ទ្រី សក្កដា អ្នក​និពន្ធ Original Song ៖ ដោយ​សារ​ការ​មើលងាយ​ទើប​ខ្ញុំ​មាន​ថ្ងៃ​នេះ

  • 2015-04-02 17:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រី សក្កដា អ្នក​និពន្ធ​និយម​ធ្វើ​បទ​ចម្រៀង Original Song ដែល​ទើប​ចាប់​អាជីព​ជា​អ្នកនិពន្ធ​ចម្រៀង​អាជីព​ជាមួយ​ផលិតកម្ម ​Mega​ Studio ថ្មី​ៗ​នេះ បាន​បញ្ជាក់​ថា អាជីព​មួយ​នេះ​កើត​ឡើង ក្រោយ​ទទួលរង​ការ​រិះគន់​ពី​មនុស្ស​មួយ​ចំនួន។

 

 

ការ​រិះគន់​ទាំង​នោះ កើត​ឡើង​ក្រោយ​លោក​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "ប៉ា​ម៉ាក់​ខ្ញុំ​ជា​មនុស្ស​អស្ចារ្យ​ជាង​គេ"។ សក្កដា ថ្លែង​ថា "បន្ទាប់​ពី​ចេញ​បទ​នេះ ស្រាប់​តែ​មាន​អ្នក​រិះគន់​ថា ខ្ញុំ​ថា ជា​អ្នកស្រែ​មក​ពី​តាម​ខេត្ត​សោះ មក​ធ្វើ​ជា​អ្នកនិពន្ធ​អី​...តែ​ខ្ញុំ​អត់​ខ្វល់ រឹត​តែ​ប្រឹង ទើប​មាន​ថ្ងៃ​នេះ!"។

 

អ្នកនិពន្ធ​វ័យ​ក្មេង​រូប​នេះ មិន​បាន​បញ្ជាក់​ថា អ្នក​ណា​ជា​អ្នក​រិះគន់​ទេ តែ​ថា ការ​រិះគន់​មិន​សំដៅ​លើ​ទឹក​ដី​និពន្ធ​របស់​លោក​ទេ តែ​ដូច​ជា​ដោយ​សារ​ច្រណែន​ច្រើន​ជាង។ ដូច្នេះ​ហើយ ទើប​លោក មិន​ខ្វល់ និង​មិន​អាក់អន់​ស្រពន់​ចិត្ត​អ្វី​ឡើយ គឺ​មាន​តែ​ខំប្រឹង​ជំនះ​ឆ្ពោះ​មក​រក​ភាព​ជោគជ័យ​នៅ​លើ​វិថី​សិល្បៈ​បន្ត​ទៀត។ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ លោក​ផលិត​បាន​ប្រហែល​ជា​ង១០​បទ​ទៀត សុទ្ធ​តែ​ជា​បទOriginal Song មាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ឬ Youtube។

 

បទ​ទាំង​នោះ មាន​ដូច​ជា ”Forever​ Alone” "ឈ្លោះ​គ្នា​ដើម្បី​អ្វី”  "ទិញ​ផ្កា​ជូន​ខ្លួន​ឯង” និង​បទ​ "សុចិ​បុលិ" ទើប​ចេញ​ថ្មី​ៗ​សម្ដែង​ជាមួយ PeyPey Dy ដោយ​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​មិត្ត​ៗ​យុវវ័យ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក។ ទ្រី សក្កដា ថ្លែង​ថា លោក​ពិត​ជា​រីករាយ​ណាស់ ដែល​បទ​ចម្រៀង​របស់​លោក​មាន​ការ​ទទួល​ស្គាល់ និង​មាន​អ្នក​ចូល​មើល​ច្រើន។

 

 

ថ្មី​ៗ​នេះ លោក សក្កដា ទើប​ត្រូវ​បាន​ផលិតកម្ម​ក្នុង​ស្រុក​មួយ​គឺ Mega Studioហៅ​លោក​ទៅ​ធ្វើជា​អ្នក​និពន្ធ​ថែម​ទៀត​ផង។ អ្នកនិពន្ធ​មក​ពី​ខេត្ត​ព្រះវិហារ​រូប​នេះ ថ្លែង​ថា លោក​សូម​អរគុណ​នូវ​ពាក្យ​រិះគន់​និង​មើល​ងាយ​ពីមុន​ៗ​មក​ ព្រោះ​នោះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​លោក​មាន​ថ្ងៃនេះ។ ​ ម្ចាស់​បទ "ទិញ​ផ្កា​ជូន​ខ្លួន​ឯង" រូប​នេះ បញ្ជាក់​ថា បទ​ចម្រៀង​របស់​លោក​ដែល​និពន្ធ​ពី​មុន​ៗ​មក​នឹង​ដាក់​បញ្ចូល​ក្នុង​ផលិតកម្ម Mega Studioរួម​ទាំង​បទ​និពន្ធ​ថ្មី​មួយ​ចំនួន​ផង នឹង​ចេញ​លើ​ទីផ្សារ​ឆាប់​ៗ៕

 

 

 

 

 

( រូបភាព៖ FB សក្កដា)

 

 

អត្ថបទ៖ ថា ម៉ាលីដា