Raffles Grand Hotel d’Angkor (៩០០០​ដុល្លារ) និង​សណ្ឋាគារ Victoria Angkor Resort and Spa។ ចំណែក​កិច្ចសន្យា​ទីបី មាន​តម្លៃ ៣២៣០​ដុល្លារ ធ្វើ​ឡើង​ជាមួយ​សណ្ឋាគារ Park Hyatt សម្រាប់​ប្រារព្ធ​ព្រឹត្តិការណ៍​​កម្មវិធី Peace Corps។

 

 

អំឡុង​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៥ នេះ លោក​ជំទាវ​ទី​មួយ មីស៊្ហែល អូបាម៉ា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​វប្បធម៌​ជា​ផ្លូវការ​លើក​ដំបូង​របស់​ខ្លួន​មក​កាន់​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​នេះ ផ្ដោត​ទៅលើ​ការ​ផ្សព្វផ្សាយ​គំនិត​ផ្ដួចផ្ដើម​អប់រំ​ស្ត្រី​ជា​អន្តរជាតិ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា “Let Girls Learn”។ គំនិត​ផ្ដួចផ្ដើម​នេះ រៀប​ចំ​ឡើង​ដោយ​លោក​ជំទាវ មីស៊្ហែល អូបាម៉ា ​និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ស្រប​ពេល​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ ដែល​បាន​ធ្វើឡើង​នៅ​ជុំវិញ​ពិភពលោក ក្រោម​ការ​ជួយ​គាំទ្រ​ពី​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន៕

 

ចុចអាន៖ ​ព័ត៌មាន​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​លោក​ជំទាវ មីស៊្ហែល អូបាម៉ា មក​កម្ពុជា

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ freebeacon​