តារា​ចម្រៀង​ល្បី​ៗ​​រួម​គ្នា​បង្កើត​វិបសាយ​​​​ស្តាប់​​​​ចម្រៀង​​ដើម្បី​រក​ចំណូលខ្លួន​ឯង

  • 2015-04-01 17:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ៗ​លំដាប់​ពិភពលោក​ជា​ច្រើន​រូប​បាន​រួម​គ្នា បង្កើត​វិបសាយ​ផ្ដល់​សេវាកម្ម​ស្ដាប់​ចម្រៀង​ធំ​មួយ​ គឺ​វិបសាយ Tidal.com ដែល​ជា​វិបសាយ​ដំបូង​ដែល​បង្កើត​ដោយ​សិល្បករ​ផ្ទាល់។

 

 

នៅ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​វិបសាយ​ថ្មី​នេះ​កាល​ពី​ថ្ងៃ​ចន្ទ នៅ​មជ្ឈមណ្ឌល Skylight ទីក្រុង Manhattanតារា​ចម្រៀង​ល្បី​ៗ​ដូច​ជា Madonna, Beyonce, Kanye West, Rihanna, Usher, Nicki Minajនិង​តារា​ល្បី​ៗ ១០​រូប​ទៀត បាន​ប្រកាស​ថា​ពួក​គេ​គឺ​ជា​ម្ចាស់​របស់​វិបសាយ​នេះ​ទាំង​អស់​គ្នា។

 

​វិបសាយ Tidal បាន​បង្កើត​ឡើង​ដំបូង​កាល​ពី​ខែ​តុលា ឆ្នាំ២០១៤ ប៉ុន្តែ​តារា​ចម្រៀង Jay Z បាន​ទិញ​យក​នា​ពេល​ថ្មី​ៗ​នេះ ដែល​គេ​រំពឹង​ថា​វិបសាយ​ថ្មី​នេះ​នឹង​អាច​ប្រកួត​ប្រជែង​ជាមួយ​វិបសាយ​ស្ដាប់​ចម្រៀង​ធំ​ៗ​ផ្សេង​ទៀត ដូច​ជា Spotify, Deezer និង Google Play។ ប៉ុន្តែ​បច្ចុប្បន្ន Tidal មាន​បទ​ចម្រៀង​ ២៥លាន​បទ​ ខណៈ​វិបសាយ​ដទៃ​មាន​បទ​ចម្រៀង​ច្រើន​ជាង ៣០លាន​បទ។

 

សម្រាប់​តម្លៃ​សេវាកម្ម​ក្នុង​មួយ​ខែ អ្នក​លេង​អ៊ីនធឺណិត​ត្រូវ​ចំណាយ ៩,៩៩ដុល្លារ​អាមេរិក ​សម្រាប់​ការ​ស្ដាប់​ធម្មតា និង​១៩,៩៩ដុល្លារ​សម្រាប់​កញ្ចប់​ពិសេស ដែល​មាន​បទ​ចម្រៀង​ច្បាស់​ល្អ។​

 

 

តារា​ចម្រៀង Alicia Keys បាន​និយាយ​តំណាង​ឲ្យ​សិល្បករ​ទាំង​អស់​ថា "ពួក​យើង​មក​ជួបជុំ​គ្នា​ថ្ងៃ​នេះ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​សង្ឃឹម​ថា​នឹង​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង។ គោល​បំណង​​ពួក​យើង​គឺ​ដើម្បី​រក្សា​តម្លៃ​បទ​ចម្រៀង​ក្នុង​ជីវិត​របស់​ពួក​យើង"។​

 

នេះ​គឺ​ជា​កំណែប្រែ​ថ្មី​មួយ​ក្នុង​ផលិតកម្ម​ចម្រៀង​​ដែល​កន្លង​មក​សិល្បករ​ភាគ​ច្រើន​អាច​​ចូលរួម​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​គ្រប់គ្រង និង​ចែកចាយ​ស្នាដៃ​របស់​ពួក​គេ។

 

​តារា​ចម្រៀង Jay Z ​បាន​រៀប​ចំ​យុទ្ធសាស្ត្រ​ថ្មី​ៗ រួម​ទាំង​​ការ​តម្រូវ​ឲ្យ​ផលិតកម្ម​របស់​តារា​ចម្រៀង​នីមួយ​ៗ ផ្ដល់​បទ​ចម្រៀង​ថ្មី​ឲ្យ​វិបសាយ Tidal មួយ​សប្ដាហ៍​មុន​ពេល​ចេញ​លក់។ ស្វាមី​របស់​តារា​ចម្រៀង Beyonce រូប​នេះ បាន​ប្រាប់​ទស្សនាវដ្ដី Billboard ថា "ពួក​យើង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ធ្វើ​ទីផ្សារ​លើ​បទ​ចម្រៀង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ហើយ​យើង​គិត​ថា​យើង​អាច​ចូលរួម​ផ្ទាល់​ដើម្បី​ធ្វើ​ឲ្យ​ការងារ​នេះ​កាន់​តែ​មាន​តម្លា​ភាព។ វា​អាច​​កាត់​បន្ថយ​ចំណូល​អ្នក​មិន​សូវ​​ពាក់ព័ន្ធ ប៉ុន្តែ​វា​នឹង​បង្កើន​ចំណូល​សម្រាប់​ពួក​យើង​ជា​អ្នក​សិល្បៈ ដូច្នេះ​វា​ពិត​ជា​អស្ចារ្យ" ៕

 

 

វីដេអូ​ពី​កម្មវិធី​សម្ពោធ​វិបសាយ Tidal កាល​ពី​ថ្ងៃ​ចន្ទ៖

 

 

វីដេអូ​ផ្សព្វផ្សាយ​វិបសាយ Tidal៖

 

ចុចអាន៖ចម្រៀង​១០​បទ ល្បី​បំផុត​លើ​តារាង Billboard សប្ដាហ៍​នេះ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ bbc