“Furious 7” នឹងចាក់បញ្ចាំងនៅថៃវិញក្រោយ Tony Jaa ឈ្នះក្ដី
- 2015-03-31 19:00:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Furious 7” នឹងចាក់បញ្ចាំងនៅថៃវិញក្រោយ Tony Jaa ឈ្នះក្ដី
ចន្លោះមិនឃើញ
ក្រោយតុលាការថៃដាក់វិធានការហាមមិនឱ្យមានការចាក់បញ្ចាំង រឿង "Fast & Furious 7" នៅខែមេសា ដែលមានតួអង្គកែងឆេះជង្គង់ហោះ Tony Jaa ចូលរួមសម្ដែង ពេលនេះតារាវាយតប់ធាក់រូបនេះបានបង្ហោះលើទំព័រ Facebook របស់ខ្លួនថា ភាពយន្តជាស៊េរីប្រណាំងរថយន្ត និងបាញ់ប្រហារនេះនឹងចាក់បញ្ចាំងពេលឆាប់ៗខាងមុខវិញហើយ។
មិនទាន់មានព័ត៌មានពីប្រភពផ្លូវការណាមួយបញ្ជាក់ពីដំណឹងដ៏រីករាយសម្រាប់ទស្សនិកជនថៃនេះនៅឡើយ។ តែទំព័រ Facebook របស់ Tony Jaa បានបញ្ជាក់ដូច្នេះ៖ "រឿងពិតបានលាតត្រដាង ហើយតុលាការថៃបានប្រកាសសាលក្រម។ ខ្ញុំចង់សម្ដែងការគោរព អរគុណ និងកោតសរសើរចំពោះតុលាការថៃ និងប្រព័ន្ធយុត្តិធម៌ថៃ។ ខ្ញុំតែងជឿជាក់ថា ការពិត និងយុត្តិធម៌នឹងឈ្នះ។ ខ្ញុំរីករាយដែល "Fast 7” (“Furious 7) នឹងចាក់បញ្ចាំងនៅក្នុងប្រទេសថៃ ហើយប្រជាជនថៃសមនឹងទទួលឱកាសមើលរឿងនេះ។ សូមគោរពពី L.A. ពីការបញ្ចាំងរឿង "Fast 7” (“Furious 7) លើកដំបូង។ សូមសំណាងល្អ TJ”។
សូមបញ្ជាក់ថា មុននេះតុលាការថៃចេញវិធានការមិនឱ្យមានការបញ្ចាំងរឿង “Fast & Furious 7” ក្នុងប្រទេសថៃដោយសារភាគីដើមបណ្ដឹងគឺ ផលិតកម្ម Sahamongkol Film International ដែលជាទ្រនំចាស់របស់កែងឆេះជង្គង់ហោះចោទប្រកាន់ថា តារាថៃរូបនេះបានល្មើសកិច្ចសន្យា ទៅថតឱ្យផលិតកម្មបរទេសគឺ Universal Pictures ទាំងមិនទាន់ចប់កុងត្រា។ ពាក់ព័ន្ធករណីរំលោភកិច្ចសន្យានេះ ដើមបណ្ដឹងបានទារសំណងពី ចារភ្នំ យ៉ីរ៉ាំ ឬ Tony Jaa ចំនួន ១,៦ពាន់លានបាត (ប្រហែលជាង ៤៩លានដុល្លារអាមេរិក)។ វិធានការនេះបានទទួលការរិះគន់យ៉ាងខ្លាំងពី Fan ថៃដែលចង់ទស្សនាភាពយន្តដែលតារាសំណព្វចិត្តរបស់ខ្លួនសម្ដែង ព្រមទាំងបង្កើតទំព័រ Facebook ប្រឆាំងនឹងបណ្ដឹងរបស់ផលិតកម្ម Sahamongkol Film International ទៀតផង៕
អាន៖ អ្នកគាំទ្រ Tony Jaa នាំគ្នាតវ៉ាឱ្យតុលាការបញ្ចាំងរឿង Fast & Furious 7
អត្ថបទ៖ សីហា ប្រភព៖ Facebook Tony Jaa